ហ៊ីឡារី គ្លីនតុន និង​ស្វាមី បណ្ដើរ​ឆ្កែ​ឡើង​ភ្នំ​លេង​រំភើយ ក្រោយ​ចាញ់​ឆ្នោត

  • 2016-11-11 05:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាព​ប្រធានាធិបតី​អាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​លើក​ដំបូង ចាប់​តាំង​ពី​បាន​បរាជ័យ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ​នេះ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា លោកស្រី គ្លីនតុន បាន​ផ្លាស់​ទៅ​នៅ​ផ្ទះ​លោក​ស្រី នៅ​ក្នុង​ទីក្រុង Chappaqua រដ្ឋ New York ចាប់​តាំង​ពី​ទទួល​ស្គាល់​ពី​ការ​បរាជ័យ នៅ​ក្នុង​ទីក្រុង Manhattan នៅ​ព្រឹក​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ។

លោកស្រី ហ៊ីឡារី គ្លីនតុន និង ស្រ្តីឈ្មោះ Margot Gerster

ស្រ្តី​ជា​អ្នក​ដំណើរ​​ម្នាក់ មាន​ឈ្មោះ​ថា Margot Gerster បាន​ប្រទះ​ឃើញ លោកស្រី គ្លីនតុន និង​ស្វាមី ដែល​ជា​អតីត​ប្រធានាធិបតី​អាមេរិក លោក បៀល គ្លីនតុន កំពុង​ដើរ​បណ្ដើរ​ឆ្កែ​ឡើង​ភ្នំ ហើយ​នាង​ក៏​បាន​សុំ​លោក​ស្រី គ្លីនតុន ថត​រូប​ជា​មួយ​គ្នា​តែ​ម្ដង។ នៅ​ក្នុង​រូប​ថត​មួយ​សន្លឹក​នោះ លោកស្រី គ្លីនតុន បាន​ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ ហាក់​បី​ដូច​ជា​មិន​មាន​រឿង​អ្វី​បាន​កើត​ឡើង​អីចឹង។

ក្រោយ​មក Gerster បាន​បង្ហោះ​រូប​នោះ ទៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​បាន​សរសេរ​ថា «ខ្ញុំ​មាន​អារម្មណ៍​ថា​សោក​ស្ដាយ​ណាស់ ចាប់​តាំង​ពី​ថ្ងៃ​បោះឆ្នោត​មក ហើយ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​សម្រាក ដោយ​នាំ​កូន​ស្រី​របស់​ខ្ញុំ​មក​ឡើង​ភ្នំ​លេង នៅ Chappaqua។ ខណៈ​ពេល​យើង​កំពុង​ចាកចេញ ខ្ញុំ​ក៏​បាន​លឺ​សូរសំឡេង​មនុស្ស​ដើរ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ឃើញ លោកស្រី គ្លីនតុន និង លោក បៀល ជា​មួយ សត្វ​ឆ្កែ​របស់​ពួក​គេ កំពុង​តែ​ឡើង​ភ្នំ​ដូច​ខ្ញុំ​ដែរ»។

អ្នកស្រី Gerster បាន​ឲ្យ​ដឹង​ទៀត​ថា «ខ្ញុំ​បាន​អោប​លោក​ស្រី និង​និយាយ​ទៅ​កាន់​លោក​ស្រី​ថា ពេល​វេលា​ដែល​ពិសេស និង​សប្បាយ​ចិត្ត​បំផុត គឺ​បាន​បោះឆ្នោត​ឲ្យ​លោកស្រី។ ពេល​នោះ លោកស្រី​បាន​អោប និង​អរគុណ​ខ្ញុំ ហើយ​យើង​បាន​បន្ត​និយាយ​គ្នា​លេង។ ក្រោយ​មក​ខ្ញុំ​ក៏​ឲ្យ​ពួក​គេ បន្ត​ដំណើរ​ទៅ​ទៀត»៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង