ហេតុអ្វីគេដាក់ កន្ត្រៃ ឬកាំបិត លើក្បាលដំណេកកូនខ្ចី?
- 2016-09-09 18:17:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីគេដាក់ កន្ត្រៃ ឬកាំបិត លើក្បាលដំណេកកូនខ្ចី?
ចន្លោះមិនឃើញ
ក្រោយពេលស្ត្រីឆ្លងទន្លេរួច គេតែងសង្កេតឃើញទំនៀមទម្លាប់មួយរបស់ប្រជាជនខ្មែរគឺតែងយក កន្ត្រៃ ឬកាំបិតទៅដាក់លើក្បាលដំណេកកូនខ្ចី។ តើហេតុអ្វីបានជា គេធ្វើបែបនោះ?
រូបតំណាង
អ្នកស្រីគីមឡាង ដែលសព្វថ្ងៃមានកូនស្រីអាយុជិត១ខួបម្នាក់ បានប្រាប់ថា អ្នកស្រីធ្លាប់ដាក់ កន្ត្រៃលើក្បាលដំណេកកូនស្រីតាំងពីគេកើតមក។ អ្នកស្រីបានបញ្ជាក់ថា នៅពេលដែលកូនគេងភ្ញាក់ៗ និងយំខុសធម្មតា គាត់តែងដាក់កន្ត្រៃលើក្បាលដំណេកគេតាមសម្ដីរបស់ម្ដាយបានប្រាប់។
អ្នកគ្រូបង្រៀននៅសាលាឯកជនមួយក្នុងសង្កាត់ព្រែកប្រា រូបនេះបានប្រាប់ថា៖ "...ឮម៉ែគាត់និយាយថា ដាក់ទៅកុំឲ្យព្រាយ ឬក៏បិសាចអីមកបន្លាច ឬពញ្ញាក់អីចឹងណាស់ កុំឲ្យគាត់(កូន)ខ្លាច ដើម្បីការពារខ្លួនគាត់ហ្នឹង"។
នៅពេលសួរថា តើអ្នកស្រីជឿលើរឿងនោះដែរឬទេ? អ្នកស្រុកកំណើតនៅភ្នំពេញរូបនេះបានប្រាប់ថា៖ "ខ្ញុំជឿ ខ្ញុំជឿ"។ អ្នកស្រីបានប្រាប់ពីមូលហេតុថា ដំបូងឡើងអ្នកស្រីមិនជឿឡើយ ប៉ុន្តែនៅពេលអនុវត្តតាមគឺមានប្រសិទ្ធភាព ហើយអ្នកស្រីបន្ថែមថា សូម្បីតែមិត្តភ័ក្ដិអ្នកស្រីដែលមានកូនតូចៗ ក៏ជឿរឿងនោះដែរ។
ងាក ទៅស្ដាប់អ្នកស្រី នួន នារី អ្នករស់នៅម្ដុំ ព្រែកឯង ស្រុកកៀនស្វាយ ដែលមានកូនប្រុសតូចអាយុជិត១ខួបដូចគ្នានោះ ក៏បានលើកឡើងស្រដៀងគ្នានេះដែរ។
អ្នកស្រីបានប្រាប់ថា អ្នកស្រីដឹងរឿងដាក់កាំបិត ឬកន្ត្រៃលើក្បាលដំណេកកូនខ្ចីនោះតពីចាស់ៗដែលបានប្រាប់ ។ អ្នកស្រីនិយាយថា៖ "គាត់ថា គឺដើម្បីការពារខ្មោចព្រាយ ពិសេសម្ដាយដើម កុំឲ្យមកលេងកូនយើង ឬបន្លាចធ្វើឲ្យកូនយំស្រែកពេលយប់"។
ចំពោះសំណួរថាជឿឬមិនជឿ? អ្នកខេត្តកណ្ដាលរូបនេះបានអះអាងថាជឿលើរឿងនោះ។ អ្នកស្រីបានប្រាប់ហេតុផលថា អ្នកស្រីធ្លាប់ធ្វើតាមវិធីខាងលើពេលកូនរបស់ខ្លួនអាយុ ២-៣ខែ ដោយពេលល្ងាចៗ កូនតូចអ្នកស្រីតែងយំរហូតមិនព្រមគេង រហូតដល់ពេលធ្វើបែបនោះ កូនតូចក៏បាត់យំនិងគេងលក់។
ចុះប្រិយមិត្តវិញមានមតិយ៉ាងណាដែរលើអបិយជំនឿនេះ?
ចុចអាន៖ ជំនឿ៖ គ្រវាសអង្ករមុខផ្ទះ ពេលសុបិនអាក្រក់ នាំលាភសំណាង
អត្ថបទ៖ មាន រតនា