ក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) របស់កម្ពុជា លើកពានអ្នកទទួលសិទ្ធិផ្ដាច់មុខឆ្នើមប្រចាំឆ្នាំនេះ
- 2016-10-07 23:34:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) របស់កម្ពុជា លើកពានអ្នកទទួលសិទ្ធិផ្ដាច់មុខឆ្នើមប្រចាំឆ្នាំនេះ
ចន្លោះមិនឃើញ
ជាលើកទី១ហើយដែលពានរង្វាន់អ្នកទទួលសិទ្ធិផ្ដាច់មុខឆ្នើមប្រចាំឆ្នាំ (Franchisee of the Year Award) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ហើយក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) របស់កម្ពុជា ដែលបានទទួលសិទ្ធិផ្តាច់មុខក្នុងការបើកភោជនីយដ្ឋាន ដឹភីហ្សាខមផេនី (The Pizza Company) និងការ៉េម ស្វិនសិន (Swensen’s) នៅកម្ពុជា បានឈ្នះពានរង្វាន់អន្តរជាតិដំបូងនេះ។
ពិធីប្រគល់ពាន ធ្វើឡើងកាលពីថ្ងៃទី៣០ កញ្ញា ២០១៦ នៅទីក្រុងបាងកក ប្រទេសថៃ ខណៈដែលក្រុមហ៊ុនប្រកួតប្រជែងនៃប្រទេសជាង១០ផ្សេងទៀតនៅពិភពអារ៉ាប់ តំបន់អាស៊ីអាគ្នេយ៍ មិនអាចប្រជែងនឹងក្រុមហ៊ុនកម្ពុជាបាន។
ក្រុមហ៊ុន អ៊ី អេហ្វ ជី ដែលជាអ្នកទទួលសិទ្ធិផ្តាច់មុខក្នុងការបើកភោជនីយដ្ឋាន ដឹភីហ្សាខមផេនី (The Pizza Company) ហាងការ៉េម ស្វិនសិន (Swensen’s) និងម៉ាកអាហារល្បីៗមួយចំនួនទៀតនៅកម្ពុជា បានក្លាយជាម្ចាស់ពានរង្វាន់អ្នកទទួលសិទ្ធិផ្តាច់មុខឆ្នើមប្រចាំឆ្នាំ២០១៥ (Franchisee of the Year 2015 Award)។
ក្រុមហ៊ុន ម៉ាញនើហ្វូតគ្រូប (Minor Food Group) ដែលជាម្ចាស់កម្មសិទ្ធិម៉ាក ដឹភីហ្សាខមផេនី ចំនួនជា៣០៤កន្លែងលើពិភពលោក និងដែលជាអ្នកផ្ដល់សិទ្ធិឱ្យប្រើម៉ាក និងពាណិជ្ជសញ្ញាអាហាររបស់ខ្លួន បានបង្កើតពាន ហ្វ្រេនឆាយហ្ស៊ី (Franchisee Award) ជាលើកដំបូងក្នុងឆ្នាំ២០១៦។ មានតែក្រុមហ៊ុនអ៊ី អេហ្វ ជី របស់កម្ពុជាទេ ដែលទទួលបានពានរង្វាន់អន្តរជាតិនេះមុនគេបង្អស់ក្នុងពិភពលោក ដោយសារភាពខ្លាំងជាច្រើនក្នុងប្រតិបត្តិការអាជីវកម្មលើហាង ដឹភីហ្សាខមផេនី និងការ៉េម ស្វិនសិន។
ក្រុមហ៊ុន ម៉ាញនើហ្វូតគ្រូប បានប្រគល់ពានរង្វាន់ដ៏ថ្មីសន្លាងនេះ ឱ្យក្រុមហ៊ុន អ៊ី អេហ្វ ជី របស់កម្ពុជា កាលពីថ្ងៃទី៣០ កញ្ញា ២០១៦ នៅទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីបានវាយតម្លៃយ៉ាងល្អិតល្អន់លើក្រុមហ៊ុនប្រកួតប្រជែងមកពីជាង១០ប្រទេសផ្សេងៗគ្នា។ ក្រុមហ៊ុនទាំងនោះមានមកពីកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉េតអារ៉ាប់រួម បារ៉ែន អូម៉ង់ ជាដើម។
ការសម្រេចជ្រើសរើសយកក្រុមហ៊ុន អ៊ិចប្រេសហ្វូតគ្រូប ឱ្យលើកពានរង្វាន់អ្នកទទួលសិទ្ធិផ្ដាច់មុខឆ្នើមប្រចាំឆ្នាំ២០១៥ នាពេលនេះ គឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៤ចម្បងៗ។ នេះបើយោងតាមលោក ទេព វិរៈ នាយកគ្រប់គ្រងក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) ដែលបានបញ្ជាក់ថា ក្នុងចំណោមគុណសម្បត្តិទាំងនោះ មានដូចជា (១) ស្តង់ដារប្រតិបត្តិខ្ពស់ជាងគេ (ស្តង់ដារផលិតផល សេវាកម្ម និងអនាម័យ (២) កំណើនការលក់រវាងហាងនិងហាងបានខ្ពស់ជាងគេ (៣) ទទួលបានប្រាក់ចំណូលច្រើនជាងគេ និង (៤) ការពង្រីកសាខាភោជនីយដ្ឋានបានឈានមុខគេ។
លោក ទេព វិរៈ បានដឹកនាំក្រុមហ៊ុននេះអស់រយៈពេលជាង១០ឆ្នាំមកហើយ គឺចាប់តាំងពីការបង្កើតភោជនីយដ្ឋាន ដឹភីហ្សាខមផេនី ដំបូងនៅកម្ពុជាក្នុងឆ្នាំ២០០៥។ លោកថ្លែងថា៖ "ខ្ញុំពិតជាមានសេចក្ដីសោមនស្សណាស់ដែលបានទទួលពានរង្វាន់អ្នកទទួលសិទ្ធិផ្ដាច់មុខឆ្នើមពីក្រុមហ៊ុន ម៉ាញនើហ្វូតគ្រូប មុនគេដូច្នេះ។ នេះជាមោទនភាពរបស់ក្រុមហ៊ុន អ៊ី អេហ្វ ជី របស់កម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់លើគ្រប់ផ្នែក និងដែលបានបំពេញចិត្តអតិថិជនបានយ៉ាងល្អឥតខ្ចោះក្នុងពេលកន្លងទៅ។ យើងទាំងអស់គ្នានៅតែបន្តបេសកកម្មធ្វើឲ្យអតិថិជនសប្បាយចិត្ត We Smile, We Make Our Customer Happy"។
ក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាកាលពីឆ្នាំ២០០៤ ហើយមាន៤២កន្លែងហើយមកដល់ពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុននេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេគ្រូប (RMA Group) នៅប្រទេសថៃ។ ក្នុងរយៈពេល១០ឆ្នាំនៃដំណើរការរបស់ខ្លួន ក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) ដែលទទួលបានសិទ្ធិផ្តាច់មុខលើម៉ាកអាហារល្បីៗមួយចំនួនទៀត ដូចជា ប៊ីប៊ីឃ្យូ ឈីកខិន (BBQ Chicken) កូស្តាកាហ្វេ (Costa Coffee) ដេរី ឃ្វីន (Dairy Queen) និង គ្រីស្ពីគ្រីម (Krispy Kreme) បានបើកភោជនីយដ្ឋាន ដឹភីហ្សាខមផេនី ចំនួន២១កន្លែងហើយ ទាំងនៅរាជធានីភ្នំពេញ ទាំងនៅខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ និងកណ្ដាល៕
អត្ថបទ៖ ពាណិជ្ជកម្ម