ធ្វើ​អ្នក​ឌីហ្សាញ មាន​ធ្លាប់​ប្រកាន់​គោលការណ៍​ទាំង​នេះ​អត់?

  • 2016-11-22 02:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើ​ជា Web និង Graphic Designer ជា​ការងារ​ស្មុគស្មាញ​និង​ទាមទារ​ការ​អត់ធ្មត់ ហើយ​ទាមទារ​ឲ្យ​មាន​គោលការណ៍​ផ្ទាល់​ខ្លួន​ក្នុង​ការ​រចនា​ផលិតផល​ជូន​អតិថិជន។

វត្តី អ្នក​ជំនាញ​ផ្នែក Web និង Graphic Design រក​ប្រាក់​បាន​ជិត​ខ្ទង់​ពាន់​ដុល្លារ​មួយ​ខែៗ អះអាង​ថា​ចំពោះ​កញ្ញា​ផ្ទាល់ តែង​ប្រកាន់​គោលការណ៍​ផ្ទាល់​ខ្លួន ជា​អ្នក​ឌីហ្សាញ​ផលិតផល ទើប​អាច​រីក​ចម្រើន​ក្នុង​អាជីព។ ចំពោះ​គោលការណ៍ និង​ជំហរ​ ដែល​វត្តី​តែង​ប្រកាន់​ខ្ជាប់​ជានិច្ច​នោះ​មាន​ដូចជា៖

-យល់​ពី​តម្រូវ​ការ គំនិត គោលដៅ និង​បំណង​របស់​អតិថិជន ឲ្យ​បាន​ច្បាស់​លាស់​សិន មុន​នឹង​ចាប់​ផ្តើម​រចនា ជៀសវាង​មាន​កំហុស។ -សិក្សា​ស្រាវជ្រាវ ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ប្រធានបទ​ដែល​ត្រូវ​រចនា ដើម្បី​ស្គាល់ និង​យល់​ដឹង​អំពី​វា​ឲ្យ​កាន់​តែ​ច្បាស់លាស់។

-ប្រកាន់​ខ្ជាប់ និង​គោរព​តាម មូលដ្ឋានគ្រឹះ​ក្នុង​ការ​រចនា ដូចជា ការ​រៀប​ប្លង់ ទំហំ និង​ទម្ងន់​នៃ​រូបភាព ទី​ចំហ គំលាត ពុម្ពអក្សរ ចិត្ត​សាស្ត្រ​នៃ​ការ​ប្រើប្រាស់​ពណ៌ កម្រិត​ពន្លឺ និង​ស្រមោល រយៈ​ចម្ងាយ​នៃ​ក្រសែ​ភ្នែក​ជា​ដើម។

-ត្រូវ​មាន​ចំណេះ​ដឹង អំពី សិល្បៈ​គំនូរ ទស្សនវិជ្ជា​ទូទៅ ចិត្តសាស្ត្រ និង​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្សព្វផ្សាយ។ -តែងតែ​រិះរក និង​បង្កើត គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ ឲ្យ​កាន់​តែ អស្ចារ្យ​បែប​សិល្បៈ។ -ព្យាយាម​រួម​បញ្ចូល សិល្បៈ​វប្បធម៌​ជាតិ ក្នុង​ការ​រចនា។

-ណែនាំ ព្រឹក្សា និង​ផ្តល់​យោបល់​បន្ថែម​ឲ្យ​អស់​លទ្ធភាព លើ​ចំណុច​ល្អ​នានា ដែល​អតិថិជន​មិន​បាន​គិត​ដល់។

-ផ្តល់​ជូន​នូវ​ការ​រចនា ដែល​មាន​គុណភាព​ខ្ពស់ អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍​ត្រឹមត្រូវ មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

-តែងតែ​រៀន និង​ស្វែង​រក​រចនា​បទ​និង​បច្ចេកទេស​ថ្មីៗ​ជានិច្ច។ -ស្គាល់​ពី​លទ្ធភាព និង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់ មុន​នឹង​សម្រេច​ចិត្ត​ទទួល​កិច្ចការ​មក​បំពេញ។ -ទទួល​យក​ការ​រិះគន់ ស្ថាបនា ពី​អ្នក​ដទៃ មក​កែ​សម្រួល​ឡើង​វិញ ដោយ​វិចារណញ្ញាណ។ -សម្រេច​កិច្ចការ​ឲ្យ​បាន​ទាន់​ពេល​វេលា​កំណត់ ជា​កំហិត។

វត្តី បញ្ជាក់​ថា កញ្ញា​មាន​មោទនភាព​ចំពោះ​ការងារ ឌីហ្សាញ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ពី​ស្នាដៃ​របស់​ខ្លួន តែ​សារភាព​ថា​ធ្លាប់​ត្អូញត្អែរ​ចំពោះ​ការងារ​ឌីហ្សាញ​នេះ ដោយ​សារ​ភាគ​ច្រើន​ត្រូវ​ប្រឈម​មុខ​នឹង​ភ្ញៀវ ហើយ​កាន់​តែ​ពិបាក​គឺ​ពេល​អតិថិជន​ជំទាស់​នូវ​គំនិត​របស់​អ្នក​ឌីហ្សាញ។ យ៉ាងណា ​វត្តី​និង​អតិថិជន​តែង​ថយ​មួយ​ជំហាន​រៀង​ខ្លួន ដើម្បី​ឲ្យ​ការ​ផលិតផល​រចនា​មក ត្រូវ​ចិត្ត​ទាំង​សងខាង៕

អត្ថបទ៖ ផាន់និត

អត្ថបទពេញនិយម