CEO វ័យក្មេង ចែករំលែកបទពិសោធន៍ដើម្បីក្លាយជាសហគ្រិនឆ្នើម
- 2016-11-22 03:12:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO វ័យក្មេង ចែករំលែកបទពិសោធន៍ដើម្បីក្លាយជាសហគ្រិនឆ្នើម
ចន្លោះមិនឃើញ
ដើម្បីក្លាយជាសហគ្រិនវ័យក្មេងដ៏ឆ្នើមមួយរូប គឺជារឿងដ៏សំខាន់ដែលយុវជនជាច្រើនក្នុងប្រទេសកម្ពុជាចង់ដឹង។ លោក ឃន ឈុនដារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុន Karanak Capital KOI ជាសហគ្រិនវ័យក្មេងកំពុងជោគជ័យខ្លាំងក្នុងមុខជំនួញ បានចែករំលែកនូវគន្លឹះសំខាន់ៗដើម្បីក្លាយជាសហគ្រិនមួយរូបដូចខាងក្រោម៖
១.ភាពក្លាហានក្នុងការទទួលយកហានិភ័យ
នៅត្រង់ចំណុចនេះលោកបាននិយាយថា ដើម្បីក្លាយជាសហគ្រិនមួយរូប គឺត្រូវមានភាពក្លាហាន មានន័យថា យកគំនិតដែលខ្លួនឯងមានមកអនុវត្តអោយចេញជារូបរាង ផ្ដល់ឱកាសឱ្យគំនិតរបស់ខ្លួនក្នុងការសាកល្បងធ្វើអាជីវកម្ម។ លោកបានបន្តទៀតថា មានមនុស្សជាច្រើននៅលើពិភពលោកដែលមានគំនិតល្អៗចង់បង្កើតជាអាជីវកម្មប៉ុន្តែពួកគេនៅខ្វះខាតភាពក្លាហាន ដូចនេះប្រសិនបើចង់ក្លាយជាសហគ្រិនគឺត្រូវហ៊ានប្រឈមមុខនឹងបញ្ហា ហ៊ានទទួលយកនូវហានិភ័យដែលនឹងកើតមាន ជៀសមិនផុត។
**២. ទំនុកចិត្តខ្ពស់ទៅលើខ្លួនឯង**
នាយកប្រតិបត្តិនៃក្រុមហ៊ុន Karanak Capital KOI បានបន្តទៀតថា ការដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯងគឺជាប្រការដ៏សំខាន់បំផុតក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម។ លោកនិយាយថា ការសម្រេចចិត្តក្នុងការធ្វើអ្វីមួយគឺកើតចេញពីគំនិតដ៏ច្បាស់លាស់របស់ខ្លួនរួចទៅហើយ ដូចនេះត្រូវទុកចិត្តលើអ្វីដែលខ្លួនបានគិត ផ្ដល់ក្ដីសង្ឃឹមឱ្យខ្លួនឯងក្នុងការចាប់ផ្ដើមក្លាយជាសហគ្រិនមួយរូប។
៣. ត្រូវមានបណ្ដាញទំនាក់ទំនងច្រើន
មកដល់ចំណុចនេះ លោកចង់សំដៅថា កើតមកជាមនុស្សគ្មាននរណាចេះគ្រប់ដប់នោះទេ គឺតែងមានចំណុចខ្សោយនិង ចំណុចខ្លាំង ហើយមិនប្រាកដថា រាល់ការសម្រេចចិត្ត និង គំនិតដែលខ្លួនមានសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ។ ដូចនេះភាពជាសហគ្រិនមួយរូប គឺត្រូវមានបណ្ដាញទំនាក់ទំនងច្រើន ដើម្បីទទួលបានបទពិសោធន៍ គំនិតយោបល់ របស់អ្នកដែលមានជំនាញច្បាស់លាស់ក្នុងការធ្វើមុខជំនួញ ហើយយកបទពិសោធន៍ទាំងនោះមកធ្វើការអភិវឌ្ឍខ្លួនឯងឱ្យល្អប្រសើរ។
៤.យល់ដឹងពីសមាសភាពខ្លួនឯងឱ្យបានច្បាស់លាស់
"ចង់ក្លាយជាសហគ្រិនមួយរូប គឺយើងត្រូវដឹងអំពីសមាសភាពរបស់ខ្លួនឯងឱ្យច្បាស់សិន ថាខ្លួនឯងមានសមត្ថភាពអ្វី មានទេពកោសល្យអ្វីខ្លះ គឺយើងត្រូវសិក្សាពីខ្លួនឱ្យច្បាស់លាស់ជាមុនសិនមុននឹង យើងចាប់ផ្ដើមធ្វើអ្វីមួយ។ យើងមិនត្រូវធ្វើអ្វីដោយមិនច្បាស់លាស់តាមគេតាមឯងនោះទេ"។ លោក ឃន ឈុនដារ៉ា បានថ្លែង។
៥. .មានចក្ខុវិស័យច្បាស់លាស់
ការធ្វើអាជីវកម្មមួយមិនមែនចេះតែនឹកឃើញធ្វើនោះទេ គឺត្រូវកំណត់គោលដៅរយៈពេលវែង មិនមែនបើកថ្ងៃនេះស្អែកបិទវិញនោះទេ។ សហគ្រិនវ័យក្មេងរូបនេះបន្តទៀតថា មុននឹងចាប់ផ្ដើមអាជីវកម្មមួយ គឺត្រូវចេះជ្រើសរើសផលិតផលឬ សេវាកម្មណាដែលត្រូវនឹងទីផ្សារគេអាចទទួលយកបាននិង ពេញចិត្តទៅលើផលិតផល ឬ សេវាកម្មនោះ។ មានន័យថា ត្រូវមើលឱ្យបានវែងឆ្ងាយនៃភាគរយជោគជ័យ និង បរាជ័យ។
៦.ចេះស្រាវជ្រាវ
ការស្រាវជ្រាវគឺជាប្រការដ៏ចាំបាច់បំផុតប្រសិនបើអ្នកចង់ក្លាយជាសហគ្រិនមួយរូប។ ការស្រាវជ្រាវស្វែងរកព័ត៌មាន គឺធ្វើឱ្យយើងដឹងពីការជ្រើសរើសដ៏ត្រឹមត្រូវនូវផ្លូវដែលយើងចង់ដើរ។ ពីព្រោះមានអ្នកដែលមានបទពិសោធន៍ជាច្រើនបាន ចែករំលែកនៅបទពិសោធន៍របស់ពួកគេតាមរយៈបណ្ដាញ Internet ជាច្រើន ដូចនេះជាភាពងាយស្រួលក្នុងការដែលអ្នកចង់បើកអាជីវកម្មយកមកធ្វើការគិតពិចារណា។
៧. ហ៊ានអារកាត់ និងវិនិច្ឆ័យ
"ការស្រាវជ្រាវផ្ដល់រូបភាពក្នុងការគិត តើជម្រើសមានអ្វីខ្លះ និង ផ្លូវដែលត្រូវដើរមានប៉ុន្មាន ដូចនេះបន្ទាប់ពីបានស្រាវជ្រាវយ៉ាងល្អិតល្អន់ យើងអាចហ៊ានអារកាត់ និង វិនិច្ឆ័យលើអ្វីដែលយើងបានជ្រើសរើសប្រកបដោយភាពត្រឹមត្រូវ"។ លោក ឃន ឈុនដារ៉ា បានលើកឡើងដូច្នេះ។
៨. មិនបោះបង់ការព្យាយាម
សហគ្រិនកំពុងជោគជ័យរូបនេះ បានបន្តទៀតថា ការធ្វើអាជីវកម្មគឺប្រៀបដូចជាការលេងបាល់ដូច្នោះដែរ មិនមែនស៊ុតមួយរយដង ចូលទាំងមួយរយដងនោះទេ។ ដូចជាការធ្វើអាជីវកម្មដែរ មិនមែនចាប់ផ្ដើមភ្លាមសុទ្ធតែអាចទទួលបានជោគជ័យភ្លាមឡើយ គឺត្រូវតែព្យាយាមតស៊ូ ម្ដងហើយ ម្ដងទៀត ដូចជាកីឡាករបាល់ទាត់ដែរ ស៊ុតលើកនេះមិនចូលត្រូវព្យាយាមទៀត លើកក្រោយប្រាកដជាចូល។ ការធ្វើអាជីវកម្មលើកនេះបរាជ័យលើកក្រោយប្រាកដជាជោគជ័យ។