ហ៊ីឡារី គ្លីនតុន៖ «ផ្ដល់​ឱកាស​ឲ្យ លោក ត្រាំ ដឹក​នាំ​ចុះ»

  • 2016-11-10 01:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​ថ្មី ដែល​ទើប​តែ​ជាប់​ឈ្មោះ តាម​រយៈ​ការ​បោះឆ្នោត លោក ដូណាល់ ត្រាំ ត្រូវ​តែ​ទទួល​បាន​ឱកាស​ក្នុង​ការ​ដឹក​នាំ។ នេះ​បើ​តាម​សម្តី របស់ លោកស្រី ហ៊ីឡារី គ្លីនតុន ដែល​បាន​ទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​នៅ​អាមេរិក កាល​ពី​ម្សិលមិញ​នេះ។

នៅ​ក្នុង​ការ​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ដំបូង បន្ទាប់​ពី​ទទួល​បាន​បរាជ័យ លោកស្រី គ្លីនតុន បាន​សង្ឃឹម​ថា លោក ត្រាំ អាច​ក្លាយ​ជា​ប្រធានាធិបតី​ដែល​ទទួល​បាន​ជោគជ័យ សម្រាប់​ជនជាតិ​អាមេរិក​ទាំង​អស់។

លោកស្រី ហ៊ីឡារី គ្លីនតុន (រូបភាព​ផ្តល់​សិទ្ធិ​ដោយ​ ៖ Reuters)

ចំណែក​ឯ​អតីត​ប្រធានាធិបតី​អាមេរិក ទី​៤៤ លោក ប៉ារាក់ អូប៉ាម៉ា ក៏​បាន​អបអរសាទរ​ចំពោះ លោក ត្រាំ តាម​រយៈ​ទូរសព្ទ ផង​ដែរ ដោយ​បាន​និយាយ​ថា វា​មិន​មែន​ជា​អាថ៌កំបាំង​ឡើយ ដែល​លោក (អូប៉ាម៉ា) និង លោក ត្រាំ មាន​ភាព​ខុស​ប្លែក​គ្នា​គួរ​ឲ្យ​កត់​សម្គាល់។ ប៉ុន្តែ លោក អូប៉ាម៉ា បាន​បន្ថែម​ថា «យើង​ទាំង​អស់​គ្នា​ចង់​បាន​អ្វី​ដែល​ល្អ​សម្រាប់​ប្រទេស​អាមេរិក»។

រីឯ​លោក ត្រាំ វិញ ក៏​បាន​បង្ហើប​ពី​ជំហាន​របស់​លោក ក្រោយ​ពេល​ឈ្នះ​ឆ្នោត​ដែរ ដោយ​និយាយ​ថា អាទិភាព​បន្ទាន់​របស់​លោក គឺ​ការ​ស្តា​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ទ្វេ​ដង ក្នុង​ប្រទេស​អាមេរិក។

លោក ដូណាល់ ត្រាំ (រូបភាព​ផ្តល់​សិទ្ធិ​ដោយ​ ៖ Reuters)

យ៉ាង​ណា​មិញ លោកស្រី គ្លីនតុន បាន​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ស្រី គោរព និង​ទទួល​ស្គាល់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដោយ​និយាយ​ថា រដ្ឋធម្មនុញ្ញ​ចែង​ពី​ការ​ផ្លាស់​ប្ដូរ​អំណាច​គ្នា​ដោយ​សន្តិវិធី។

«ខ្ញុំ​សោកស្ដាយ​ណាស់ ដែល​យើង​មិន​បាន​ឈ្នះ​ការ​បោះឆ្នោត សម្រាប់​តម្លៃ​ដែល​យើង​បាន​ចែក​រំលែក និង​ចក្ខុវិស័យ ដែល​យើង​បាន​រក្សា​ទុក​សម្រាប់​ប្រទេស​ជាតិ​យើង។ យើង​បាន​មើល​ឃើញ​ថា ប្រទេសជាតិ​យើង ត្រូវ​បាន​បែង​ចែក​កាន់​តែ​ខ្លាំង ជាង​អ្វី​ដែល​យើង​គិត​ទៅ​ទៀត។ ផ្ញើ​ទៅ​កាន់​ក្មេង​ស្រី​តូចៗ​ទាំងអស់... កុំ​សង្ស័យ ព្រោះ​អ្នក​មាន​តម្លៃ និង​ខ្លាំងក្លា ហើយ​សក្ដិ​សម​នឹង​ទទួល​បាន​គ្រប់​ឱកាស​ទាំងអស់ នៅ​លើ​ពិភពលោក»។ នេះ​បើ​តាម​សម្ដី លោកស្រី គ្លីនតុន ថ្លែង​ប្រាប់​អ្នក​គាំទ្រ ក្រោយ​ពេល​ទទួល​បរាជ័យ។

គួរ​រំលឹក​ថា លោក ដូណាល់ ត្រាំ ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​យក​ឈ្នះ​លើ លោកស្រី ហ៊ីឡារី គ្លីនតុន ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ដោយ​លទ្ធផល​គឺ លោក ត្រាំ ទទួល​បាន​រហូត​ដល់​ទៅ ២៧៦​ប្រតិភូ ខណៈ​លោកស្រី គ្លីនតុន ទទួល​បាន ត្រឹមតែ ២២៨ ប្រតិភូ ប៉ុណ្ណោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង