Homeless World Cup ​កម្ពុជា ​ឈ្នះ​អាហ្សង់ទីន ១-០ ​ម្សិលមិញ

  • 2016-07-12 17:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់ Homeless World Cup 2016 ​កាល​ពី​ម្សិលមិញ​នេះ ក្រុម​តំណាង​ឱ្យ​កម្ពុជា ​បាន​យក​ឈ្នះ​ក្រុម​យុវជន​របស់​អាហ្សង់ទីន​ដោយ​លទ្ធផល ១-០ ​ក្នុង​ប្រកួត​ទី​២​របស់​ខ្លួននៅ​ទីក្រុង Glasgow ប្រទេស​ស្កុតឡែន​។

 

 

ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​នេះ កម្ពុជា​ស្ថិត​ក្នុង​ពូល G ​ជាមួយ​ក្រុម​៥​ប្រទេស​ផ្សេង​ទៀត ខណៈ​ដែល​ក្រុម​កម្ពុជា​ប្រកួត​បាន​២​ប្រកួត​មក​ហើយ ដោយ​ប្រកួត​បើក​ឆាក​ចាញ់​ក្រុម​ឥណ្ឌា ​ដោយ​លទ្ធផល ៦-៥ ​ហើយ​កាល​ពី​ម្សិលមិញ​ឈ្នះ​ក្រុម​អាហ្សង់ទីន ១-០ ។

 

កម្ពុជា​នឹង​សល់​៣​ប្រកួត​ទៀត ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​មិចសិកូ ឥណ្ឌូនេស៊ី ​និង​ក្រុម ប៊ូរគីណាហ្វាសូ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល G ​នេះ។ ខណៈ​ដែល​ពាន​រង្វាន់​នេះ ​ដំណើរ​រហូត​ដល់​ថ្ងៃ​ទី​១៦​ទើប​បញ្ចប់ ហើយ​មាន​៤៨​ក្រុម​ចូល​រួម​ផ្នែក​បុរស និង​១៦​ក្រុម​ចូល​រួម​ផ្នែក​នារី។

 

 

កម្ពុជា​បញ្ចូន​កីឡាករ​ទៅ​តែ​មួយ​ផ្នែក​ទេ គឺ​ផ្នែក​បុរស ដោយ​មាន​ការ​ជ្រោមជ្រែង​ទាំង​ស្រុង​ពី​សំណាក់​ក្រុមហ៊ុន​ទូរសព្ទ​ Smart ​ហើយ​ក្រុម​ដែល​ទៅ​នោះ​ក៏​មាន​ឈ្មោះ​ថា ក្រុម​ស្មាត​កម្ពុជា។

 

 

ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ បង្កើត​ឡើង​ដើម្បី​បញ្ចប់​នៅ​ភាព​អនាថា ​និង​មាន​​គោល​បំណង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ជនអនាថា​ទាំង​អស់ ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ។ Homeless World Cup ​ដំណើរ​ការ​តាម​រយៈ​បណ្ដាញ​នៃ​ដៃ​គូ​ជាង​៧០​ប្រទេស ហើយ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​១៤​ហើយ។

 

ចំពោះ​រូបមន្ត​ការ​ប្រកួត​វិញ ត្រូវ​បាន​ផ្អែក​ទៅ​លើ​ច្បាស់​របស់ FIFA ​ប៉ុន្តែ​ត្រូវ​បាន​លេង​លើ​ទីលាន​តូច​ជាង​ទីលាន​ធម្មតា ដែល​មាន​ទំហំ​ជិត​ស្មើ​នឹង​ទំហំ​ទីលាន​បាល់ទាត់​ហ្វូតសាល។ ការ​ប្រកួត​មាន​រយៈ​ពេល​១៤​នាទី ដោយ​មួយ​តង់​ៗ​មាន​៧​នាទី អាច​សម្រាក​បាន​១​នាទី។ ក្រុម​នីមួយ​ៗ​ដែល​ចុះ​ឈ្មោះ​ប្រកួត អាច​ដាក់​កីឡាករ​ច្រើន​បំផុត​៨​នាក់ ហើយ​ការ​ប្រកួត​មាន​កីឡាករ​ក្នុង​ទីលាន​៤​នាក់ ៤​នាក់​ទៀត​នៅ​ក្រៅ​ទី​លាន អាច​ផ្លាស់ប្ដូរ​បាន​តាម​ចិត្ត៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ BBC

អត្ថបទពេញនិយម