ជិតភ្ជុំហើយ! តោះរៀនវេចនំអន្សមជ្រូកយកទៅវត្ត
- 2016-09-29 21:14:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតភ្ជុំហើយ! តោះរៀនវេចនំអន្សមជ្រូកយកទៅវត្ត
ចន្លោះមិនឃើញ
ថ្ងៃនេះជាបិណ្ឌទី១៣ Sabay សូមលើកយករូបមន្តធ្វើនំអន្សមជ្រូកណែនាំដោយចុងភ្នៅខ្នរមកបង្ហាញដល់ប្រិយមិត្តដែលត្រៀមនឹងធ្វើទៅវត្តថ្ងៃភ្ជុំ និងចែកចាយបងប្អូនញាតិមិត្តជិតឆ្ងាយ។
គ្រឿងផ្សំ៖
អង្ករដំណើប 5Kg, សណ្តែក 1.5Kg, សាច់ជ្រូក៣ជាន់ 1.5Kg , ខ្ទិះដូង 1.5Kg និងសាច់ដូង 0.5kg, ស្លឹកចេក និងម្សៅស៊ុបខ្នរ។ គ្រឿងផ្សំទាំងនេះអាចវេចអន្សមបានប្រហែល ២៥ ទៅ ៣០នំ អាស្រ័យលើទំហំនំធំ ឬតូច។
វិធីធ្វើ៖ -ស្លឹកចេកត្រូវហាលថ្ងៃឲ្យទន់បន្តិច -អង្ករដំណើបត្រូវលាងទឹកសម្អាត ដាក់ត្រាំទុកចោល១យប់ ឬយ៉ាងតិចណាស់ប្រហែល២ម៉ោង រួចទុកឲ្យស្ងួត លាយជាមួយខ្ទិះដូង និងម្សៅស៊ុបខ្នរ២ស្លាបព្រាបាយ -សណ្តែកត្រូវត្រាំប្រហែល២ម៉ោង និងលាងទឹកឲ្យស្អាត ហើយទុកឲ្យស្ងួត -សាច់ជ្រូក៣ជាន់ហាន់ជាចង្វាយវែងល្មម ប្រឡាក់គ្រឿងជាមួយម្សៅស៊ុបខ្នរ១ស្លាបព្រាកន្លះ
របៀបវេច៖ ដំបូងយកអង្ករដំណើបមកពង្រាយលើស្លឹកចេក បន្ទាប់មករោយសណ្តែកពីលើអង្ករដំណើប ដាក់សាច់ជ្រូក៣ជាន់នៅកណ្តាលសណ្តែក រួចរោយសណ្តែកនិងអង្ករដំណើបពីលើម្តងទៀត ហើយធ្វើការវេចខ្ចប់ដោយបត់ឲ្យជិតមាត់ម្ខាង ទុកចំហម្ខាង រួចយកធាងចេកសង្កត់ពីលើឲ្យហាប់ រួចបិតមុខដែលទុកចំហ ហើយយកខ្សែមកចងជាការស្រេច។ បន្ទាប់ពីរួចរាល់យកទៅស្ងោរពី៤ ទៅ៥ម៉ោង។
ប្រិយមិត្តដឹងពីរបៀបធ្វើហើយ កុំភ្លេចសាកល្បងធ្វើយកទៅវត្ត និងចែកចាយញាតិមិត្តណា! រូបមន្តនេះធានាថាឈ្ងុយឆ្ងាញ់មានជាតិតែម្ដង។