កុមារ និង​យុវជន​ឃុំ​កំពង់កុង សាមគ្គី​គ្នា​សាងសង់​ទីលាន​បាល់ទាត់​ថ្មី

  • 2016-10-23 16:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​បច្ចុប្បន្ន​កំពុង​រីក​ចម្រើន​គួរ​ឲ្យ​កត់​សំគាល់​ទាំង​ទម្រង់​លេង​របស់​កីឡា​ករ​​ ទាំង​សន្ទុះ​អ្នក​គាំទ្រ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ពេល​ប្រកួត​កម្រិត​អន្តរជាតិ​របស់​កម្ពុជា​ម្ដងៗ។ក្រឡេក​ទៅ​មើល​តាម​និគម​ជនបទ​ស្រុក​ស្រែ​វិញ កីឡា​បាល់ទាត់​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​សម្រាប់​យុវជន​យុវជន​និង​កុមារ​តូចៗ។

 

 

នៅ​ក្នុង​ឃុំកំពង់កុង ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល​ឯណោះ​វិញ យុវជន​ស្រឡាញ់​បាល់ទាត់​មួយ​ក្រុម​បាន​នាំ​គ្នា​សុំ​ទីធ្លា​ដី​ទំនេរ​មួយ​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​វត្ត​ជ្រុងរមាស ដើម្បី​សាង​សង់​ជា​ទីលាន​បាល់ទាត់​ ព្រោះ​ខ្សត់​ទីធ្លា​សម្រាប់​លេង​បាល់​ពេក។

 

ដោយសារ​មាន​ការ​យល់ស្រប​ពី​សំណាក់​គណៈកម្មការ​វត្ត​និង​ព្រះ​គ្រូ​ចៅ​អធិការ​ ក៏​សម្រេច​ចេញ​​​លិខិត​អនុញ្ញាត​ឲ្យ​សាងសង់​នៅ​លើ​ដី​នោះ​ដល់​ពួកគេ ថែម​ទាំង​មាន​ការ​ដឹង​លឺ​ពី​ឃុំ​សង្កាត់​ផង​ដែរ។មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ថែម​ទាំង​ជួយ​ចេញ​បច្ច័យ​របស់​​ព្រះ​អង្គ​ផ្ទាល់​ជួល​ត្រាក់ទ័រ​មក​ឈូស​ឆាយ​ដី​នៅ​ខាង​មុខ​វត្ត​នោះ​ឲ្យ​ទៀត។

 

 

តំណាង​ឲ្យ​ក្រុម​យុវជន ហេង ឡុង ជា​សិស្ស​ថ្នាក់​ទី​៩ នៃ​វិទ្យាល័យ​ហ៊ុនសែន​កំពង់កុង បាន​ប្រាប់​ថា​ពួកគេ​សប្បាយ​ចិត្ត​នៅ​ពេល​វត្ត​អនុញ្ញាត​ឲ្យ​សាង​សង់​ទីលាន​បាល់​ទាត់​នេះ។ ពិសេស​ទៀត​នោះ​គឺ​ព្រះ​ចៅ​អធិការ​​​ជួយ​បច្ច័យ​ឈូស​ឆាយ​ទីលាន​ឲ្យ​រាប​ស្មើ។ នៅ​ពេល​ឈូស​ឆាយ​​​​​​​​​​​​​ទីលាន​នោះ​រួចរាល់​ហើយ រយៈពេល​មួយ​ខែ​​ក្រោយ​ទើប​ពួកគេ​រក​ជំនួយ​ជា​លុយ​បាន​គ្រប់​ចំនួន​ដើម្បី​ទិញ​ដែក​មក​ធ្វើ​ជា​បង្គោល​ទី​សង​ខាង។

 

ហេង ឡុង បាន​ប្រាប់​ទៀត​ថា​ពួកគេ​បាន​សរសេរ​លិខិត​ដើម្បី​សុំ​ជំនួយ​ជា​ទឹក​ប្រាក់​សម្រាប់​ទិញ​ដែក​បង្គោល​ទី​ចំនួន ៥ច្បាប់ ជួន​ទៅ​សាលារៀន​និង​ធនាគារ​ដែល​នៅ​ក្នុងឃុំ​។ ជា​លទ្ធផល​រយៈពេល​មួយ​ខែ​ទើប​ពួកគេ​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​ទឹក​ប្រាក់​ត្រលប់​មក​វិញ ពី​សាលារៀន​ចំនួន​ ៣ ក្នុង​នោះ​មាន​សាលា​ឯកជនមួយ។ ទោះ​យ៉ាង​ណា លុយ​ដែល​ជួយ​ពី​សាលារៀន​ទាំងនោះ​មិន​ទាន់​គ្រប់​ចំនួន​នៅ​ឡើយ​ទេ ទាល់​តែ​ពួកគេ​រៃ​លុយ​គ្នា​បន្ថែម​ តាំង​ពី​ថ្នាក់​ទី៧ ទី៨ ដល់ទី៩ ទាំង​សិស្ស​ប្រុស សិស្សស្រី​ដែល​ចូលចិត្ត​បាល់ទាត់ ទើប​គ្រប់​ចំនួន​ដើម្បី​យក​មក​ធ្វើ​បង្គោល​ទី​ដែក​នោះ។

 

ការ​ចំណាយ​ទឹកប្រាក់​សាងសង់​ទីលាន​បាល់​នេះ ហេង ឡុង បាន​បញ្ជាក់​ថា​ឈូស​ឆាយ​ដី អស់​ទឹក​ប្រាក់​ចំនួន ២៨ម៉ឺនរៀល ឯ​បង្គោល​ទី​អស់​ទឹក​ប្រាក់​ចំនួន ៣៦ម៉ឺនរៀល ។ នៅ​ពេល​ឃើញ​ពួកគេ​ដាំ​បង្គោល​ទី​រួច​ហើយ ទើប​ធនាគារ​អេស៊ីលីដា​បាន​ផ្ដល់​ទឹក​ប្រាក់ ៤០ដុល្លា​បន្ថែម​ទៀត។ បន្ទាប់​មក​ពួកគេ​យក​លុយ​នោះ​ទិញ​ថ្នាំ​លាប​បង្គោល​ទី ទិញ​ធុង​សំរាម និង​ចាក់​ដី​បំពេញ​កន្លែង​ដែល​ហូរ​ដាច់​ដោយសារ​ទឹកភ្លៀង។

 

ថ្វី​ត្បិត​តែ​ទី​លាន​បាល់​ទាត់​នោះ​មាន​បណ្ដោយ ៦០ម៉ែត្រ និង​ទទឹង ៣០ ម៉ែត្រ រាង​តូច​បន្តិច​មិន​ត្រូវ​តាម​ទំហំ​ស្តង់ដារ​ក៏ដោយ ក៏​យុវជន​ទាំង​នោះ​រីករាយ​នឹង​សមិទ្ធិផល​ដែល​ទទួល​បាន កើត​ចេញ​ពី​កម្លាំង​សាមគ្គី​គ្នា​របស់​សិស្សានុសិស្ស​ទាំងអស់​នៅ​ក្នុង​ឃុំ​របស់​ពួកគេ។ ហេង ឡុង សង្ឃឹម​ថា ទីលាន​បាល់ទាត់​មួយ​នេះ​នឹង​អាច​ទាក់ទាញ​យុវជន ព្រម​ទាំង​កុមារ​ជាច្រើន​ឲ្យ​លេង​កីឡា​បាល់ទាត់ ដើម្បី​ជៀសវាង​ការ​សេព​គ្រឿងញៀន និង​អំពើ​អបាយ​មុខ​ផ្សេងៗ៕

 

 

 

 

 

 

 

 

អត្ថបទ៖ ថន ស៊ុយទ្រី

អត្ថបទថ្មី