កម្ពុជាបានមេដាយមាសច្រើនគ្រឿងក្នុងកម្មវិធីប្រកួតស្គីទឹកកកមិត្តភាពអន្តរជាតិអាស៊ីឆ្នាំ២០១៦ នៅម៉ាឡេស៊ី
- 2016-08-17 20:56:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាបានមេដាយមាសច្រើនគ្រឿងក្នុងកម្មវិធីប្រកួតស្គីទឹកកកមិត្តភាពអន្តរជាតិអាស៊ីឆ្នាំ២០១៦ នៅម៉ាឡេស៊ី
ចន្លោះមិនឃើញ
ការប្រកួតស្គីទឹកកកមិត្តភាពអន្តរជាតិអាស៊ី នៅម៉ាឡេស៊ី ទើបតែបញ្ចប់ប៉ុន្មានថ្ងៃមុននេះ ដោយប្រព្រឹត្តទៅរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ ១៤ សីហា និងមានកីឡាករចូលរួមប្រកួត ៧២៥ នាក់មកពី ១៣ ប្រទេស ទីលានតំណាង ៣៦ ទីលាន និង ២ ៤១០ ប្រកួត។
ក្លឹប Ice Park កម្ពុជា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនេះជាលើកដំបូង ដោយបញ្ជូនកីឡាករចូលរួមប្រកួត ៧ នាក់ (ស្រី ២ នាក់) ដែលដឹកនាំដោយប្រតិភូគ្រូបង្វឹក ២ រូប គឺលោក បេន ប្លេនហ្វត និងលោក រីកាដូ ណូណាតូ។ ក្រុមកម្ពុជា ត្រូវប្រកួត ៧ ថ្ងៃលើ ១៦ វិញ្ញាសាក្នុងរយៈពេល ៨ ថ្ងៃនៃព្រឹត្តិការណ៍ទាំងមូល។ ការប្រកួតលើ ១៦ វិញ្ញាសាតាមកម្រិត និងអាយុ នោះ រួមមាន៖
· ប្រកួតជាមួយសៀវភៅ ៧ វិញ្ញាសា ដើម្បីរំកិលទៅកម្រិតខ្ពស់ (មានន័យថាប្រកួតតែម្នាក់ឯង ទាល់តែពិន្ទុគ្រប់ ឬលើស ទើបទទួលបានមេដាយ) ហើយកម្ពុជាទទួលបានមេដាយមាស ៧ គ្រឿង ទាំង ៧ វិញ្ញាសា។
· ៩ វិញ្ញាសាទៀត គឺប្រកួតមិត្តភាពអន្តរជាតិ ៤ ប្រទេស និង១ទៀត ក្រុមអន្តរជាតិតំណាងវិទ្យាស្ថានស្គីទឹកកកនៃអាស៊ី។
សរុបចំនួនមេដាយ កម្ពុជាទទួលបានចំណាត់ថ្នាក់ទី១ ចំនួន ៤ គ្រឿង ចំណាត់ថ្នាក់ទី២ ចំនួន ៥ គ្រឿង ចំពោះការប្រកួត ៩ វិញ្ញាសា។ ការប្រកួតជាមួយសៀវភៅ ៧ វិញ្ញាសា ទទួលបានមេដាយមាសចំនួន ៧ គ្រឿង។ កីឡាករតំណាងកម្ពុជាទាំង ៧ រូប រួមមាន កីឡាការិនី ២ រូប គឺឡុង សិរីមុន្នី និង Johanna Lipioកីឡាករ ៥នាក់ គឺ ប៉ែន សម្បត្តិជេសិន, ហុង មៃឃ័រ, ម៉េង មេយ័រ, សេន ប៊ុនធឿន និង Edric Hentry។
លោក បេន ប្លេនហ្វត គ្រូបង្វឹកស្គីទឹកកក និងជាប្រតិភូដឹកនាំក្រុមកីឡាករចូលរួមការប្រកួតនេះ ថ្លែងថា៖ "កម្ពុជានឹងមានលទ្ធផលនៅស៊ីហ្គេម ២០១៧ ត្បិតកីឡាតំបន់អាស៊ានមិនលើសកម្ពុជា"។
ការទទួលបានមេដាយច្រើនដូចនេះ គឺដោយសារតែកម្ពុជាមានភាពខ្លាំងត្រង់ចំណុចបច្ចេកទេសហ្វឹកហាត់ជាមួយគ្រូបង្វឹកដែលមានបទពិសោធន៍យូរឆ្នាំ និងការត្រៀមខ្លួនជាសម្រេចសម្រាប់ការប្រកួតដណ្ដើមមេដាយ ព្រមទាំងមានការលើកទឹកចិត្តជំរុញគាំទ្រពីឪពុកម្ដាយផ្ទាល់ទាំងផ្នែកស្មារតី និងថវិកា។ ឯចំណុចខ្វះខាត គឺត្រង់ថា កីឡាករដែលចូលរួមប្រកួតមានចំនួនតិចជាងប្រទេសជាម្ចាស់ផ្ទះដល់ទៅ ២០ ដង ហើយការចូលរួមប្រកួតលើវិញ្ញាសាក៏តិចទៅតាមនោះដែរ។ ម្យ៉ាងទៀត ការតុបតែងខ្លួនរបស់យើងមិនទាន់អាចវ៉ាដាច់គេនៅឡើយ។
គោលបំណងដែលកម្ពុជាចូលរួមកម្មវិធីនេះ គឺដោយសារជាព្រឹត្តិការណ៍ប្រកួតមួយដ៏ធំដែលមានបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ចិន សហព័ន្ធអារ៉ាប់រួម ជាដើម ដែលធ្វើឲ្យកម្ពុជា កំពុងតែប្រែក្លាយមុខមាត់ថ្មីនៅលើឆាកអន្តរជាតិ។ កីឡាស្គីទឹកកកគឺថ្មីសម្រាប់កម្ពុជា ដូច្នេះកម្ពុជាត្រូវចូលរួមការប្រកួតលើឆាកអន្តរជាតិឲ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងប្រកួតប្រជែងជាមួយប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានចាប់ផ្ដើមមុនយើង។
ព្រឹត្តិការណ៍នេះ ធ្វើឡើងជាលើកទី២ហើយ នៅទីលានស្គីទឹកកក Sunway Pyramid Ice ប្រទេសម៉ាឡេស៊ី ដែលគាំទ្រដោយវិទ្យាស្ថានស្គីទឹកកកនៃអាស៊ី (ISIAsia) និងក្រសួងយុវជន និងកីឡាម៉ាឡេស៊ី ក្នុងគោលបំណងអភិវឌ្ឍវិស័យកីឡារដូវរងាតាមតំបន់អាស៊ីអាគ្នេយ៍ ចិន សហព័ន្ធអារ៉ាប់រួម។
ក្រុមកីឡាករកម្ពុជានេះ នឹងចូលរួមសម្ដែងអបអរថ្ងៃបុណ្យណូអែល នាថ្ងៃទី ២៤-២៥ ធ្នូ ខាងមុខនេះ។ សូមចូលរួមទស្សនា និងគាំទ្រកីឡាករម្ចាស់មេដាយមាស ប្រកួតមិត្តភាពអន្តរជាតិនៅម៉ាឡេស៊ី ឱ្យបានច្រើនកុះករទាំងអស់គ្នា៕
អត្ថបទ៖ ដៃគូសហការ