យុវវ័យយល់យ៉ាងណាចំពោះពិធីបុណ្យ Halloween នៅកម្ពុជា?
- 2016-10-31 18:38:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យយល់យ៉ាងណាចំពោះពិធីបុណ្យ Halloween នៅកម្ពុជា?
ចន្លោះមិនឃើញ
ពិធីបុណ្យ Halloween ត្រូវបានប្រារព្ធធ្វើរៀងរាល់ឆ្នាំនៅប្រទេសជាច្រើននាចុងខែតុលា ហើយគេសង្កេតឃើញថាយុវវ័យខ្មែរបច្ចុប្បន្នក៏បានចូលរួមអបអរក្នុងពិធីបុណ្យនេះដែរ ដូចជាគូរមុខមាត់ ស្លៀកពាក់ដូចជាខ្មោច បិសាច ជាដើម។ តើយុវវ័យខ្មែរ យល់យ៉ាងណាដែរចំពោះពិធីបុណ្យនេះ?
សេង វិសិដ្ឋ ដែលជានិស្សិតកំពុងសិក្សាជំនាញទេសចរណ៍ឆ្នាំទី៤ និងជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនជុំវិញពិធីបុណ្យ Halloween ដែលកំពុងតែត្រូវបានគេប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងជាពិសេសក្នុងរាជធានីភ្នំពេញតែម្ដង។ យុវជនវ័យ ២០ឆ្នាំនេះបានលើកឡើងថា៖ "ចំពោះខ្ញុំវិញក្នុងនាមជានិស្សិតមួយរូបក៏ដូចជាពលរដ្ឋខ្មែរមួយរូបដែរ ខ្ញុំយល់ឃើញថាទាក់ទងនឹងពិធីបុណ្យ Halloweenសព្វថ្ងៃនេះវាជារឿងធម្មតាទៅហើយដោយសារតែយើងសង្កេតមើលឃើញនៃភាពលំហូរចូលវប្បធម៌បរទេសចេះតែលាយឡំចូលគ្នាទៅ ធ្វើអោយការទទួលយកវប្បធម៌ពីបណ្ដាយុវវ័យទទួលយកអីដែលជាវប្បធម៌បរទេស"។
វិសិដ្ឋ បានបន្តទៀតថា៖ "ខ្ញុំគិតថាបើការដែលទទួលយកនេះវាស្ថិតនៅក្នុងភាពដែលថាមានកំណត់ជារឿងដែលល្អវិញ មានន័យថាទោះបីជាយើងទទួលយកវប្បធម៌បរទេសមកប្រារព្ធធ្វើក៏ពិតមែនប៉ុន្តែយើងក៏អត់ចោលអ្វីដែលជាអត្តសញ្ញាណរបស់យើងទេ"។
ទាក់ទងនឹងចំណុចដែលចោទសួរថាតើពិធីបុណ្យ Halloween នេះអាចប៉ះពាល់ដល់វប្បធម៌ខ្មែរយើងទេយុវជនរូបនេះបានឆ្លើយតបថា៖ " ចំណុចនេះ ខ្ញុំយល់ឃើញថាយើងត្រូវតែសង្កត់ធ្ងន់មែនទែន ទោះបីជាយើងប្រឡូកក្នុងវប្បធម៌បរទេសក៏ដោយ យើងត្រូវប្រាកដថាយើងជាជនជាតិខ្មែរ យើងទៅចូលរួមត្រូវតែមានព្រំដែនក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរ" ។
ចំពោះ ច័ន្ទរាសី ក៏មានការយល់ឃើញដូចយុវជនខាងលើដែរ ប៉ុន្តែទាក់ទងនឹងការតុបតែងខ្លួនវិញយុវតីរូបនេះលើកឡើងថា៖ "យុវវ័យខ្មែរយើងបច្ចុប្បន្នមួយចំនួនតូចដូចជាលើស ចង់និយាយថាដូចជា ផាត់មុខ ឬការតែងខ្លួនអីដូចជារាងលើសពេក ចឹងទៅធ្វើអោយចាស់ទុំគាត់គិតថាអត់សម"។ យុវតីរូបនេះបន្តទៀតថា វាដូចជាអត់អីទេបើសិនជាពួកគាត់យល់អោយច្បាស់ពីពិធីបុណ្យហ្នឹង ដោយសារនឹងគឺជាសម័យដែលកំពុងតែអភិវឌ្ឍ ពេលខ្លះវប្បធម៌ទំនៀមទម្លាប់បានផ្លាស់ប្ដូរគ្នា ប៉ុន្តែធ្វើអ្វីឱ្យច្បាស់កុំលើសពេក។ ពិធីបុណ្យ Halloween នេះ ភាគច្រើនគេប្រារព្ធធ្វើនៅប៉ែកអឺរ៉ុប និងនៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោកដែលទាក់ទងនឹងជំនឿក្នុងសាសនាគ្រឹស្ដ។ ពិធីបុណ្យនេះតម្រូវឱ្យមានការតុបតែងខ្លួនប្លែកៗ ដូចជាខ្មោចជាដើម។ បច្ចុប្បន្នពិធីបុណ្យនេះក៏បានហូរចូលមកកម្ពុជាយើងដែរ ហើយគេសង្កេតឃើញថាមានការពេញនិយមជាខ្លាំងពីសំណាក់យុវវ័យខ្មែរ ដែលពួកគេហាក់សប្បាយរីករាយនឹងពិធីបុណ្យនេះនៅតាមបណ្ដាកន្លែងកម្សាន្តនានា ជាពិសេសក្នុងរាជធានីភ្នំពេញតែម្ដង៕
ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ