ផ្ទុះ​ការ​តវ៉ា​ខ្លាំង តាម​ដង​ផ្លូវ​ជា​ច្រើន ក្រោយ ដូណាល់ ត្រាំ ឈ្នះ​ឆ្នោត

  • 2016-11-10 02:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​និស្សិត​ជា​ច្រើន​បាន​បិទ​ផ្លូវហាយវ៉េ នៅ​ក្នុង​ទីក្រុង Austin រដ្ឋ Texas និង​បាន​ដុត​បំផ្លាញ​ទង់ជាតិ នៅ​លើ​មហាវិទ្យាល័យ American University នៅ​ក្នុង​រដ្ឋ Washington ហើយ​សិស្ស​បាន​ដើរ​ចេញ​ពី​ថ្នាក់​រៀន​នៃ​វិទ្យាល័យ និង សកលវិទ្យាល័យ នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​បេក្ខភាព​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ឆ្នោត។

សិស្ស​និស្សិត​រាប់​រយ​នាក់ មក​ពី​សកលវិទ្យាល័យ University of Texas បាន​ដើរ​ឆ្លង​កាត់​ទីប្រជុំជន ក្នុង​ទីក្រុង Austin ដោយ​បាន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង លោក ត្រាំ។ ចំណែក​ឯ​នៅ​ក្នុង​ទីប្រជុំជន នៃ​ទីក្រុង Los Angeles សិស្ស​វិទ្យាល័យ​ជា​ច្រើន បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​ឯ​សាលា​រាជធានី នៅ​រសៀល​ថ្ងៃពុធ។

អ្នក​តវ៉ា​ម្នាក់ មាន​ឈ្មោះ​ថា Brooklyn White បាន​កាន់​បដា ដែល​សរសេរ​ថា «Hate won't win»។ អ្នក​តវ៉ា វ័យ​១៨​ឆ្នាំ រូប​នេះ បាន​បោះឆ្នោត​ឲ្យ លោកស្រី ហ៊ីឡារី គ្លីនតុន និង​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង។

ជា​មួយ​គ្នា​នេះ​ដែរ ការ​តវ៉ា​ប្រឆាំង​ស្រដៀង​គ្នា​នេះ ក៏​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ឯ​វិទ្យាល័យ និង​សកលវិទ្យាល័យ​ដទៃ​ទៀត នៅ​ទូទាំង​ប្រទេស ផង​ដែរ។ សិស្ស​រាប់​រយ​នាក់​មក​ពី​វិទ្យាល័យ​ជា​ច្រើន ក្នុង​ទីក្រុង Des Moines រដ្ឋ Iowa បាន​ដើរ​នៅ​តាម​ដង​ផ្លូវ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​នោះ។

មិនតែប៉ុណ្ណោះ នៅ​ក្នុង​ទីក្រុង Phoenix រដ្ឋ Arizona មាន​សិស្ស​ប្រមាណ​ជា ២០០​នាក់ មក​ពី​វិទ្យាល័យ Carl Hayden High School បាន​ដើរ​ដង្ហែរ​ក្បួន​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ដូចគ្នា។

លើស​ពី​នេះ​ទៅ​ទៀត នៅ​ឯ​វិទ្យាល័យ Berkeley High School ក្នុងរដ្ឋ California សិស្ស​ប្រមាណ​ជា ១ ៥០០​នាក់ បាន​ដើរ​ចេញ​ពី​ថ្នាក់រៀន ដោយ​ខ្លះ​មាន​កាន់​បដា​រិះគន់ លោក ត្រាំ និង​ដើរ​ឆ្ពោះ​ទៅ​កាន់ អគារ​នៃ​សកលវិទ្យាល័យ University of California ទៀត​ផង។ ក្នុង​នោះ​ដែរ ក៏​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា នៅ​ឯ​បរិវេណ Pennsylvania Avenue ដែល​ស្ថិត​ក្បែរ​សេតវិមាន ផង​ដែរ។

អ្វី​ដែល​រឹត​តែ​ភ្ញាក់​ផ្អើល​ទៅ​ទៀត​នោះ គេ​បាន​ប្រទះ​ឃើញ តារា​ចម្រៀង​ស្រី សញ្ជាតិ​អាមេរិក Lady Gaga ដែល​ជា​អ្នក​គាំទ្រ លោកស្រី គ្លីនតុន បាន​ឈរ​នៅ​លើ​រថយន្ត​មួយ​គ្រឿង ដោយ​ក្នុង​ដៃ​មាន​កាន់​បដា «Love trumps hate»៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង