បាយពងទា២គ្រាប់ជាមួយឪពុក អាចឲ្យបេក្ខជនដ៏កម្សត់ជាប់បាក់ឌុបទាំងនឹកស្មានមិនដល់
- 2016-09-12 18:29:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាយពងទា២គ្រាប់ជាមួយឪពុក អាចឲ្យបេក្ខជនដ៏កម្សត់ជាប់បាក់ឌុបទាំងនឹកស្មានមិនដល់
ចន្លោះមិនឃើញ
មិនមែនបាយហាង មិនមែនបាយប្រអប់ តែជាបាយខ្ចប់តាមថង់វេចមកពីផ្ទះ មានត្រឹមពងទា ២គ្រាប់ ធ្វើឲ្យបេក្ខជន សឿម សា តាំងចិត្តប្រឡងជាប់បាក់ឌុបឆ្នាំ២០១៦ ទាំងនឹកស្មានមិនដល់។
សឿម សា និងឪពុកពេលបាយថ្ងៃត្រង់ជិតមណ្ឌលប្រឡងវិទ្យាល័យ ១០មករា ឆ្នាំ១៩៧៩
សឿម សា គឺជាកូនប្រុសពៅក្នុងត្រកូលគ្រួសារអ្នកស្រែចម្ការមួយនៅខេត្តសៀមរាប ដែលស្គាល់តែពាក្យថាហត់នឿយ ប្ដូរមកវិញត្រឹមកម្រៃតិចតួចស្ដួចស្ដើងប៉ុណ្ណោះ។ ដោយសារទឹកចិត្តស្រលាញ់ការរៀនសូត្រ សឿម សា បានប្ដេជ្ញាថាមិនបោះបង់ឡើយ ទោះគ្រួសារក្រលំបាកយ៉ាងណាក៏ដោយ ខុសពីបងៗ៣នាក់ទៀតដែលត្រូវបញ្ចប់ជីវិតសិក្សាពាក់កណ្ដាលផ្លូវ។ ឪពុកម្ដាយឃើញបែបនេះ ក៏ជំរុញឲ្យកូនពៅរបស់ខ្លួន បន្តការសិក្សារហូតដល់ថ្នាក់បាក់ឌុបនៅវិទ្យាល័យបន្ទាយស្រី និងប្រឡងជាប់និទ្ទេស E ក្នុងឆ្នាំ២០១៦ នៅមណ្ឌលវិទ្យាល័យ ១០មករា ឆ្នាំ១៩៧៩។
ងាកទៅថ្ងៃប្រឡងបាក់ឌុប សឿម សា បាននិយាយថា គ្មានម្ហូបអ្វីដើម្បីទទួលទានឲ្យមានកម្លាំងដូចគេឡើយ គឺមានតែពងទា ២គ្រាប់ខ្ចប់ជាមួយបាយមកពីផ្ទះ។ ប៉ុន្តែវាជាអាហារថ្ងៃត្រង់ដ៏មានន័យបំផុត ព្រោះអាចយល់ពីទឹកចិត្តឪពុកដែលខំតស៊ូអត់ឃ្លានជាមួយកូន។ "ថ្ងៃនោះ អត់មានអីទេបង មានតែពងទា ២គ្រាប់ហ្នឹង ហូបជាមួយពុក... ខ្ញុំអាណិតគាត់ណាស់ ចឹងហើយបានខំប្រឹង តែមិននឹកស្មានថាជាប់ផង ព្រោះមិនដែលមានលុយរៀនគួរជាប់លាប់ដូចគេ"។ សឿម សា រៀបរាប់។
យុវជនវ័យ ២០ឆ្នាំរូបនេះ បានប្រាប់ថា ឪពុករបស់ខ្លួនត្រូវក្រោកតាំងពីវេលាទៀបភ្លឺ ដើម្បីជូនខ្លួនមកដល់មណ្ឌលប្រឡង ដែលមានចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រ ពោលគឺពីស្រុកបន្ទាយស្រី មកដល់ក្រុងសៀមរាប។ ពេលសួរថាបានអ្វីជិះមកប្រឡង? សឿម សា បានឆ្លើយបែបកំប្លែងថា៖ "មានអីបង ខ្ចីម៉ូតូពូជិះ ២នាក់ពុក... ម៉ូតូនៅផ្ទះមានដែរ តែមិនគ្រប់គ្រឿង គ្មានលេខ គ្មានកញ្ចក់ ខ្លាចគេចាប់ (សើច...)"។
ចំពោះសំលៀកបំពាក់ថ្មី អមដោយស្បែកជើងប៉ាតា ដែលគ្រប់គ្នាឃើញក្នុងរូប សឿម សា បានប្រាប់ថា ទើបទិញដើម្បីត្រៀមជាពិសេសសម្រាប់ថ្ងៃប្រឡងបាក់ឌុបក្នុងក្រុងសៀមរាប។ "ខោអាវ ស្បែកជើងហ្នឹង ទើបទិញមុនប្រឡងតើបង ត្រៀមចូលក្រុង ខ្លាចចូលគេមិនចុះ ព្រោះអីខោអាវមុនចាស់ៗពេក អីចឹងហើយបានពុកទិញឲ្យថ្មី"។ សឿម សា និយាយ។
ចាប់ផ្ដើមសាកសួរពីរឿងជីវភាព សឿម សា បានប្រែពីសម្ដីលះលាយកំប្លែង មកដកដង្ហើមវែង រួចនិយាយថា៖ "ពុកម៉ែខ្ញុំ ធ្វើស្រែ មិនសូវជាស្រួលប៉ុន្មានទេ... បងៗខ្ញុំឈប់រៀនអស់ហើយ ព្រោះទុកឲ្យខ្ញុំបានរៀនស្រួល។ សឿម សា បានបន្តទៀតថា៖ "រឿងរៀនត ខ្ញុំអត់ទាន់ដឹងទេ ព្រោះមិនទាន់បានសួរពុកខ្ញុំ... គាត់អាចជួយបានខ្លះៗទេមើលទៅ ប្រហែលមិនអាចបានទាំងអស់ទេ"។
នាពេលអនាគត សឿម សា មានក្ដីស្រមៃ ចង់ក្លាយជាគ្រូបង្រៀន ឬប៉ូលិសម្នាក់ ហើយជំនាញដែលចង់រៀនមិនទាន់ច្បាស់ក្នុងចិត្តឡើយ ប៉ុន្តែឲ្យតែទាក់ទងនឹងភូមិវិទ្យា ឬប្រវត្តិវិទ្យា គឺរូបគេចូលចិត្តទាំងអស់។ "គ្រូបង្រៀនក៏បាន ប៉ូលិសក៏បាន តែទាល់តែបានរៀនត បើមិនចឹងទេគឺមានតែនៅធ្វើស្រែដដែល"។ សម្ដី សឿម សា។
ចំណែកលោក សំ សឿម ជាឪពុកបាននិយាយថា កូនប្រុសពៅរបស់លោកស្រលាញ់ការរៀនសូត្រ ទើបអាចបន្តបានដល់សព្វថ្ងៃ ឯបងៗ ៣នាក់ទៀត រៀនដល់ថ្នាក់ទី១០ ទី១១ ដែរតែឈប់អស់ ព្រោះគ្មានសមត្ថភាពបន្ត។ លោកបានបញ្ជាក់ទៀតថា សឿម សា អាចរៀនបាន ដោយសារមានបងៗនោះជាអ្នកជួយខ្លះដែរ។ ចំពោះការបញ្ជូនមករៀននៅភ្នំពេញ លោកកំពុងស្ទាក់ស្ទើរចិត្តនៅឡើយ បើទោះបីទទួលបានអាហារូបករណ៍សិក្សាឥតបង់ថ្លៃពីសាកលវិទ្យាល័យធនធានមនុស្សក៏ដោយ ព្រោះគិតថាឆ្ងាយ និងគ្មានលុយកាក់សម្រាប់ការស្នាក់នៅ ហូបចុកក្នុងទីក្រុង៕
អត្ថបទ៖ គង់ វិសាល