ដឹង​ទេ​ថា​ អ្នក​អូស​រទេះ​នៅ​ប៉ោយប៉ែត​អាច​អូស​ទម្ងន់​ខ្ទង់​តោន​ដោយ​កម្លាំង​សុទ្ធសាធ?​

  • 2016-11-05 20:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​ជា​កម្មករ​អូស​រទេះ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ គឺ​ប្រើប្រាស់​កម្លាំង​សុទ្ធសាធ ​ដើម្បី​រក​ប្រាក់​​ចិញ្ចឹម​ជីវិត។ តើ​រទេះ​មួយ​អាច​ដឹក​ទំនិញ​ប៉ុន្មាន​គីឡូ ឬ ប៉ុន្មាន​តោន? រទេះ​អូស​សម្រាប់​ដាក់​ទំនិញ​ចេញ​ចូល​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​ គឺ​មាន​ ៣​ប្រភេទ​ រទេះ​តូច​ដឹក​បាន​ក្រោម​១តោន​ ​រទេះ​ធន់​កណ្ដាល​គឺ​ដឹក​ចន្លោះ​ពី​២-៣​តោន និង​រទេះ​ធំ​ដឹក​រហូត​ដល់​ទៅ​៥-៦ តោន​ក៏​មាន។

 

 

កំពុង​អង្គុយ​នៅ​ក្បែរ​ផ្លូវ​រថភ្លើង​ម្ដុំ​ផ្សារ​រោងក្លឿ​ប្រទេស​ថៃ បុរស​វ័យ ២៥ ឆ្នាំ លោក សុភា បាន​ប្រាប់​ក្រុម​ការងារ ​"ផ្លូវ​ទៅ​ស្រុក"​ថា រទេះ​អូស​ដឹក​ឥវ៉ាន់​នៅ​ទី​នេះ​គឺ​មាន​បី​ប្រភេទ គឺ​រទេះអូស​តូច​ ​កណ្ដាល និង​ធំ។ "រទេះ​ដែល​ខ្ញុំ​កំពុង​អង្គុយ​លើ​នេះ​ជា​ប្រភេទ​រទេះ​អូស​ដឹក​ទំនិញ​ធន់​កណ្ដាល​អាច​អូស​ឥវ៉ាន់​ទម្ងន់​ពី ២-៣ តោន"។

 

“ពេល​អាកាសធាតុ​ក្ដៅ​អីចឹង! យើង​អស់​កម្លាំង​ ហើយ​បើ​ដឹក​ធ្ងន់​ គឺ​យើង​ដាក់​ម៉ូតូ​ តែ​ដល់​ច្រក​ទ្វារ​ព្រំដែន​ត្រូវ​អូស​រទេះ​ឥវ៉ាន់ ដោយ​កម្លាំង ដើម្បី​ឲ្យ​គេ​ត្រួត​ពិនិត្យ​តើ​ឥវ៉ាន់​ត្រូវ​ជាប់​ពន្ធ​ឬ​អត់ តែ​បើ​ឥវ៉ាន់​ដូចជា​ផ្លែ​ឈើ​អត់​ជាប់​ពន្ធ​ទេ។" សុភា និយាយ​បន្ថែម។

 

បុរស​កូន​ ១ រូប​នេះ បាន​និយាយ​ទៀត​ថា មុខ​របរ​អូស​រទេះ​ គឺ​ប្រើ​កម្លាំង​ខ្លាំង តែ​រឿង​ចំណូល​វិញ​​មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោ ដោយ​ថ្ងៃ​ខ្លះ​រក​លុយ​មិន​បាន​មួយ​រៀល​ក៏​មាន​ ព្រោះ​យើង​មិន​សូវ​មាន​ម៉ូយ​ដូច​គេ។ តែ​ថ្ងៃ​ខ្លះ​រក​បាន​ច្រើន​គឺ​ចន្លោះ​ពី ៥០ ០០០ រៀល​ ទៅ​ ៦០ ០០០ រៀល​ក្នុង​១ថ្ងៃ។

 

ក្នុង​១ថ្ងៃ​អូស​ចន្លោះ​ពី​ ៣ទៅ៤ ជើង​ ក្នុង​១ជើង​ចន្លោះ​ពី ១០ ០០០រៀល ទៅ ៣០ ០០០ រៀល​ដោយ​គិត​តាម​ឥវ៉ាន់​តិច​ និង​ឥវ៉ាន់​ច្រើន។ "ឥវ៉ាន់​ត្រូវ​ដឹក​ចេញ​ពី​ផ្សារ​ថៃ​ទៅ​ខ្មែរ​ ត្រូវ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​ពី​គយ ដូចជា​សំលៀក​បំពាក់​ ឬ​ឥវ៉ាន់​ប្រភេទ​រឹង​ជាដើម"។

 

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា "ការងារ​នេះ​លំបាក​ បើ​មិន​ខំ​អូស​រទេះ​ គឺ​អត់​លុយ​ចិញ្ចឹម​ប្រពន្ធ​កូន​ ខណៈ​កូន​នៅ​តូច​ដែរ"។ សុភា និយាយ៕

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា​