រឿងពិតរបស់អ្នកបើកយន្តហោះវ័យក្មេងកម្ពុជា អាយុត្រឹម ១៩ឆ្នាំបញ្ចប់ការសិក្សានៅអាមេរិក
- 2016-10-20 23:12:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិតរបស់អ្នកបើកយន្តហោះវ័យក្មេងកម្ពុជា អាយុត្រឹម ១៩ឆ្នាំបញ្ចប់ការសិក្សានៅអាមេរិក
ចន្លោះមិនឃើញ
ស្ថិតក្នុងវ័យត្រឹម១៩ឆ្នាំ យុវជន លឹមស្រេង សេដ្ឋាមុនី ទើបបានបញ្ចប់ការសិក្សាដោយជោគជ័យលើជំនាញបើកបរយន្តហោះមកពីសាលា Transpac Aviation Academy របស់សហរដ្ឋអាមេរិក និងបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីចុងខែកញ្ញា ឆ្នាំ២០១៦នេះ។
សេដ្ឋាមុនី បានអោយដឹងថា ខ្លួនបានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០១៤ រួចក៏បានចូលរៀននៅមហាវិទ្យាល័យរយៈពេល១ឆ្នាំ។ ប៉ុន្តែដោយសារចិត្តស្រលាញ់នឹងការបើកបរយន្តហោះតាំងពីតូចមក ទីបំផុតខ្លួនក៏សម្រេចចិត្តសុំឪពុកម្ដាយ ប្ដូរទៅរៀនជំនាញមួយនេះវិញ។
យុវជនរូបសង្ហា បានរៀបរាប់ទៀតថា កាលពីអាយុ១៣ឆ្នាំ គឺជាពេលវេលាដំបូងបំផុត ដែលខ្លួនបានជិះយន្តហោះ ហើយក៏ជាពេលដែលសុបិនចង់ក្លាយជាអ្នកបើកបរយន្តហោះបានផុសចេញពីក្នុងចិត្តតែម្ដង។ យុវជនមានស្រុកកំណើតនៅទីក្រុងភ្នំពេញរូបនេះបានបន្តថា ដំបូងឡើយឪពុកម្ដាយក៏មិនសូវពេញចិត្តនឹងការរៀនជំនាញនេះដែរ ប៉ុន្តែដោយសារតែខ្លួនស្រលាញ់ខ្លាំង និងមានការជួយសម្របសម្រួលពីបងស្រីផង ទើបធ្វើអោយឪពុកម្ដាយរបស់មុនី អនុញ្ញាតអោយបន្តការសិក្សាលើជំនាញមួយនេះ។
មិនខុសពីបេក្ខភាពមកពីប្រទេសដទៃ មុននឹងអាចចុះឈ្មោះចូលរៀននៅសាលាបង្រៀនបើកបរយន្តហោះនេះ មុនី ត្រូវពិនិត្យសុខភាព ធ្វើតេស្តភាសាអង់គ្លេស និងឆ្លងកាត់សម្ភាសន៍ជាមុនសិន។ ចំណែកឯការសិក្សាវិញគឺ មានទាំងទ្រឹស្ដី និង ការអនុវត្តជាក់ស្ដែង។ "នៅទីនោះគឺយើងត្រូវខិតខំរៀនសូត្រជាខ្លាំង ហើយស្ទើរតែគ្មានពេលដើរលំហែកាយនោះឡើយ ព្រោះក្នុងនាមជាអ្នកបើកយន្តហោះមួយរូបគឺទាមទារអោយមានភាពម៉ឺងម៉ាត់ ភាពច្បាស់លាស់ និងស្មារតីរឹងមាំជាចាំបាច់ ព្រោះថាអាយុជីវិតរបស់អ្នកដំណើរទាំងអស់គឺត្រូវផ្ញើលើអ្នកបើកបរទាំងស្រុង។" នេះជាការលើកឡើងរបស់មុនី។
មិនតែប៉ុណ្ណោះ មុននឹងអាចឈានទៅប្រឡងយកសញ្ញាប័ត្រសម្រាប់អ្នកបើកបរយន្តហោះអាជីពបាន មុនី ត្រូវចំណាយពេលសិក្សា និងអនុវត្តសរុបចំនួន១៣ខែ។ សព្វថ្ងៃ យុវជនវ័យក្មេងរូបនេះ ក៏កំពុងរៀបចំបែបបទ និងឯកសារមួយចំនួន ដើម្បីដាក់ពាក្យចូលបម្រើការងារនៅតាមបណ្ដាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកផងដែរ។ លើសពីនេះទៅទៀត គោលបំណងទៅថ្ងៃអនាគតគឺ មុនីចង់បន្តការសិក្សាបន្ថែមសម្រាប់ឈានទៅបើកបរយន្តហោះធន់ធ្ងន់ដូចជាប្រភេទ Airbus 380 និង Boeing 777 ជាដើម៕
អត្ថបទ៖ ចន្ថា