ទឹកធ្លាក់ ថ្មតាដាសច្ចំ ប្រដូចទៅនឹងក្រមុំលាក់ខ្លួនក្នុងជ្រលងភ្នំ
- 2016-09-24 22:10:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកធ្លាក់ ថ្មតាដាសច្ចំ ប្រដូចទៅនឹងក្រមុំលាក់ខ្លួនក្នុងជ្រលងភ្នំ
ចន្លោះមិនឃើញ
ខេត្តកំពត ជាខេត្តដែលមានប្រជាប្រិយដោយសាគោលដៅទេសចរណ៍ល្បីមួយចំនួនដូចជា រមណីយដ្ឋានឋានសួគ៌បូកគោ ទឹកឈូ កំពង់ត្រាច អគារចំណាស់សម័យបារាំងជាដើម។ ដោយឡែក រមណីយដ្ឋានធម្មជាតិថ្មីមួយទើបត្រូវបង្កើតឡើងប្រហែល២ឆ្នាំ គឺរមណីយដ្ឋានថ្មតាដាសច្ចំបានទាញទេសចរទាំងខ្មែរ និងបរទេសទៅកម្សាន្តឥតដាច់ដោយសារទឹកធ្លាក់ដ៏ស្រស់ស្អាត និងទេសភាពជួរភ្នំដ៏គួរឲ្យទាក់ភ្នែកតាមផ្លូវឡើង ប្រៀបបានទៅនឹងក្រមុំលាក់ខ្លួនក្នុងជ្រលងភ្នំដ៏ស្រស់ស្អាតមួយ។
បើធ្វើដំណើរពីខេត្តកំពតតាមផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឈូអ្នកនឹងចំណាយពេលប្រហែល ៣០ នាទី ឬលើសនេះបន្តិចបន្តួច។ រមណីយដ្ឋានមួយនេះមានកន្លែង ទស្សនាជាច្រើន ដូចជា ទឹកជ្រោះអូតាត្រាវ ទឹកជ្រោះធ្លាក់ពីវាលវែង ពងទឹក បត់ដា ទឹកជ្រោះអូ១ ទឹកជ្រោះអូ២ ទឹកជ្រោះអូ៣ ទឹកផុសតាដារូងចន្ទ និង ទឹកធ្លាក់ថ្មតាដាសច្ចំ។
ទៅហួសរមណីយដ្ឋានទឹកឈូប្រហែល ៥ គីឡូម៉ែត្រអ្នកនឹងឃើញផ្លូវបត់ចូលរមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ ដោយត្រូវចំណាយពេលឡើងទៅប្រហែល ១៥ ទៅ ២០ នាទីទៀត។
ស្ថានភាពផ្លូវមិនជាស្រួល តែក៏មិនពិបាកខ្លាំងព្រោះទើបឈូសឆាយធ្វើថ្មីៗដែលរថយន្ត និងម៉ូតូអាចឡើងទៅដល់។ រថយន្តទាបៗអាចពិបាកឡើងបន្តិចព្រោះអាចមានជង្ហុក និងផ្លូវមិនស្មើដោយអន្លើ។ ចំណុចដែលគួរឲ្យប្រុងប្រយ័ត្នមួយទៀតគឺ ស្ថានភាពផ្លូវអាចរអិលដោយកន្លែងនៅពេលមានភ្លៀងធ្លាក់ ដូច្នេះគួរជ្រើសរើសពេលវេលាដែលមិនមានភ្លៀងឡើងទៅកម្សាន្តជាការល្អ។
តាំងពីផ្លូវចូលទៅអ្នកនឹងឮសំឡេងទឹកហូរតាមប្រឡាយក្បែរផ្លូវឥតដាច់នាំអារម្មណ៍ឲ្យនឹកដល់ទឹកធ្លាក់ដែលត្រូវទៅលេងតាំងតែពីច្រកចូលរួចទៅហើយ។
ភ្ញៀវទេសចរណ៍មកទស្សនានៅទៅនេះត្រូវបង់ថ្លៃចូលចំនួន២កន្លែង នៅទឹកឈូ១កន្លែង និង ច្រកចូលទឹកធ្លាក់ថ្មតាដារូងសច្ចំ១កន្លែង។ សម្រាប់ជនបរទេស (៣ដុល្លារ) ទេសចរក្នុងស្រុក (៤ពាន់រៀល) ម៉ូតូ (១ពាន់រៀល) រថយន្តទេសចរណ៍ (៥ពាន់រៀល) រថយន្តធុនធំ (១ម៉ឺនរៀល) និងអ្នកចង់ថតរូបអាពាហ៍ពិពាហ៍ (៥ម៉ឺនរៀល)។ ចូលទៅជិតដល់អ្នកអាចចតយានយន្ត និងម៉ូតូនៅចំណតមិនបាច់បង់ប្រាក់បន្ថែម។
នៅទីនោះ អ្នកនឹងឃើញផ្លាកបង្ហាញទិសដៅពីរទី ១ គឺ ទឹកធ្លាក់ថ្មតាដាសច្ចំ (ប្រហែល ៤០០ ម៉ែត្រ) និងទឹកផុសតាដារូងចន្ទ (ចម្ងាយ ២១០ ម៉ែត្រពីទីនោះ)។ សម្រាប់ទឹកផុសតាដារូងចន្ទ ទេសចរអាចបើករថយន្តឡើងដល់កន្លែងងូតទឹក និងអង្គុយលេងតែម្ដង។
ទឹកផុសរូងតាចន្ទមិនសូវជាធំប៉ុន្មានតែអាចឲ្យមនុស្សខ្ពង់ ៥០ ទៅ ៦០ នាក់ងូតទឹកដ៏ត្រជាក់ឆ្លុះដល់បាតយ៉ាងរីករាយក្នុងពេលដំណាលគ្នា ហើយនៅលើនោះមានក្យុសមួយចំនួនសម្រាប់អ្នកទៅលេងជាលក្ខណៈក្រុម ឬគ្រួសារជួលសម្រាកកម្សាន្តបាន។
ងាកមកទឹកធ្លាក់តាដាសច្ចំវិញ អាចនឿយហត់ក្នុងការឡើងទៅកម្សាន្តបន្តិច ព្រោះមានចម្ងាយឆ្ងាយជាង និងចោតជាងហើយមានមធ្យោបាយតែមួយសម្រាប់ឡើងទៅទីនោះគឺថ្មើរជើង។ តែពេលឡើងទៅដល់អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយដោយសារចំហាយទឹកធ្លាក់ដ៏ត្រជាក់ដូចទឹកកក កន្លែងអង្គុយលេង និងការគយគន់ទេសភាពពីកំពូលដ៏ត្រកាល។ អ្នកអាចថតរូប ដេកលេង ឬចូលងូតទឹកដ៏ត្រជាក់បានដោយរីករាយ។ ទឹកនៅរមណីយដ្ឋានកណ្ដាលព្រៃព្រឹក្សាហ៊ុមព័ទ្ធដោយភ្នំសងខាងខាងលើនេះ ត្រជាក់ខ្លាំងណាស់ ធ្វើឲ្យអ្នកដែលមានមុជ្ជលេងមានអារម្មណ៍ស្រស់ស្រាយប្លែកខុសពីទឹកធម្មតា៕
អត្ថបទ៖ ខុត សីហា