ឥទ្ធិពល​ដុល្លារ ប្រហារ​​ស្នេហ៍​​ខ្ញុំ

  • 2016-11-11 06:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​បទ​ពិសោធន៍​ក្នុង​ជីវិត​មួយ​ដែល​ឈឺ​ចាប់​ទោះ​ប្រើ​ពេល​វេលា​រាប់​ឆ្នាំ​ដើម្បី​បំភ្លេច​ម្នាក់​នោះ​ តែ​ហេតុ​អ្វី​ខ្ញុំ​ធ្វើ​មិន​បាន​? ហេតុ​អី​បាន​ជា​ឱ្យ​ខ្ញុំ​រង់​ចាំ​ធ្វើ​អី​ បើ​គង់​តែ​យើង​ត្រូវ​បែក​គ្នា​ ហេតុ​អី​ក៏​ផ្ដល់​ក្ដី​សង្ឃឹម​អោយ​ខ្ញុំ​បើ​ចុង​ក្រោយ​អ្នក​នៅ​តែ​ចាកចេញ​ពី​ខ្ញុំ?

មក​ដល់​ពេល​នេះ​ខ្ញុំ​មាន​អាយុ​ ៣០ ឆ្នាំ​ហើយ​តែ​ខ្ញុំ​នៅ​តែ​មិន​ទាន់​យក​ប្រពន្ធ​ ដោយ​សារ​ស្នេហា​ដំបូង​របស់​ខ្ញុំ​បាន​ធ្វើ​អោយ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ ខ្លាច​នឹង​មាន​ស្នេហា​ កាល​ពី​មុន​ឃើញ​មនុស្ស​ប្រុស​យំ​ដោយសារ​ស្នេហា​ខ្ញុំ​គិត​ថា​ហេតុ​អី​ក៏​ទន់​ជ្រាយ​ម្ល៉េះ​ លុះ​ដល់​ធ្លាក់​មក​លើ​ខ្លួន​ឯង​ទើប​ដឹង​ថា​ឈឺ​ប៉ុណ្ណា ។

ខ្ញុំ​និង​នាង​គឺ​ជា​បង​ប្អូន​ជីទួត​មួយ។ យើង​ទាំង​ពី​នាក់​រស់​នៅ​ផ្ទះ​ជិត​គ្នា​តាំង​ពី​តូច​ៗ​នៅ​កៀន​ស្វាយ​ យើង​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា​ណាស់​តាំង​ពី​នៅ​ក្មេង​ ប៉ុន្តែ​គ្រាន់​តែ​មិន​ដឹង​ថា​វា​ជា​អារម្មណ៍​ស្នេហា​ អនុស្សាវរីយ៍​រាប់​មិន​អស់​តាំង​ពី​នៅ​តូច​រហូត​ដល់​ពេញ​វ័យ​ទើប​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ស្រឡាញ់​គ្នា​លើស​ពី​បង​ប្អូន ហើយ​យើង​ស្រឡាញ់​គ្នា​ក៏​ចាស់​ទុំ​មិន​បាន​ហាម​ឃាត់​ដែរ​ឪពុក​ម្ដាយ​របស់​នាង​បាន​ប្រាប់​ថា​ឱ្យ​ខ្ញុំ​ខំ​រៀន​រក​ការងារ​ធ្វើ​មាន​ប្រាក់​ខែ​ត្រឹម​ត្រូវ​គាត់​នឹង​អោយ​ចូល​ស្ដី​ដណ្ដឹង​តាម​ប្រពៃណី។

ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ហើយ​វា​គឺ​ជា​កម្លាំង​ចិត្ត​មួយ​ដ៏​ធំធេង​ ជំរុញ​អោយ​ខ្ញុំ​តស៊ូ​ព្យាយាម​រហូត​ខ្ញុំ​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ នៅ​ទី​បំផុត​ខ្ញុំ​ក៏​បាន​ប្រឡង​ជាប់​ជា​មន្ត្រី​ក្រម​ខណ្ឌ​រដ្ឋ​​មួយ​រូប និង​បាន​ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត​​វេន​យប់​មួយ​ទៀត ខ្ញុំ​ខំ​ប្រឹងប្រែង​តស៊ូ​រហូត​មក​ដល់​ថ្ងៃ​នេះ​គឺ​ដោយ​សារ​នារី​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់ និង​ខំ​រក​លុយ​ដើម្បី​ចូល​ស្ដី​ដណ្ដឹង​នាង​តាម​ប្រពៃ​ណី​ ។

មែន​នៅ​ទី​បំផុត​ខ្ញុំ​ធ្វើ​ការ​ជាង​ពីរ​ឆ្នាំ​ខ្ញុំ​សន្សំ​លុយ​បាន​គ្រប់​ចំនួន​ដើម្បី​ដណ្ដឹង​យក​នាង​មក​ធ្វើ​ជា​គូរ​អនាគត​ ពេល​ភ្ជាប់​ពាក្យ​រួច​ខ្ញុំ​ក៏បាន​សម្រេច​ចិត្ត​យក​នាង​មក​ធ្វើ​ការ​ជាមួយ​ ដោយ​សារ​ឃើញ​នាង​ធ្វើ​ការ​រោងចក្រ​មួយ​ខែ​បាន​តែ 60$ ទេ ពេល​នោះ​នាង​បាន​មក​រស់​នៅ​ភ្នំពេញ​ជាមួយ​ខ្ញុំ​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា ខំធ្វើ​ការ​ជាមួយ​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សន្សំ​លុយ​ឱ្យ​បាន​ច្រើន​នៅ​ពេល​ យើង​រៀបការ​រួច​មាន​លុយ​ទុក​រកស៊ី​ខ្លះ។

និយាយ​ទៅ​យើង​ទាំង​ពីរ​នាក់​រស់​នៅ​ជា​មួយ​គ្នា​ដូច​ប្ដី​និង​ប្រពន្ធ​ទៅ​ហើយ​ ទោះ​មាន​ស៊ី​អត់​ស៊ី​តែ​យើង​រស់​នៅ​ជាមួយ​គ្នា​ពោរពេញ​ដោយ​សុភមង្គល​បំផុត ម៉ូតូ​កញ្ចាស់​មួយ​ខ្ញុំ​ដឹក​នាង​រាល់​ថ្ងៃ​ ហាល​ថ្ងៃ​ហាល​ភ្លៀង​ជាមួយ​គ្នា​ តស៊ូ​ពុះ​ពារ​គ្រប់​ឧបសគ្គ​ មិន​ថា​មាន​រឿង​អី​ក៏​យើង​មិន​ព្រម​ចុះ​ចាញ់​ដែរ ខ្ញុំ​ស្រឡាញ់​នាង​ខ្លាំង ខ្លាំង​លើស​ពី​ជីវិត​ខ្លួន​ឯង​ទៅ​ទៀត អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពី​នាង​គឺ​សូម​កុំ​ទៅ​ណា​ចោល​ខ្ញុំ​ រស់​នៅ​ក្បែរ​ខ្ញុំ​ដល់​ថ្ងៃ​ស្លាប់​គឺ​ខ្ញុំ​អស់​ចិត្ត​ហើយ​។

តែ​ក្ដី​សង្ឃឹម​ខ្ញុំ​ហាក់​បាត់​បង់​បន្តិច​ម្ដងៗ នៅ​ពេល​នាង​មក​រស់​នៅ​ភ្នំពេញ​បាន​ជិត​១​ឆ្នាំ នាង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​បន្តិច​ម្ដងៗ ចេះ​លែង​ខ្លួន​សិច​ស៊ី​ ប្រើ​​ទូរស័ព្ទ​ទំនើបៗ​ ចេះ​​លួច​និយាយ​ទូរស័ព្ទ​ ហើយ​ពេល​ខ្លះ​នាង​អោយ​ខ្ញុំ​មក​ផ្ទះ​មុន​មិន​ចាំ​បាច់​អោយ​ខ្ញុំ​ចាំ​យក​ទៀត​ទេ ខ្ញុំ​ចាប់​ផ្ដើម​ឆ្ងល់​ហេតុ​អី​រយះ​ពេល​មួយ​ឆ្នាំ នាង​ផ្លាស់​ប្ដូរ​ច្រើន​ម្ល៉េះ តែ​ខ្ញុំ​ក៏​មិន​បាន​គិត​ថា​នាង​ផិត​ក្បត់​អី​នោះ​ដែរ​ ព្រោះ​ជឿ​ជាក់​លើ​នាង​ថា​មិន​អាច​ក្បត់​ខ្ញុំ​បាន​ទេ​ព្រោះ​យើង​ស្រឡាញ់​គ្នា​ជាង​ប្រាំ​ឆ្នាំ​ហើយ។ ប៉ុន្តែ​នាង​កាន់​តែ​ប្រែប្រួល​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ថ្ងៃ​ខ្លះ​នាង​ថែម​ទាំង​មិន​មក​គេង​ផ្ទះ​ក៏​មាន​ដែរ​ នៅ​ពេល​ខ្ញុំ​សួរ​នាង​ប្រាប់​ថា​កុំ​គិត​ច្រើន​ អ្វី​ដែល​នាង​ធ្វើ​គឺ​ដើម្បី​យើង​ទាំង​ពីរ​នាក់ ហើយ​លុយ​ដែល​នាង​រក​បាន​ទាំង​ប៉ុន្មាន​គឺ​ជា​លុយ​ធីប​ប៉ុណ្ណោះ។

នាង​កាន់​តែ​ឆ្ងាយ​ពី​ខ្ញុំ​បន្តិច​ម្ដងៗ​ បន្ទប់​ធ្លាប់​មាន​គ្នា​ពីរ​នាក់​តែ​បែរ​ជា​មាន​ខ្ញុំ​តែ​ម្នាក់ ធ្លាប់​ញ៉ាំ​បាយ​ចាន​មួយ​ពីរ​នាក់​តែ​បែរ​ជា​មាន​ខ្ញុំ​តែ​ម្នាក់​ តើ​ទៅ​ថ្ងៃ​មុខ​ទៀត​នឹង​ទៅ​ជា​យ៉ាង​ណា ខ្ញុំ​បាន​សួរ​នាង​ នាង​នៅ​តែ​ឆ្លើយ​ចម្លើយ​ដដែល​គឺ​ធ្វើ​ដើម្បី​គ្រួសារ​យើង​ ខ្ញុំ​បាន​ប្រាប់​នាង​ថា​បើ​ដើម្បី​យើង​ទាំង​ពីរ​នាក់ ធ្វើ​អោយ​អូន​ឃ្លាត​ឆ្ងាយ​ពី​បង​ អូន​មិន​បាច់​ធ្វើ​ទេ បង​ចង់​បាន​ជីវិត​ដូច​ពី​មុន​វិញ ទោះ​មាន​ស៊ី​អត់​ស៊ី​យើង​តស៊ូ​ជា​មួយ​គ្នា​ទៀត​ណា តែ​ចម្លើយ​ដែល​ខ្ញុំ​ទទួល​បាន​នោះ​គឺ​ អ្វីៗ​វា​មិន​អាច​ស្ថិតស្ថេរ​រហូត​ទេ បង​មើល​សភាព​បង​រាល់​ថ្ងៃ​ចុះ​តើ​អាច​ចិញ្ចឹម​ខ្ញុំ​រស់​បាន​ស្រួល​ទេ​? ចឹង​មាន​តែ​ខ្ញុំ​ខំ​រក​លុយ​ខ្លួន​ឯង​ចឹង​ហើយ​ បង​កុំ​បង្ក​បញ្ហា​ច្រើន​ពេក​អី ខ្ញុំ​ហត់​ណាស់​។

មនុស្ស​ដែល​ស្រឡាញ់​គ្នា​ស្ទើរ​លេប​ហេតុ​អី​ក៏​ហ៊ាន​និយាយ​បែប​នេះ​ដាក់​ខ្ញុំ? ខ្ញុំ​គិត​ខុស​ហើយ​ នឹង​បើ​ខ្ញុំ​មិន​យក​នាង​មក​នៅ​ភ្នំពេញ​ទេ​នាង​ក៏​មិន​អាច​ទៅ​ជា​ដូច្នេះ​បាន​ដែរ ខ្ញុំ​គ្រាន់​តែ​គិត​ថា​ខំ​ធ្វើ​ការ​រក​លុយ​ទាំង​អស់​គ្នា ដើម្បី​ជីវិត​បាន​ប្រសើរ​ឡើង សន្សំ​លុយ​បាន​ច្រើន​ពេល​ណា យើង​នឹង​រៀបការ​ជាមួយ​គ្នា ឥទ្ធិពល​លុយ​ដុល្លារ​បាន​ឆក់​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ស្មើ​ជីវិត​ ចេញ​ពី​ខ្ញុំ​ហើយ ហេតុ​អី​ចិត្ត​នាង​សាហាវ​ព្រៃ​ផ្សៃ​យ៉ាង​នេះ នាង​គ្មាន​នឹក​ស្រណោះ​គ្រាហ៍​ដែល​តស៊ូ​លំបាក​ជាមួយ​គ្នា​សូម្បី​តែ​បន្តិច។

រូបតំណាង

ទោះ​បី​ជា​បែប​នេះ​ក្ដី​ខ្ញុំ​នៅ​តែ​មិន​អាច​ឈរ​មើល​នាង​ ជិះ​ឡាន​ទំនើបៗ​ជាមួយ​ប្រុស​អ្នក​មាន​ទាំង​អស់​នោះ​ដែរ ខ្ញុំ​តែង​ទៅ​ចាំ​នាង​កន្លែង​ធ្វើ​ការ​រាល់​ថ្ងៃ តែ​នាង​ធ្វើ​ដូច​មិន​ស្គាល់​គ្នា​ ញាក់​មុខ​ញាក់​មាត់​អោយ​ខ្ញុំ​ទៅ​ផ្ទះ​ ឱ​ខ្ញុំ​អើយ​ហេតុ​អី​ថោក​ទាប​ម្ល៉េះ​គេ​បណ្ដើរ​ប្រុស​នឹង​មុខ​ហើយ​នៅ​មិន​ដឹង​ខ្លួន​ទៀត​។ មិន​យូរ​ប៉ុន្មាន​ខ្ញុំ​ក៏​ទទួល​បាន​មេរៀន​ដ៏​ឈឺ​ចាប់​បំផុត​ក្នុង​ជីវិត​ស្ទើរ​មិន​អាច​ប្រឈម​នឹង​ការ​ពិត​បាន គឺ​ម្ដាយ​នាង​បាន​ផ្ដាច់​ពាក្យ​ជាមួយ​ខ្ញុំ​ ដោយ​មិន​និយាយ​ហេតុផល​ច្រើន​ទេ គេ​ប្រាប់​ថា​កូន​ស្រី​គេ​មិន​សាក​សម​ជា​មួយ​ខ្ញុំ​ទេ ប៉ុណ្ណឹង​ហើយ​ខ្ញុំ​នៅ​មិន​ទាន់​អស់​ចិត្ត​ទៀត​ ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​នាង​នៅ​ឯ​ស្រុក​ដើម្បី​សួរ​រក​ហេតុផល​អោយ​ច្បាស់លាស់ គេ​បិទ​ទ្វារ​មិន​ទទួល​ហើយ​ថែម​ទាំង​គំរាម​ហៅ​ប៉ូលិស​ មក​ចាប់​ទៀត ហេតុ​អី​មនុស្ស​ស្រឡាញ់​គ្នា​រាប់​ឆ្នាំ​សង្ឃឹម​បាន​រៀបការ​តែ​បែរ​ជា​មក​ជួប​រឿង​អាក្រក់ៗ​មិន​នឹក​ស្មាន​ដល់​ទៅ​វិញ​។

បែក​ពី​ខ្ញុំ​មិន​បាន​បី​ខែ​ផង​គ្រួសារ​នាង​ដើរ​ចែក​ធៀប​ការ​ពេញ​ភូមិ មិន​ដឹង​ថា​នាង​លួច​ទាក់​ទង​ជាមួយ​គេ​តាំង​ពី​ថ្ងៃ​ណា​ហេតុ​អី​ក៏​លឿន​យ៉ាង​នេះ សូម្បី​ពាក្យ​លា​មួយ​ម៉ាត់​ក៏​នាង​មិន​ប្រាប់​ខ្ញុំ​ដែរ ធៀប​ការ​ដែល​នាង​ដើរ​ចែក​កូន​កំឡោះ​មិនមែន​ជា​ខ្ញុំ​ទេ ខ្ញុំ​ខ្មាស​គេ​ និង អាណិត​ខ្លួន​ឯង​ណាស់ ហេតុ​អី​ក៏​ជីវិត​ខ្ញុំ​ត្រូវ​ញាំញី​ដោយសារ​មនុស្ស​ស្រី​ម្នាក់​ធ្វើ​អោយ​ខ្ញុំ​ស្ទើរ​ក្លាយ​ជា​មនុស្ស​ឆ្កួត​។

​ថ្ងៃ​ដែល​នាង​រៀបការ​គឺ​​ជា​ថ្ងៃ​ដែល​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​បំផុត​ ដូច​គេ​យក​កាំ​បិត​មក​ចាក់​ទាំង​រស់ ព្រោះ​តែ​លុយ​នាង​ក្បត់​ខ្ញុំ គ្មាន​ស្ដាយ​ស្រណោះ នាង​ធ្វើ​អោយ​មនុស្ស​ប្រុស​ដ៏​ក្លាហាន​ម្នាក់​ក្លាយ​ជា​មនុស្ស​ទន់​ជ្រាយ បើ​ពេល​នេះ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​បាត់​ការ​ចង​ចាំ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ​ម្ល៉េះ​ខ្ញុំ​មិន​ត្រូវ​ឈឺ​ចាប់​ស្ទើរ​ស្លាប់​ស្ទើរ​រស់​បែប​នេះ​ដែរ​។

​​​​​ក្ដី​សង្ឃឹម​ខ្ញុំ​ត្រូវ​រលាយ​ដូច​ផេះ ការ​តស៊ូ​ជា​ច្រើន​ឆ្នាំ​ប្រែ​គ្មាន​ន័យ​ ចុង​ក្រោយ​ទើប​ភ្ញាក់​ខ្លួន​ព្រើត​ថា ជា​មនុស្ស​ល្ងង់​បំផុត​។ ពី​បុរស​ម្នាក់​ដែល​នាង​ធ្វើ​អោយ​ឈឺ​ចង់​ស្លាប់ សូម​ជូនពរ​អោយ​បុរស​ម្នាក់​នោះ ស្រឡាញ់​នាង​ស្រឡាញ់​នាង​ស្មោះ​​ដូច​ដែល​ខ្ញុំ​ស្រឡាញ់​នាង បើ​ថ្ងៃ​ណា​មួយ​គេ​បោះ​បង់​ចោល​កុំ​វិល​មក​រក​ខ្ញុំ​អោយ​សោះ ព្រោះ​ម្នាក់​នេះ​តាំង​ចិត្ត​ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ស្នេហា​ត្រូវ​ខ្ញុំ​គ្រវាត់​ចោល​ហើយ ព្រោះ​វា​ធ្វើ​អោយ​ខ្ញុំ​ឈឺ​ស្ទើរ​ស្លាប់​ម្ដង​រួច​ទៅ​ហើយ ចុង​ក្រោយ​មាន​តែ​ឪពុក​ម្ដាយ​ខ្ញុំ​ប៉ុណ្ណោះ​ដែល​ស្រឡាញ់​ខ្ញុំ​​ពិត​ប្រាកដ។

ស្នេហា​ធ្វើ​អោយ​ខ្ញុំ​ឈឺ​ចាប់ ស្នេហា​ធ្វើ​អោយ​ខ្ញុំ​ស្ទើរ​ក្លាយ​ជា​មនុស្ស​ឆ្កួត​ ដូចនេះ​ក្នុង​មួយ​ជីវិត​នេះ​ខ្ញុំ​លែង​ត្រូវ​ការ​ស្នេហា​ហើយ​។

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.visal@sabay.com

ឬទូរសព្ទទៅកាន់លេខ 015 209 699

អត្ថបទ៖ មនុស្ស​ខូច​ចិត្ត