ផ្ទុះ​ការ​បាញ់​ប្រហារ​ នៅ​កន្លែង​តវ៉ា​ប្រឆាំង លោក ដូណាល់ ត្រាំ នៅ​វ៉ាស៊ីនតោន

  • 2016-11-10 05:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្មាន់​កាំភ្លើង​ម្នាក់ បាន​បើក​ការ​បាញ់​ប្រហារ នៅ​ក្បែរ​កន្លែង​តវ៉ា​ប្រឆាំង លោក ដូណាល់ ត្រាំ ក្នុង​ទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក នៅ​យប់ ថ្ងៃ​ពុធ ទី​០៩ ក្រោយ​ពី​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៥នាក់​បាន​រង​របួស ដោយ​ក្នុង​នោះ​មាន​ម្នាក់​រង​របួស​ធ្ងន់។

ការ​បាញ់​ប្រហារ​គ្នា​នេះ មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង ការ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​លោក ត្រាំ ឡើយ ប៉ុន្តែ​វា​បណ្ដាល​មក​ពី​ជម្លោះ​បុគ្គល​ទៅ​វិញ​ទេ។ នេះ​បើ​តាម​សម្ដី ជំនួយ​ការ​ប្រធាន​នាយកដ្ឋាន​ប៉ូលិស​ទីក្រុង Sealttle លោក Robert Merner ប្រាប់​អ្នក​កាសែត។

«វា​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​ជម្លោះ​កើត​ឡើង​នៅ​កន្លែង​តវ៉ា​ប្រឆាំង​នោះ។ បន្ទាប់​មក ខ្មាន់​កាំភ្លើង​បាន​ដើរ​ចេញ​ពី​ហ្វូង​មនុស្ស និង​បែរ​មក​បាញ់​ចូល​មក​ក្នុង​ហ្វូង​មនុស្ស​វិញ»។ លោក Merner ប្រាប់​ឲ្យ​ដឹង​បន្ថែម។

លោក Merner បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង។

ទោះ​ជា​យ៉ាង​ណា ប៉ូលិស និង​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ ព្រោះ​ពួក​គេ​បាន​ប្រចាំ​ការ​នៅ​ទី​នោះ ដើម្បី​ត្រួត​ពិនិត្យ​ការ​ធ្វើ​បាតុកម្ម ប៉ុន្តែ​មិន​បាន​ទៅ​ទាន់​ពេល​ជនសង្ស័យ​រត់​គេច​ខ្លួន​ឡើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង