ថៃ ធ្លាក់​តំណែង​​ហើយ មិនមែន​ជាទីផ្សាររថយន្តធំទី២ នៅអាស៊ានទៀតឡើយ

  • 2024-05-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាឡេស៊ី បាន​វ៉ាដាច់​ប្រទេសថៃ ក្នុងការក្លាយជាទីផ្សាររថយន្ត​ធំបំផុត​ទី២ នៅអាស៊ាន បន្ទាប់ពី​ប្រទេស​ឥណ្ឌូណេស៊ី។ ការធ្លាក់តំណែង​របស់​ប្រទេសថៃនេះ កំពុង​បានធ្វើឱ្យតំបន់​មួយនេះ ក្លាយជាសមរភូមិ​ដ៏ក្តៅគគុក សម្រាប់​ការផលិត​រថយន្ត។ នេះបើតាមការចុះផ្សាយ​របស់​ Nikkei Asia កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២៤។

ការចុះផ្សាយរបស់​សារព័ត៌មាន​ជប៉ុននេះ គឺដកស្រង់ចេញពីទិន្នន័យ​របស់ឧស្សាហកម្ម​រថយន្ត​ក្នុងប្រទេសទាំងបីនេះ ព្រមទាំងទិន្នន័យពី ប្រទេសវៀតណាម និងហ្វីលីពីនផងដែរ គិតចាប់ពីខែមករា ដល់ មីនា ឆ្នាំ​២០២៤។

បើតាម​សមាគមយានយន្ត​ម៉ាឡេស៊ី បាន​ឱ្យដឹងថា ការលក់​បាន​កើនឡើង​ ៥% នៅក្នុងត្រីមាសទី១ ស្មើនឹង​ចំនួនជាង ២០,២២ម៉ឺនគ្រឿង។ កំណើននៃការលក់រថយន្តនេះ ក៏ដោយ​សារតែការបន្ធូរបន្ថយពន្ធ​សម្រាប់​រថយន្តដែលផលិតក្នុងស្រុក​ ជាពិសេស​ប្រេនរថយន្តក្នុងស្រុក Perodua និង Proton ដែល​មានចំណែកទីផ្សារដល់ ៦០% ឯណោះ។

ចំណែក​ការ​លក់​រថយន្ត​នៅក្នុងប្រទេសថៃវិញ បាន​ធ្លាក់ចុះ ២៥% នៅត្រីមាសទី១ ឆ្នាំនេះ។ ការធ្លាក់ចុះនេះ បានចាប់ផ្តើម​ឡើង​តាំងពីខែមិថុនា ឆ្នាំ​២០២៣មកម្ល៉េះ។ ក្នុងនោះមានមូលហេតុធំមួយ​ដែលពាក់ព័ន្ធ​នឹង​បញ្ហា​កម្ចី​ទិញរថយន្ត។ យ៉ាងណាក៏ដោយ ទីផ្សារ​រថយន្តអគ្គិសនី​ក្នុងប្រទេសនេះ បានកើនឡើង ដោយសារតែការចូលមក​របស់ក្រុមហ៊ុនចិន៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម