សាត រស្មី មានទីផ្សារសិល្បៈក្រោយផ្ទុះរឿងជាមួយ ជៀស ស្រួច
- 2016-10-11 18:06:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាត រស្មី មានទីផ្សារសិល្បៈក្រោយផ្ទុះរឿងជាមួយ ជៀស ស្រួច
ចន្លោះមិនឃើញ
បន្ទាប់ពីផ្ទុះរឿងអាស្រូវជាមួយកីឡាប្រដាល់ ជៀស ស្រួច រួចមកមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាព សាត រស្មី នោះទេ។ ផ្ទុយទៅវិញនាងបែរជាមានទីផ្សារការងារសិល្បៈខ្ពស់ជាងមុន។ សាត រស្មី ប្រាប់ Sabay នៅក្នុងពិធីសម្ពោធរឿង "ត្រកូលអ្នកប្រដាល់" ល្ងាចមិញនៅរោងភាពយន្ត Major Cineplex By Cellcard។
សាត រស្មី ថ្លែងថា "ច៎ាសបងបន្ទាប់ពីមានរឿងរ៉ាវជាមួយគាត់(ជៀស ស្រួច)រួចមកមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ខ្ញុំនោះទេ កាន់តែធ្វើឲ្យបងប្អូនមួយចំនួនអាណិតខ្ញុំថែមទៀត ពេលពួកគាត់បានដឹងរឿងពិតរបស់ខ្ញុំ ពេលនេះមានផលិតកម្មមួយចំនួនបានទាក់ទងឲ្យខ្ញុំថតរឿងថ្មីជាបន្តបន្ទាប់ ហើយខ្ញុំក៏មិនចង់រំលឹករឿងរ៉ាវខ្ញុំជាមួយគាត់កាលពី១០ ឆ្នាំមុនដែរឲ្យចប់ត្រឹមហ្នឹងទៅចុះ"។
ដោយឡែកលោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture ក៏បានលើកឡើងថាមូលហេតុដែលលោកជ្រើសរើស សាត រស្មី មកសម្តែងជាតួឯកស្រីនៅក្នុងរឿង "ត្រកូលអ្នកប្រដាល់" ដោយសារតែលោក គិតថា នាងខកខានចូលប្រឡូកសិល្បៈអស់រយៈ ពេលជាច្រើនឆ្នាំ ហើយទស្សនិកជនដែលស្រឡាញ់ និងគាំទ្រនាងប្រាកដជាចង់ទស្សនាខ្សែភាពយន្តដែលសម្តែងដោយនាងផ្ទាល់។
"បាទរឿងនេះតួឯកស្រីសម្តែងដោយ រស្មី ខ្ញុំមិនមានអ្វីដែលត្រូវព្រួយបារម្ភថាទស្សនិកជនមិនគាំទ្ររឿងដែលសម្តែងដោយ រស្មី នោះទេ ព្រោះទស្សនិកជនជាច្រើនដែលស្រឡាញ់ និងគាំទ្រគាត់ នៅតែចង់ទស្សនាខ្សែភាពយន្តរបស់គាត់ដដែល ហើយនៅក្នុងរឿង "ត្រកូលអ្នកប្រដាល់" រស្មីគាត់សម្តែងបានល្អ"។ លោក លៀក លីដា ថ្លែង។
រឿង "ត្រកូលអ្នកប្រដាស់" ជាខ្សែភាពយន្តបែបកំប្លែងសើច ចូលរួមសម្តែងដោយ នាយ គ្រឿន សាត រស្មី ពែក មី ខ្ញុង លឹម ជាឡាយ BIG តារាហ្វេសប៊ុក PeyPey Dy រួមទាំងតារាកិត្តិយសជាច្រើនរូបទៀត។ រឿង "ត្រកូលអ្នកប្រដាល់" នឹងចាក់បញ្ចាំងនៅរោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នេះហើយ។
ដើម្បីឲ្យកម្មវិធីកាន់តែសប្បាយរីករាយនៅក្នុងឱកាសសម្ពោធរឿង "ត្រកូលអ្នកប្រដាល់" កាលពីម្សិលមិញនេះមានក្រុមយុវជនមួយក្រុម បានបញ្ចេញក្បាច់រាំដ៏គួរឲ្យចាប់អារម្មណ៍។
តោះទស្សនាក្បាច់រាំរបស់យុវជនមួយក្រុមនេះទាំងអស់គ្នា៖
អត្ថបទ៖ ឆុង ស៊ីណាន