៧ចំណុចដើម្បីរើសបានត្រីឡហានដែលល្អ និងមានហុងស៊ុយ
- 2016-09-09 17:44:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ចំណុចដើម្បីរើសបានត្រីឡហានដែលល្អ និងមានហុងស៊ុយ
ចន្លោះមិនឃើញ
ជាធម្មតា ការចិញ្ចឹមត្រីគឺជាការកម្សាន្តមួយបែបដែលអាចជួយឲ្យចិត្តស្ងប់ស្ងាត់ និង បំបាត់អារម្មណ៍តប់ប្រមល់។ ចំណែកអ្នកខ្លះក៏ចិញ្ចឹមដើម្បីអោយមានលាភហូរចូលក្នុងមុខរបររកស៊ីរបស់គេដែរ ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែលដឹងពីរបៀបរើសយកត្រីមកចិញ្ចឹមដែលល្អ និងមានហុងស៊ុយ។ លោក អ៊ឹង ប៉ោស៊ាង ដែលជាម្ចាស់ហាងលក់ត្រីគ្រប់ប្រភេទមួយនៅម្ដុំទឹកថ្លា បានប្រាប់ពីវិធីជ្រើសរើសត្រីដែលល្អ និងមានហុងស៊ុយ សម្រាប់ប្រិយមិត្តយកទៅចិញ្ចឹម ។
១. ពូជត្រី
លោក អ៊ឹង ប៉ោស៊ាង បានឲ្យដឹងថា ត្រីឡហានដែលថ្លៃ និងពេញនិយមជាងគេបច្ចុប្បន្នគឺពូជKing Kamfa ។ វាជាពូជត្រីដែលមានកំណើតនៅប្រទេសថៃ។
២. ពណ៌សម្បុរ
ជាធម្មតា ត្រីតែងមានពណ៌ច្រើនប្រភេទផ្សេងៗគ្នា ប៉ុន្តែត្រីដែលល្អ និង មានតម្លៃខ្ពស់គឺប្រភេទត្រីដែលមានពណ៌ក្រហម និងពណ៌មាស។
៣. ស្នាមពកលើក្បាល
យើងប្រហែលជាបានដឹងហើយថា ស្នាមពកលើក្បាល គឺជាចំណុចទាក់ទាញមួយដែលធ្វើអោយត្រីឡហានខុសប្លែកពីពូជត្រីនានា ហើយបើស្នាមពកនៅចំពីលើក្បាលនោះកាន់តែធំ នោះវាក៏ល្អទៅតាមនោះដែរ។
៤. ស្នាមអង្កាំលើក្បាល និង លើខ្លួន
ស្នាមឆ្នូតៗពណ៌ប្រាក់ប្រៀបដូចជាគជ់ដែលមាននៅលើកំពកក្បាល និងខ្នងរបស់ត្រី គឺជាលក្ខណៈហុងស៊ុយមួយដ៏ល្អសម្រាប់អ្នកដែលយកត្រីប្រភេទនេះទៅចិញ្ចឹម។
៥. ដងខ្លួន
ចំពោះត្រីដែលមានរូបរាងស្រឡូន ពិតណាស់ វាមើលទៅស្អាតគួរអោយចង់គយគន់។ គេអាចសំគាល់រូបរាងស្រឡូនរបស់វាបានតាមរយៈ ដងខ្លួនរាបស្មើ និង ចលនាហែលទឹកទៅមករបស់វាដែលមិនកញ្ឆក់ៗ។
៦. កន្ទុយ ប្រសិនបើត្រីឡហានណាដែលមានកន្ទុយធំ និងជិតល្អជាប់ជាមួយទ្រនុងក្រោយ នោះពិតជាត្រីដែលកម្រ និងមានតម្លៃខ្ពស់ផងដែរ។
៧ តួអក្សរចិន
លោក អ៊ឹង ប៉ោស៊ាង បានបញ្ជាក់ថា ចំពោះពូជត្រីឡហានខ្លះវិញគឺមានស្នាមឆ្នូតនៃតួអក្សរចិនផុសតាមបណ្ដោយខ្លួនសងខាង។ លោកបានប្រាប់ថា ប្រសិនបើតួអក្សរនោះព្រិលហើយជាប់គ្នារដឹក នោះគឺមិនសូវល្អឡើយ។ ប៉ុន្តែបើតួអក្សរនោះដាច់ចេញពីគ្នា ហើយមានរូបរាងច្បាស់វិញនោះគឺវាបង្ហាញពីហ៊ុងស៊ុយរបស់ត្រីហើយ៕
អត្ថបទ៖ ចន្ថា