តារា​ស្រី ដួង ម៉ាណា ប្រកាស​គម្រោង​ថ្នាំ​ពេទ្យ​ទៅ​ខេត្ត​ចំនួន​៣

  • 2016-07-14 17:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​សម្ដែង និង​ជា​ពិធីការិនី ដួង ម៉ាណា បាន​ប្រកាស​ពី​គម្រោង​ថ្នាំ​ពេទ្យ​ថ្មី​មួយ ត្រៀម​នាំ​យក​ទៅ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​តាម​ខេត្ត​មួយ​ចំនួន។

 

គម្រោង​នេះ ត្រៀម​យក​ទៅ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ភូមិ​ឃុំ​មួយ​ចំនួន​នៃ​ខេត្ត កំពង់ស្ពឺ តាកែវ កណ្ដាល និង​អាច​ដល់​ខេត្ត​ពោធិ៍សាត់​ទៀត។ គម្រោង​ថ្នាំ​ពេទ្យ​នេះ ម៉ាណា ទទួល​បាន​មូលនិធិ​ពី​ក្រុម​វេជ្ជបណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក​មួយ​ក្រុម ដែល​មួយ​ឆ្នាំ​ម្ដង ក្រុម​គ្រូពេទ្យ​ទាំង​នោះ ចុះ​មក​ផ្ដល់​មូលនិធិ​ម្ដង។

 

 

“តាម​ពិត​ទៅ ក្នុង​គម្រោង​នេះ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​សម្រប​សម្រួល និង​ចង្អុល​បង្ហាញ​ថា កន្លែង​ដែល​គួរ​ពួក​គាត់​ទៅ...ហើយ​គម្រោង​​នេះ គឺ​មាន​ការ​ផ្ដល់​ជូន​ថ្នាំ​ពេទ្យ បូក​រួម​ទាំង​ការ​ពិនិត្យ និង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ផង"។ ម៉ាណា បន្ថែម។

 

ម្ចាស់​ហាង​លក់​គ្រឿង​សង្ហារិម "Mana Furniture ​រូប​នេះ គ្រោង​នាំ​ជំនួយ​ទាំង​នេះ ទៅ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ​មួយ​ចំនួន​នៃ​ខេត្ត​ខាង​លើ ចាប់​ផ្ដើម​ថ្ងៃ​ទី ២៤ កក្កដា​នេះ ក្នុង​គោល​បំណង​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​ឡាយ ​ទទួល​បាន​សុខភាព​ល្អ តាម​រយៈ​ជំនួយ​សប្បុរសធម៌​មួយ​នេះ។

 

គម្រោង​ថ្នាំ​ពេទ្យ គឺ​ជា​គម្រោង​បន្ថែម​មួយ​ទៀត បន្ទាប់​គម្រោង​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​គ្រួសារ​របស់ ដួង ម៉ាណា ដែល​ជា​រឿយ​ៗ ពិសេស​គឺ​ថ្ងៃ​ចុង​សប្ដាហ៍ នាង​តែង​ចុះ​ទៅ​បង្រៀនក្មេង​ៗ​ពី​​ភាសាអង់​គ្លេស សីលធម៌ អនាម័យ បណ្ដុះ​គំនិត​ស្រឡាញ់​រាប់​អាន​គ្នា និង​បណ្ដុះ​បណ្ដាល​ជំនាញ​ធ្វើ​គ្រឿង​សង្ហារិម​ពី​ផ្ដៅ​ដល់​ពលរដ្ឋ​ក្រីក្រ ក្នុង​ភូមិ​ស្រុក​មួយ​ចំនួន​ផង ឲ្យ​ពួក​គេ​មាន​បំណិន​ជីវិត និង​ទទួល​បាន​ចំណូល​បន្ថែម។

 

 

គម្រោង​ដែល​បាន​ចាប់​ផ្ដើម​ប្រមាណ​ជា ៣​ឆ្នាំ​មក​ហើយ​នោះ នៅ​តែ​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ ដោយ​ក្នុង​នោះ នាង​ថែម​ទាំង​បាន​ទៅ​បង្កើត​រោង​សិប្បកម្ម​ផលិត​គ្រឿង​សង្ហារិម​ធ្វើ​ពី​ផ្ដៅ​នៅ​ក្នុង​ខេត្ត​ខ្លះ​ផង។ ថៅកែ​ស្រី​វ័យ​ក្មេង​រូប​នេះ អះអាង​ថា នាង​នឹង​នៅ​តែ​បន្ត​សកម្មភាព​ចំពោះ​គម្រោង​ទាំង​ពីរ​រហូត ​ដរាប​ណា​នាង​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា៕

 

អត្ថបទ៖ ទារិកា