មាស សុខសោភា ទៅច្រៀងនៅសៀមរាបមិនយកកម្រៃមួយរៀល
- 2016-07-26 17:21:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស សុខសោភា ទៅច្រៀងនៅសៀមរាបមិនយកកម្រៃមួយរៀល
ចន្លោះមិនឃើញ
មាស សុខសោភា នឹងចូលរួមច្រៀងក្នុងកម្មវិធីសប្បុរសធម៌មួយនៅខេត្តសៀមរាបដោយមិនយកកម្រៃមួយរៀល ដើម្បីរកលុយជួយដល់កុមារកំព្រា ៣០ នាក់កំពុងរស់នៅអង្គការខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ។
កម្មវិធីសប្បុរសធម៌នេះគ្រោងរៀបចំឡើងនៅថ្ងៃទី៦សីហាខាងមុខនៅភោជនីយដ្ឋានមួយក្នុងក្រុងសៀមរាប។ បើតាម ឌីជេ ក្ដឹប ដែលជាអ្នកចូលរួមផ្ដួចផ្ដើមកម្មវិធីផងនោះប្រាប់ Sabayថា វត្តមានរបស់ មាស សុខសោភា មិនមានគិតកម្រៃហើយ ថែមទាំងចំណាយលុយទិញសំបុត្រចូលរួមបរិច្ចាគដល់សមាគមទៀតផង។
“ដោយសារខ្ញុំអត់ដែលមានកម្មវិធីផ្ទាល់ខ្លួនអីសោះកន្លងមក ហើយលើកនេះក៏អញ្ជើញបង ភា គាត់ក៏ចូលរួមដោយរីករាយ ព្រោះជួយគ្នាម្ដងម្នាក់។ ក្ដឹប ថ្លែងមកកាន់ Sabay។ តារាចម្រៀង Rap ដដែលបន្តថា ក្រៅពី មាស សុខសោភា ក៏មានតារាចម្រៀងមួយចំនួនផ្សេងទៀតចូលរួមផងដែរដូចជាលោក យឹង យន និងសម្ព័ន្ធឌីជេកម្ពុជារបស់លោក Deny Black រួមទាំងអង្គការហ្វាបន្លឺសិល្បៈជាដើម ដែលពួកគេសុទ្ធសឹងតែចូលរួមដោយស្ម័គ្រចិត្តដូចគ្នា។
ឌីជេ ក្ដឹប រំលឹកបន្ថែមថា អង្គការខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមិនមានចំណូលអ្វីក្រៅពីការដាំបន្លែលក់លើទីផ្សារសម្រាប់ចិញ្ចឹមកុមារទាំង ៣០ នាក់នោះទេ។ បច្ចុប្បន្នកំពុងជួបការខ្វះខាតថវិកាមួយចំនួនដើម្បីពង្រីកកសិដ្ឋានបណ្ដុះផ្សិត ហើយកម្មវិធីសប្បុរសធម៌កើតឡើងលើកនេះ គឺជាការឆ្លើយតបចំពោះសំណើរបស់ប្រធានអង្គការ។ ទោះបីជាយ៉ាងណា លោកទើបលក់សំបុត្របានមួយចំនួនប៉ុណ្ណោះ មិនទាន់គ្រប់ចំនួននោះទេ។
Sabay មិនអាចសុំការបញ្ជាក់បន្ថែមបានទេពីតារាចម្រៀង មាស សុខសោភា ដោយទូរសព្ទមិនមានអ្នកទទួល។ បើតាមប្រធានសម្ព័ន្ធឌីជេកម្ពុជា Deny Black បានបញ្ជាក់ថា សមាជិករបស់លោកមួយចំនួនបានចូលរួមទិញសំបុត្រសម្រាប់កម្មវិធីសប្បុរសធម៌នោះរួចហើយ។ លោកអះអាងថា នឹងផ្សព្វផ្សាយដំណឹងនេះបន្តទៀត ដើម្បីស្វែងរកសប្បុរសជនដែលចង់ជួយ៕
អត្ថបទ សំ ជំនាញ