ជ័យ កុសល ជឿថា ឡៅ ចន្រ្ទា នឹងប៉ះ ផល សោភ័ណ្ឌ វគ្គផ្ដាច់ព្រ័ត្រទៀត
- 2016-09-07 13:10:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ័យ កុសល ជឿថា ឡៅ ចន្រ្ទា នឹងប៉ះ ផល សោភ័ណ្ឌ វគ្គផ្ដាច់ព្រ័ត្រទៀត
ចន្លោះមិនឃើញ
អតីតជើងខ្លាំង ជ័យ កុសល ជឿជាក់ថា អ្នកលេងគុនខ្មែរលេចធ្លោទាំង២ ឡៅ ចន្រ្ទា និង ផល សោភ័ណ្ឌ នឹងប៉ះគ្នាទៀតនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដណ្តើមខ្សែក្រវាត់លេខ១ គូបូតា រដូវកាលទី៦នៅសង្វៀនបាយ័ន។
ក្នុងបេក្ខភាពទាំង៦នាក់ដែលចូលរួមប្រកួតជម្រុះដើម្បីឈានទៅរកម្ចាស់ខ្សែក្រវាត់រដូវកាលទី៦នេះ លោកអាជ្ញាកណ្តាល និងចៅក្រម ជ័យ កុសលយល់ឃើញអ្នកប្រដាល់វ័យក្មេង ឡៅ ចន្រ្ទា និង ផល សោភ័ណ្ឌ ជាកីឡាករលេចធ្លោជាងគេ ហើយអ្នកទាំងពីរអាចនឹងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ។
ក្រោយបញ្ចប់ការប្រកួតសប្តាហ៍ទី១ទាំង៣គូរួមមក អតីតកីឡាករជើងចាស់ ជ័យ កុសលបានសរសើរពីថ្វីដៃដ៏ល្អរបស់ ឡៅ ចន្រ្ទា និង ផល សោភ័ណ្ឌ បើទោះជាអ្នកទាំងពីរប្រកួតបានត្រឹមតែ៣ទឹក ហើយ សោភ័ណ្ឌចាញ់សន្លប់។
កុសលបន្តទៀតថា ចំណែកបេក្ខភាព៤រូបទៀតនោះក៏ល្អគួរសមដែរ ប៉ុន្តែពិបាកនឹងយកជ័យជម្នះលើជើងខ្លាំង ឡៅ ចន្រ្ទា និង ផល សោភ័ណ្ឌ ណាស់។ កីឡាករ៦រូបដែលបានចូលរួមប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់នេះមាន ឡៅ ចន្រ្ទា, ផល សោភ័ណ្ឌ, ឈឿន ឆៃដែន, សុខ សុវណ្ណ រួមទាំងកីឡាករថៃ២នាក់ ឈឿងម៉ៃ ផាហុយុត និងភិតសានុលោក។
ជ័យ កុសល ជាអតីតកីឡាករជើងខ្លាំងខាងប្រើកែងមានឈ្មោះល្បីល្បាញម្នាក់ក្នុងវិស័យប្រដាល់គុនខ្មែរ។ បច្ចុប្បន្នថ្វីបើអតីតកីឡាកររូបនេះមិនឡើងប្រកួតទៀតតែលោកមិនចេញឆ្ងាញពីកីឡាប្រដាល់នេះឡើយគឺលោកមានតួនាទីជាចៅក្រម និងអាជ្ញាកណ្ដាលផងដែរ៕
អត្ថបទ៖ នួន ស៊ីណា