ផលិតករ អះអាង​ពី​ភាព​ជោគជ័យ​កម្មវិធី​ល្បី​ លំដាប់​ថ្នាក់​ពិភព​លោក

  • 2016-10-15 15:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គង់ រចនា​ ផលិតករ​កម្មវិធី I Am a Singer Cambodia បាន​ថ្លែង​មក​កាន់ Sabay ពី​ភាព​ជោគជ័យ​របស់​កម្មវិធី​ដែល​បាន​ទិញ​សិទ្ធិ​មក​ពី​បរទេស​​ផលិត​ឡើង​វិញ ហើយ​នៅ​ម៉ោង​៨​យប់​នេះ​កម្មវិធី​ដែល​លោក​ជា​ផលិតករ ​ឈាន​មកដល់វគ្គ​លើក​ពាន​ហើយ។

 

 

 ​​​​​​​​​​​​​​​​​(លោក គង់ រចនា​ ផលិតករ​កម្មវិធី I Am a Singer Cambodia )

 

ផលិត​ករ​ខាង​លើ​បាន​លើក​ឡើង​ថា លោក​បាន​ចូល​រួម​ជាមួយ​ក្រុម​ការងារ​ផ្សេង​ទៀត ​នៅ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​ល្បីៗ​របស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស ហើយ​ថ្មីៗ​នេះ​ លោក​បាន​ធ្វើ​ជា​ផលិតករ​ក្នុង​កម្មវិធី​ការ​ប្រឡង​ប្រជែង​តារា​ចម្រៀង​អាជីព​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ​ I Am a Singer ដោយ​លោក​ជា​ផលិតករ​ផ្នែក Script និង ពិធីករ។

 

"ភាព​ជោគ​ជ័យ​ចម្បង​នោះ​ គឺ​យើង​អាច​ធ្វើ​ការងារ​ជា​ក្រុម​ហើយ​ក្រុម​ការងារ​ទាំង​អស់​សហការ​គ្នា ​និង​យក​ចិត្ត​ទុក​ដាក់​មាន​ទំនួល​ខុស​ត្រូវ​រៀង​ៗ​ខ្លួន"។

 

លោក​បន្ត​ទៀត​ថា​​ មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​ទម្រាំ​តែ​កម្មវិធី​មួយ​អាច​ដំណើរ​ការ​បាន​រលូន​​ក្រុម​ការងារ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់​ និង​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ជាពិសេស​ពេល​ទទួល​រង​ការ​រិះ​គន់។ "ធម្មតា​យើង​ធ្វើ​អី​តែង​តែ​មាន​ការ​រិះគន់​ និង​សរសើរ​​អញ្ចឹង​ហើយ ពេល​ជួប​ការ​រិះ​គន់​ម្ដង​ ក្រុម​ការងារ​តែង​តែ​ប្រជុំ​រក​ដំណោះ​ស្រាយ​អ្វី​មួយ​​ដើម្បី​ឲ្យ​អ្នក​ទស្សនា​ គាត់​យល់​ច្បាស់​ពី​កម្មវិធី​ ហើយ​យើង​តែង​តែ​ធ្វើ​វា​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់​​ដើម្បី​ឲ្យ​ពួក​គាត់​ស្រួល​យល់" លោក​បន្ថែម។

 

 

លោក​នៅ​តែ​សង្កត់​ធ្ងន់​ថា​​ ការងារ​ជា​ក្រុម​ គឺ​ជា​រឿង​មួយ​យ៉ាង​សំខាន់​ដើម្បី​សម្រេច​អ្វីមួយ ហើយ​កម្មវិធី ​​​​​​​​I Am a Singer Cambodia ដែល​លោក​ជា​ផលិតករ​ Script និង ពិធីករ នៅ​វេលា​ម៉ោង ៨​យប់​នេះ​ នឹង​ឈាន​មក​ដល់​វគ្គ​លើក​ពាន​ហើយ​ដែល​មាន​វត្តមាន​តារា​ចម្រៀង​អាជីព ៧​រូប យក់ ដួង​តារា ឈិត សុវណ្ណបញ្ញា ដួង វីរៈសិទ្ធ សួស វីហ្សា វី ឌីណែត នៅ ស៊ីនឿន និង ផន ស្រីខួច បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រកួត​ប្រជែង៕

 

 

អត្ថបទ៖ SAMEDY​

អត្ថបទថ្មី