កៀក​ថ្ងៃ​សែន នំ​ព្រះ​ខែ​ និង​ចង្កៀង​គោម លក់​ដាច់​ខ្លាំង

  • 2016-09-15 00:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃសែនព្រះខែនឹងមកដល់​ស្អែក​នេះ​ហើយ​ ​យើង​​​សង្កេត​​ឃើញ​ អាជីវករ​​កំពុង​​មមា​ញឹក​​យ៉ាង​​ខ្លាំង​​ក្នុង​​ការ​​លក់​​នំ​​សែន​​ព្រះ​ខែ​ និង​​ចង្កៀង​គោម​នៅ​​តាម​​ទីផ្សារ និង​​បណ្តា​​ផ្លូវ​​នានា​​ក្នុង​​រាជធានី​​ភ្នំពេញ​។ ​តូប​​តូច​​ធំ​ដែល​មាន​ដាក់​​តាំង​​លក់​​នំ​​សែន​​ព្រះ​ខែ​​ច្រើន​មុខ និង​​ចង្កៀង​គោម​​ព្រោង​​ព្រាត អតិថិជន​ខ្មែរ​ជាប់​ស្រឡាយចិន​ប្រញ៉ាយ​ទិញ​មិន​ដាច់​។

 

 

 

ថ្លែង​មក​កាន់​ Sabay ​ទាំង​ទឹក​មុខ​ញញឹម​ញញែម​ បង​ស្រី​ ម៉ី ​ដែល​ជា​អាជីវករ​លក់​នំ​សែន​ព្រះ​ខែ​នៅ​តាម​បណ្ដោយ​មហាវិថី​ ហ្សាដឺហ្គោល​ បាន​ឲ្យ​ដឹង​ថា​ ថ្ងៃ​នេះ​លក់​ដាច់​ច្រើន​ដោយ​សារ​វា​ជិត​ដល់​ថ្ងៃ​សែន​ព្រះ​ខែ។​ អតិថិជន​ដែល​មក​ទិញ​មាន​ចម្រុះ​ទាំង​ចិន​ ទាំង​ខ្មែរ​ជាប់​សែស្រឡាយ​ចិន​។​ រៀងរាល់​ឆ្នាំ​បងស្រី​តែង​តែ​​បើក​លក់​១​អាទិត្យ​មុន​សែន​ ​ដោយ​មាន​លក់​ទាំង​នំ និង​ចង្កៀង​គោម​ម៉ូដប្លែកៗ។   ​​​​ស្រដៀង​គ្នា​នេះ​ដែរ​ បង​ប្រុស​ លាង​ ក៏​បាន​លើក​ឡើង​ថា​ លោក​តែង​តែ​លក់​នំ​មុន​សែន​ព្រះ​ខែ​​៣-៤​ថ្ងៃ​ ហើយ​មាន​ភ្ញៀវ​ច្រើន​គាត់​តែង​មក​រក​ជាវ​ ទាំង​ង៉ូវយីង ​ស្នូរ​ដូង​ ត្រាវ​ និង​សណ្ដែក​ តែ​ភាគ​ច្រើន​ពួក​គាត់​ចូល​ចិត្ត​នំ​រសជាតិ​ដូង។​ អាជីវករ​លក់​នំ​ព្រះ​ខែ​នៅ​ជិតផ្សារ​អូរ​ឫស្សី​ រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ តម្លៃ​នំ​នៅ​ហាង​របស់​លោក​មាន​​ចន្លោះ​ពី ១០ ទៅ ១៥ដុល្លារ ​ទៅ​តាម​ប្រភេទ​ និង​ទំហំ។​

 

ចំណែក​​កញ្ញា​ ពុទ្ធី ​បុគ្គលិក​រដ្ឋបាល​នៅ​ហាង​នំ​បុ័ង​បាយ័ន​សាខា​ពេទ្យចិន​ ក៏​បាន​ប្រាប់​ ​Sabay ដែរ​ថា​ ហាង​នំ​បុ័ង​បាយ័ន​មាន​ភ្ញៀវ​មក​ច្រើន​។​ ចំពោះ​ភ្ញៀវ​ដែល​គាត់​មាន​លទ្ធភាព​ គាត់ទិញ​នំ​​​ឈុត​ធំ​​តែ​ម្ដង​ គឺ​ស្ដេច​នំ​ង៉ូវយីង ពង​ទា​៨​ មាន​លាយ​​សម្បុក​ត្រចៀក​កាំ​ និង​​យិនសិន​ ដែល​មាន​តំលៃ​៦៩​ដុល្លារ​ ។​ តែ​ចំពោះ​អ្នក​មាន​ជីវភាព​មធ្យម​ ភាគច្រើនទិញង៉ូវ​យី​ង​ ទំហំ​តូច​ល្មម​ដែល​តម្លៃ​ប្រហែល​ ៤​ ទៅ ៥ដុល្លារ ​​រស​ជាតិពេញ​និយម​​គឺសណ្ដែក​។​ រីឯ​នំ​កោរ​និង​នំ​ពារ​ រសជាតិ​ទុរេន​ និង​ស្លឹក​តយ ក៏​មាន​អ្នក​ទិញ​ច្រើន​ដែរ។ ​កញ្ញា​ក៏​បាន​បន្ថែម​ថា​ «និយាយ​តាម​ត្រង់​អូន​ ហាង​បង​ដាច់​ខ្លាំង​រហូត​លក់​អត់​ទាន់​ ដោយ​សារ​យើង​នំ​យើង​មិន​សូវ​ផ្អែម​ពេក​ហើយ​ គ្រឿង​ផ្សំ​សុទ្ធ​តែ​នៅ​ក្នុង​ស្រុក​ ដែល​ផលិត​ឡើង​ថ្មីៗ​ស្រស់​ៗ​ ហើយ​គ្មាន​ដាក់​សារធាតុ​ឲ្យ​ទុក​បាន​យូរ​»។

 

 

ចុះ​ប្រិយមិត្ត​វិញ​ បានត្រៀមអ្វីខ្លះសម្រាប់ពិធីបុណ្យសែនព្រះខែ​ស្អែក​នេះ​?​

 

អត្ថបទៈ យ៉ារិទ្ធ

អត្ថបទថ្មី