​អាង​កំពីង​ពួយ​ទី​លំហែ​កាយ​​ស្រូប​ខ្យល់​បរិសុទ្ធ​ និង​សំបូរ​​ម្ហូប​ធម្មជាតិ

  • 2016-10-26 19:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាង​​កំពីងពួយ​ជា​រមណីយដ្ឋាន​ដ៏​ស្រស់​បំព្រង​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ភ្នំ​ពីរ​ គឺ​ភ្នំ​គល់ និង ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់​ដំបង មាន​ចម្ងាយ​ប្រមាណ​ជា ៣៥ គីឡូម៉ែត្រ។ រមណីយដ្ឋាន​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ ទៅ​សម្រាក​លំហែ​កាយ​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​ ជិះ​ទូក ទស្សនា​ភ្នំ និង ហែល​ទឹក។ ទន្ទឹមគ្នា​នេះ បឹង​កំពីងពួយ​ក៏​សម្បូរ​ម្ហូប​ឆ្ងាញ់​និង​ធម្មជាតិ។

 

លោក ណារ៉ា អ្នក​លក់​ម្ហូប​អាហារ​ នៅ​បឹង​កំពីងពួយ បាន​រៀបរាប់​ប្រាប់​ក្រុមការងារ​ "ផ្លូវ​ទៅ​ស្រុក" ថា បឹង​កំពីងពួយ​រមែង​មាន​មនុស្ស​ម្នា​មក​ពី​គ្រប់ទិសទី​មក​លេង​តំបន់​នេះ​ច្រើន​ ហើយ​ជា​ពិសេស​នៅ ក្នុង​រដូវ​វស្សា​គឺ​មាន​ទឹក​ច្រើន និង មាន​ខ្យល់​អាកាស​ត្រជាក់​អាច​ធ្វើ​ឲ្យ​ភ្ញៀវ​មក​លេង​រសាត់​អស់​​ទុក្ខ​កង្វល់​តាមរយៈ​ការ​លេង​ទឹក ជិះ​ទូក និង ទស្សនា​ទេសភាព​ភ្នំ ជាដើម។

 

ក្រៅពី​លំហែលំហើយ​អារម្មណ៍​នឹង​សម្រស់​ធម្មជាតិ​អាង​ស្ដុក​ទឹក​​កំពីងពួយ ក៏​អាច​​ភ្លក់​រសជាតិ​ម្ហូប​អាហារ​បែប​ស្រែ និង មិន​មាន​ជាតិ​គីមី ពី​ស្នាដៃ​ចុងភៅ​អ្នក​ភូមិ។ នៅ​ទីនេះ​ម្ហូប​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បំផុត​គឺ​មាន់​ដុត និង ត្រី​ដុត ដែល​មាន​តម្លៃ​សមរម្យ។ ណារ៉ា និយាយ។

 

ចង់​ដឹង​ការ​រៀបរាប់​ច្រើន​ទៀត​ពី​ ណារ៉ា សូម​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

គួរ​បញ្ជាក់​ថា ទំនប់​អាង​​កំពីងពួយ​មាន​បណ្ដោយ​ ៧ ៥០០ ម៉ែត្រ និង ទទឹង ១ ៩០០ ម៉ែត្រ អាច​ផ្ទុក​ទឹក​បាន​ចំនួន ១១០​លាន​ម៉ែត្រ​គូប នៅ​ក្នុង​រដូវ​វស្សា​ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​ស្រោចស្រព​នៅ​ក្នុង​វិស័យ​កសិកម្ម។

 

ដើម​ឡើយ​អាង​កំពីងពួយ គឺជា​ទី​កន្លែង​ដែល​មាន​មនុស្ស​ស្លាប់​ជាច្រើន​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ចន្លោះ ១៩៧៦ ដល់ ឆ្នាំ ១៩៧៧ ដោយ​សារ​តែ​ខ្មែរ​ក្រហម​បាន​បង្ខំ​ឲ្យ​មនុស្ស​​កសាង​អាង​កំពីងពួយ​នេះ ប៉ុន្តែ ឥឡូវ​វា​ប្រែ​ក្លាយ​ទៅ​ជា​រមណីយដ្ឋាន​ដ៏​ទាក់ទាញ ហើយ​ភ្ញៀវ​ទេសចរ​បាន​ទៅ​លេង​ច្រើន​គឺ​នៅ​ថ្ងៃ​សៅរ៍ អាទិត្យ និង ថ្ងៃ​បុណ្យ​ទាន​ធំៗ៕

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី