ថ្ងៃ​សែន​ព្រះ​ខែ​គេ​និយម​ធ្វើ​អ្វី?

  • 2016-09-07 16:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​ពេល​មិន​ដល់​១០​ថ្ងៃ​ទៀត​ទេ បុណ្យ​សែន​ព្រះ​ខែ​នឹង​ឈាន​ចូល​មក​ដល់​ហើយ គឺ​នៅ​ថ្ងៃ ទី​១៥ ខែ​កញ្ញា​ខាង​មុខ​នេះ។ សែន​ព្រះ​ខែ ​គឺ​ជា​ពេល​ជួប​ជុំ​ដ៏​រីករាយ​របស់​​សមាជិក​គ្រួសារ​​ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​ និង​ការ​នឹក​រលឹក​គ្នា។​ មាន​កម្មវិធី​ជា​ច្រើន​​ដែល​ប្រជាជន​ចិន​​តែង​និយម​ធ្វើ​ក្នុង​ពិធី​នេះ​ដូច​ជា៖

 

១.សម្លឹង​មើល​ព្រះ​ចន្ទ​ជាមួយ​គ្នា សម្រាប់​អ្នក​ដែល​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​សែន​ព្រះ​ខែ​ ការ​សម្លឹង​មើល​ព្រះ​ចន្ទ​ពេញ​វង់​ជា​មួយ​គ្នា​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ ព្រោះ​ថា​ពេល​នេះ​ជា​ពេល​ដែល​ព្រះ​ចន្ទ​ស្អាត​បំផុត​ ភ្លឺ​បំផុត​ប្រចាំ​ឆ្នាំ​។​ ក្នុង​អំឡុង​ពេល​ដែល​ប្រជាជន​បួងសួង​ដល់​ព្រះ​ចន្ទ​នេះ​ ពួក​គេ​ក៏​រៀប​ចំ​ផ្លែឈើ និង​នំនែក​មួយ​ចំនួន​ទៀត​ ដោយ​មាន​ជំនឿ​ថា​ គេ​នឹង​ទទួល​បាន​ក្ដី​សុខ​ ជួប​តែ​សំណាង​ល្អ។  នៅ​ក្នុង​ប្រទេស​ចិន​ អ្នក​ទេសចរណ៍​មួយ​ចំនួន​គេ​និយម​ទៅ​គយគន់​ព្រះ​ចន្ទ​នៅ​តាម​តំបន់​ទន្លេ ភ្នំ​ ឬ​​បឹង​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា​ ភ្នំ Lu​ ភ្នំ Huang​ ទន្លេ​ Yangtze បឹង​ Dongting ជា​ដើម​ ដែល​ធ្វើ​ឲ្យ​បរិយាកាស​កាន់​តែ​រ៉ូមែនទិក។  

​​  

២.​ការ​បរិភោគ​នំ​សែន​ព្រះ​ខែ នំ​សែន​ព្រះ​ខែ​គឺ​ពិត​ជា​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​ពិធី​បុណ្យ​សែន​ព្រះ​ខែ។​ នំ​ដែល​មាន​រាង​មូល​សម្រាប់​សែន​នោះ​ គឺ​ជា​ដំណាង​ឲ្យ​ការ​ជួប​ជុំ​គ្នា​នៃ​សមាជិក​គ្រួសារ។​ នំ​សម្រាប់​ថ្វាយ​ព្រះ​ចន្ទ​ជា​ទូទៅ​មាន​គ្រឿង​ផ្សំ​ជា​ច្រើន​ដូច​ជា គ្រាប់​ផ្កា​ឈូករ័ត្ន​ ល្ង​ ស៊ុត​ សណ្ដែកដី អាល់ម៉ុង​ និង​គ្រឿង​ឆ្ងាញ់​ៗ​មួយ​ចំនួន​ទៀត​។ សម្រាប់​ជន​ជាតិ​ចិន ​ពួក​គេ​មិន​ត្រឹម​តែ​ញុំា​នំ​នេះ​​ក្នុង​អំឡុង​ពេល​សែន​ព្រះខែ​ប៉ុណ្ណោះ​ទេ​ តែ​​គេ​ក៏​ឲ្យ​នំ​នេះ​ជា​អំណោយ​ដល់​បង​ប្អូន​មិត្ត​ភក្ដិ ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​គេ​ផង​ដែរ។​

 

 

៣.​ការ​ជួប​ជុំ​គ្នា​ញុំា​អាហារ​ពេល​ល្ងាច​ដ៏​រីករាយ ការ​អង្គុយ​តុ​ជុំ​គ្នា​ញាំ​អាហារ​ពេល​ល្ងាច​គឺ​ជា​សកម្មភាព​ដ៏​សំខាន់​ក្នុង​ថ្ងៃ​សែន​ព្រះ​ខែ។​ សមាជិក​គ្រួសារ​មិន​ថា​ជិត​ ឬ​ឆ្ងាយ​ ត្រូវ​មក​ជួប​ជុំ​ញាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​។​ នេះ​គឺ​ជា​ហេតុផល​ដ៏​សំខាន់​មួយ​ដែល​ប្រជាជន​ប្រារព្ធ​ពិធី​បុណ្យ​សែន​ព្រះ​ខែ។

 

 

៤.អុជ​ចង្កៀង​គោម​​​ ក្មេង​ៗ​នៅ​ក្នុង​ប្រទេស​ចិន​និយម​លេង​ចង្កៀង​គោម​ដោយ​ធ្វើ​ចេញ​ពី​ក្រដាស​ និង​ដាក់​ទៀន​នៅ​ខាង​ក្នុង។​​ចង្កៀង​គោម​ក៏​មាន​ដាក់​លក់​ផង​ដែរ​នៅ​តាម​ទីផ្សារ​ដោយ​មាន​រចនា​ជា​រូប​ប្លែក​ជា​ច្រើន។ ចង្កៀង​គោម​រាប់​រយ​ត្រូវ​បាន​ដាក់​នៅ​តាម​ផ្លូវ​នានា​យ៉ាង​ស្អាត។ នៅ​តំបន់​ខ្លះ​ប្រជាជន​នាំ​គ្នា​បង្ហោះ​គោម​ដើម្បី​សុំ​ក្ដី​សុខ​ទៀត​ផង។

 

 

៥.​ទស្សនា​ការ​សម្ដែង​របាំ​នាគ​ភ្លើង​ ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ជា​ពិសេស​​នៅ​ក្រុង​ហុងកុង​ ដែល​មាន​រយៈ​ពេល​បី​យប់។​ នៅ​ទី​ក្រុង​ហុងកុង​ មាន​អ្នក​ចូលរួម​សម្ដែង​ក្នុង​ពិធី​ដ៏​ធំ​នេះ​ជាង​ ៣០០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ​ដោយ​ពួក​គេ​​ផ្លាស់​ប្ដូរ​វេន​គ្នា​សម្ដែង​។​ ពួក​គេ​​​ជឿ​ថា​ការ​ធ្វើ​ដូចនេះ​នឹង​នាំ​ឲ្យ​មាន​សំណាង​ល្អ​៕

 

 

អត្ថបទៈ យ៉ារិទ្ធ

ប្រភពៈ www.chinatravel.com ​​​​​

អត្ថបទថ្មី