​សែន​ព្រះ​ខែ​ ខ្មែរ​សែស្រឡាយ​ចិន​សម្រុក​ទិញ​នំ​និង​ផ្លែឈើ

  • 2016-09-15 17:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំងពីម្សិល រហូតដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ នៅ​តាម​ទីផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​ផ្សារ​អូរឬស្សី​មនុស្ស​កក​កុញ​ខុស​ប្រក្រតី ជា​ពិសេស​បង​ប្អូន​ចិន​ និង​ខ្មែរ​ជាប់​សែស្រឡាយ​ចិន​កំពុង​សម្រុក​ទិញ​នំ​ ផ្លែឈើ សែន​ព្រះ​ខែ​​យប់​នេះ។

 

 

បងស្រី បូឡៃ មាន​សម្បុរស ទំនង​ជា​ជាប់​ខ្សែ​ស្រឡាយ​ចិនផង​នោះ​ឲ្យ​ដឹង​ថា បើ​តាម​ទម្លាប់​គ្រួសារ​បង​ស្រី​ នៅ​ពេល​ព្រឹក ​ត្រូវ​សែន​ដូច​សែន​ថ្ងៃ​សីល​ដែរ​​ មាន​សែន​កុងម៉ា ជំ​នាំង​ផ្ទះ រាន​ទេវតា​ ឬ ​អ្នក​តា​ចង្ក្រាន​ជា​ដើម ហើយ​សែន​ព្រះ​ខែ​នៅ​ពេល​យប់​ដែល​ជា​ទូទៅ បង​ស្រី​ត្រូវ​ចំណាយ​ជាង​ ១០​ម៉ឺន​រៀល​​រៀង​រាល់​ឆ្នាំ។​ គ្រូ​បង្រៀន​រូប​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ​ព្រឹក​សែន​នំ​ង៉ូង​យីង ដល់​ពេល​យប់​ទើប​សែន​នំ​ព្រះ​ខែ។

 

ងាក​មក​អ៊ំ​ស្រី​ ម៉ាឡៃ​ដែល​កំពុងយួរ​នំ​សែន​ព្រះ​ខែ​ចេញ​ដៃក៏​បាន​ឲ្យដឹង​ថា​ អ៊ំ​ទិញ​នំ​តែ​ពីរ​មុខ​ប៉ុណ្ណោះ​គឺ​ង៉ូវយីង​ស្នូល​សណ្ដែក​ និង​នំ​ពារ​ដោយ​សារ​តែ​កូនៗ ក៏​ទិញ​នំ​រៀង​ៗ​ខ្លួន​ដែរ​ ដើម្បី​យក​មក​ជួប​ជុំ​គ្នា​សែន​ព្រះ​ច័ន្ទ​ថ្ងៃ​នេះ។​ ជា​ទម្លាប់​គ្រួសារ​អ៊ំ​ស្រី​តែង​​រៀប​ចំ​គ្រឿង​មួយ​ចំនួន​សម្រាប់​សែន​ព្រះ​ខែ​រាល់​ឆ្នាំ​ រួម​មាន​នំ​ព្រះ​ខែ​ ផ្កា​ និង​ក្រដាស​សែន​ជា​ដើម​ ព្រោះ​អ៊ំ​ជាប់​សែស្រឡាយ​ចិន​ហើយ​វា​ក៏​​ជា​ទម្លាប់​តៗ​គ្នា​ពី​ ​ដូន​តា​រហូត​មក​។​

 

ដោយ​ឡែក​បងប្រុសឡេង ឯណេះ​វិញ​អះ​អាង​ថា ដោយសារ​តែ​មមាញឹក​នឹង​ការងារ ទើប​លោក​មិនបាន​ទិញ​នំ​សែន​ព្រះ​ខែ​ទុក ទើប​តែ​មក​ទិញ​ថ្ងៃ​សែន​នេះ​តែ​ម្តង ។ លោក​ថា «ជាប់​ខ្សែ​ចិន​តិច​តួច​ដែរ ខ្ញុំ​សែន​រាល់​តែ​ឆ្នាំ​ហ្នឹង មិន​ដែល​ខាន​ទេ ចឹង​បាន​ជា​ឆ្លៀត​មក​រក​ទិញ​នំ​នែក ផ្លែឈើ​ខ្លះ​សែន​ពេល​ព្រឹក​ផង និង​យប់​ផង ដើម្បី​បួង​សួង​សុំ​សេចក្តី​សុខ»។

 

 

ចំពោះ​ប្រិយមិត្ត​អ្នក​អាន​ដទៃដែល​ជាប់​សែស្រឡាយ​ចិន​ ត្រៀម និង​បាន​រៀបចំ​អ្វីខ្លះ​សម្រាប់​សែន​ព្រះ​ខែ​យប់នេះ?​​

 

អត្ថបទៈ យ៉ារិទ្ធ រូបថតៈ ទូរស័ព្ទដៃ

អត្ថបទថ្មី