គយ​គន់​ទេសភាព​ផ្ទៃ​បឹង​ពី​កំពូល​ភ្នំ​ស្អាង ​នា​រដូវ​ទឹក​ពេញ​មេ

  • 2016-11-21 06:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ចុង​ខែ​វស្សា​ទឹក​ពេញ​មេ​ឡើង​ព្រៀប ភ្នំ​ស្អាង​​​ប្រដូច​ទៅ​នឹង​កូន​កោះ​មួយ​ដ៏​ខៀវ​ស្រងាត់ ។ កន្លែង​ដែល​សង់​កូន​ព្រះ​វិហារ​តូច​មួយ និង​អម​ដោយ​ព្រះ​អាស្រម​ចំនួន​ពីរ​នៅ​លើ​កំពូល​ភ្នំ​ស្អាង​​​ហាក់​​ដូច​ទៅ​នឹង​ប៉ម​មួយ​​​អាច​ឲ្យ​យើង​ឈរ​សម្លឹង​ទៅ​ឃើញ​ទេសភាព​ផ្ទៃ​ទឹក​ដ៏​ធំ​ធេង​ ។

កុំ​តែ​ទី​នោះ​ជា​កន្លែង​​សក្ការ​​​​គោរព​បូជា​ពុំ​ដូច្នោះ​ទេ​ អ្នក​ដំណើរ​ទេសចរណ៍​នឹង​ស្រែក​ទៅ​កាន់​ជើង​មេឃ​ល្វឹង​ល្វើយ​ដាច់​កន្ទុយ​ភ្នែក ​ដើម្បី​ឲ្យ​រសាយ​ទុក្ខ​កង្វល់​ចេញ​ពី​ក្នុង​ដួង​ចិត្ត​ខ្លះ ។ ហើយ​ស្រង់​ស្រូប​​មក​វិញ​នូវ​​​ខ្យល់​បរិសុទ្ធ​​​ស្រស់​ថ្លា​ដែល​​បក់​មក​រហៀក​ៗ លាយឡំ​ និង​ក្លិន​ផ្កា​ភ្នំ​យ៉ាង​ក្រអូប​ប្រហើរ​ ។

នៅ​ខាង​ជើង​នៃ​កូន​ព្រះវិហារ​នោះ គឺ​ព្រះ​អាស្រម​ ព្រះអង្គ​ចេក​ ព្រះ​អង្គ​ចម ចំណែក​ ព្រះ​អាស្រម​នៅ​ខាងត្បូង គឺ​មាន​ដំកល់​រូប​បដិមា​ព្រះ​គោ និង​ព្រះ​កែវ សុទ្ធ​សឹង​តែ​ជា​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​ប្រជាជន​ខ្មែរ​យើង​តែង​តែ​​​គោរព​បូជា ។ វត្ត​ស្អាង​ភ្នំ​ក៏​ធ្លាប់​ល្បីល្បាញ​ខាង​បារមី​ទូក​ង ​ដែល​កាល​ពី​សម័យ​មុន ដូច​ជា​ទូក​ង​ឈ្មោះ ម៉ឺន​ក្រាញ និង​ទូក​ង​ឈ្មោះ ក្ដាមប្រៃ នេះ​បើ​តាម​ប្រសាសន៍​របស់​ចាស់​ៗ​ ព្រឹទ្ធាចារ្យ​ដែល​នៅ​ចាំ​ថែរក្សា​នៅ​លើ​ភ្នំ​នោះ ។ ប៉ុន្តែ​ទូក​ង ​ទាំង​នោះ​ពុក​ផុយ​ខូច​ខាត​បាត់​រូបរាង​អស់​ទៅ​ហើយ ។

វត្ត​ស្អាង​ភ្នំ ឬ​ក ​ភ្នំ​ស្អាង​ ស្ថិត​នៅ​ក្នុង​ទឹក​ដី​​ឃុំ​ស្អាងភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល ។ រមណីយដ្ឋាន​មួយ​នេះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី ​រាជធានី​ភ្នំពេញ ​ទេ បើ​ប៉ាន់​ស្មាន​ទៅ​ខ្ទង់​ប្រហែល​ជា​ ៣០​ គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ ប្រសិន​បើ​យើង​កំពុង​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ស្អាង ហើយ​ចោល​ភ្នែក​ទៅ​ទិស​ខាង​ជើង យើង​នឹង​ឃើញ​អគារ​ខ្ពស់​ខ្លះ​នៃ​ទី​ក្រុង​ភ្នំពេញ ពិសេស​យើង​នឹង​អាច​មើល​ឃើញ​អគារ​​វឌ្ឍនៈ​យ៉ាង​ប្រាកដ ។

សូម្បី​តែ​ភ្នំ​ដា និង​ភ្នំ​ជី​សូរ​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​តា​កែវ​ ក៏​យើង​អាច​សម្លឹង​មើល​ឃើញ​​​​ដូច​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ទី​កន្លែង​ទាំង​នោះ​ហាក់​ស្ថិត​នៅ​ជិត​គ្នា​បង្កើយ​នៅ​ក្នុង​រង្វង់​ដៃ​យើង​​តែ​មួយ ។ ចំណែក​ទិដ្ឋភាព​ផ្ទះ​ប្រជាជន​ដែល​សង់​នៅ​តាម​ជើង​ភ្នំ និង​សួន​បន្លែ​ច្បារ​ដំណាំ​របស់​ពួក​គាត់ មាន​ទាំង​ដើម​ដូង​ដើម​ត្នោត​ដែល​ដុះ​ប្រប​មាត់​ទឹក មើល​ទៅ​ដូច​ទស្សនីយភាព​នៅ​ក្នុង​ផ្ទាំង​គំនូរ​អ៊ីចឹង​ ។

នៅ​តាម​ជើង​ភ្នំ​វិញ ក៏​មាន​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ឈប់​សម្រាក​លំហែ និង​ជួប​ជុំ​ញ៉ាំ​អាហារ​ផង​ដែរ ។ ហើយ​តម្លៃ​សេវាកម្ម ម្ហូប​អាហារ និង​ភេសជ្ជៈ គឺ​ប្រហាក់​ប្រហែល​ទៅ​រមណីយដ្ឋាន​ដទៃ​ទៀត​ដែរ ។ ថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​បុណ្យ​ឈប់​សម្រាក គឺ​ល្អ​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​លេង​ស្អាង​ភ្នំ ពិសេស​ពេល​ខែ​ទឹក​ពេញ​មេ​នេះ​តែ​ម្ដង​ ៕

រូបភាព និងអត្ថបទ ៖ ថន ស៊ុយទ្រី

អត្ថបទថ្មី