អ្នកធ្វើការចេញទៅស្រុកមុនថ្ងៃភ្ជុំធំបណ្ដើរៗហើយ ចុះថ្លៃឈ្នួលឡានឡើងឬទេ?
- 2016-09-28 18:34:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកធ្វើការចេញទៅស្រុកមុនថ្ងៃភ្ជុំធំបណ្ដើរៗហើយ ចុះថ្លៃឈ្នួលឡានឡើងឬទេ?
ចន្លោះមិនឃើញ
នៅរដូវបុណ្យទានផ្សេងៗក្នុងប្រទេសកម្ពុជា រៀងរាល់ឆ្នាំគេតែងសង្កេតឃើញតម្លៃឈ្នួលឡានសម្រាប់ប្រជាពលរដ្ឋខ្មែរធ្វើដំណើរទៅស្រុកមានការប្រែប្រួលកើនឡើងតិចតួចឬច្រើន។ ដោយឡែក តម្លៃឡានឈ្នួល និងតម្លៃសំបុត្រឡានក្រុងពីភ្នំពេញទៅខេត្ត សម្រាប់រដូវបុណ្យភ្ជុំឆ្នាំនេះប្រែប្រួលខុសពីថ្ងៃធម្មតាឬយ៉ាងណា?
លោក ម៉េង ស្រ៊ាងអ្នករត់តាក់ស៊ី នៅបេនឡានខាងលិចផ្សារថ្មី បានប្រាប់ថា ឡានរបស់លោករត់ភ្នំពេញ ទៅស្ទឹងត្រែង និងដឹកភ្ញៀវជិះតែពីភ្នំពេញទៅប៉ុណ្ណោះ (ទៅតែមួយជើងពីភ្នំពេញ)។ សម្រាប់តម្លៃឈ្នួល អ្នកប្រកបរបររត់ឡានឈ្នួលជាង៨ឆ្នាំរូបនេះបាននិយាយថា មិនថាថ្ងៃធម្មតា ឬថ្ងៃបុណ្យទាននោះទេ គឺដឹងតែយកថ្លៃឈ្នួល ៤ម៉ឺនរៀល។
"តម្លៃគឺយកធម្មតា៤ម៉ឺន ភ្ជុំក៏យក៤ម៉ឺនដែរ។ បើយើងឈប់នៅត្រឹមឆ្លូង (ស្រុកឆ្លូង ខេត្តក្រចេះ) ឬទីរួមខេត្តក្រចេះ អាហ្នឹងខ្ញុំយក២ម៉ឺន។ តែបើជិះពីក្រចេះផុតទៅ ដល់ទីរួមខេត្ត(ស្ទឹងត្រែង)ហ្មង អាហ្នឹងខ្ញុំយក៤ម៉ឺន "។ នេះបើតាមលោក ម៉េង ស្រ៊ាងប្រាប់។
ងាកទៅស្ដាប់លោក នាត វ័យ៥០ឆ្នាំ ជាអ្នករត់ឡានឈ្នួលពីភ្នំពេញ ទៅទីរួមខេត្តកំពង់ធំ នៅបេនឡានខាងលិចផ្សារថ្មីដែរបានប្រាប់ពីថ្លៃឈ្នួលឡានថា "១នាក់តម្លៃ២ម៉ឺន៥ (២៥០០០រៀល) ដដែល អត់ឡើងទេ "។ លោកបានប្រាប់ថា ក៏ព្រោះតែលោកជាអ្នកស្រុកកំណើតនៅកំពង់ធំ ដូចនេះថ្លៃឡានឈ្នួលរបស់លោកមិនឡើងទេទោះនៅក្នុងរដូវបុណ្យភ្ជុំ ឬបុណ្យធំៗផ្សេងទៀតក៏ដោយ ក៏យកថ្លៃដូចនៅថ្ងៃធម្មតា។
ដោយឡែក ក្រឡេកទៅដឹងពីតម្លៃសំបុត្រឡានក្រុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរទៅតាមខេត្តមួយចំនួនវិញ ថាតើក្នុងរដូវបុណ្យភ្ជុំនេះមានការប្រែប្រួលឬយ៉ាងណា?
លោក អឿន ព្រីនេ ប្រធានសាខាក្រុមហ៊ុនថោង ស៊ីង ដឹកអ្នកដំណើរ នៅភ្នំពេញបានប្រាប់ថាខាងក្រុមហ៊ុនរបស់លោក មានគោលការណ៍ច្បាស់លាស់គឺគ្រប់បុណ្យប្រពៃណីជាតិខ្មែរធំៗទាំងអស់តម្លៃសំបុត្រគឺមិនឡើងថ្លៃនោះទេ។ ជាក់ស្ដែង លោកបានបន្តថា សម្រាប់រដូវបុណ្យភ្ជុំនេះ ក្រុមហ៊ុនយកថ្លៃថ្លៃសំបុត្រពីភ្នំពេញទៅតាមគ្រប់បណ្ដាខេត្ត គឺយកដូចតម្លៃថ្ងៃធម្មតា។
ចំណែក លោក វ៉ា ណារិន្ទ ប្រធានផ្នែកបើកបរ នៅក្រុមហ៊ុន ភ្នំពេញ សូរិយា ដឹកជញ្ជូនអ្នកដំណើរ បានប្រាប់ថា ខាងក្រុមហ៊ុនរបស់លោក នារដូវបុណ្យភ្ជុំនេះ គឺថ្លៃសំបុត្រឡើងថ្លៃបន្តិចបន្តួច តែមិនលើសពី៤ពាន់រៀលឡើយ។ លោក ណារិន្ទបានបន្ថែមថា សម្រាប់សំបុត្រឡើងថ្លៃនោះគឺសម្រាប់តែឡានមួយចំនួនដែលត្រូវចេញទៅខេត្តច្រើនជើងខុសពីម៉ោងធម្មតា ហើយការឡើងថ្លៃនោះគឺដើម្បីជាការបន្ថែមប្រាក់លើកទឹកចិត្តដល់បុគ្គលិកបើកបរដែលចេញដំណើរច្រើនជើង។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅ នៅក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានវត្តមានតំណាងក្រុមហ៊ុនដឹកជញ្ជូនជាច្រើន បានចូលរួម។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំឲ្យ ក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរទាំងអស់ កុំតម្លើងថ្លៃឈ្នួលក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្យ។
ជាការឆ្លើយតបភ្លាមៗនឹងសំណើនោះ ក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរចំនួន១៤បានប្ដេជ្ញា មិនតម្លើងថ្លៃឈ្នួល ដែលក្នុងនោះមាន ១. ក្រុមហ៊ុន ថុង សម្បត្តិ ២.ក្រុមហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរ ៣.ក្រុមហ៊ុន ផលបូ ប៉ាន់ ត្រេនស្ព័ត ខូអិលធីឌី ៤.ក្រុមហ៊ុន នាគក្រហម ៥. ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា ៦. ក្រុមហ៊ុន វ៉ាង រ៉ិច ៧. ក្រុមហ៊ុន Giant IBIS Transport ៨. ក្រុមហ៊ុនហ្គោលដេនបាយ័ន អេចប្រេស ៩. ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នកដំណើរ ១០. ក្រុមហ៊ុន កាពីតូល ១១. ក្រុមហ៊ុន ពន្លឺអង្គរខ្មែរដឹកជញ្ជូន ១២. ក្រុមហ៊ុនណាហ្គាត្រេនស្ព័ត ១៣. ក្រុមហ៊ុនវីរៈប៊នថាំ ១៤. ក្រុមហ៊ុន NATTANKAN Cambodia Co. Ltd ដឹកជញ្ជូនអ្នកដំណើរឆ្លងដែន៕
អត្ថបទ៖ មាន រតនា