ស្ពាន​កោះធំ ក្លាយ​ជា​ទី​​ទេសចរ​​អ្នក​ស្រុក ​​ផ្សាភ្ជាប់​បេះដូង​អ្នក​ត្រើយ​ខាង​លិចទៅ​ត្រើយ​ខាងកើត

  • 2016-11-25 02:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រុក​កោះ​ធំ​ចំណាយ​រយៈពេល​ជាង ៣ ឆ្នាំ ដើម្បី​រង់ចាំ​មើល​សមិទ្ធផល​ថ្មី​មួយ ប្រសិទ្ធិ​ឡើង​នៅ​លើ​ទឹកដី​របស់​ពួក​គេ។ ប៉ុន្តែ​ពេលនេះ​ក្ដី​ស្រមៃ​មួយ​នេះ​សម្រេច​ចេញ​ជា​រូបរាង​ពិតហើយ ។

ស្ពាន​មិត្តភាព​កម្ពុជា ចិន កោះធំ ជា​ស្ពាន​ឆ្លង​ទន្លេ​ថ្មី​មួយ​ទៀត​ ដែល​ទើប​សង់​រួចរាល់​និង​កំពុង​បើក​ឲ្យ​ប្រើប្រាស់​បណ្ដោះ​អាសន្ន និង​ត្រៀម​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។

លោក​ច្រឹក ស្រ៊ង មន្រ្តី​សាលា​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ស្ពាន​ថ្មី​នេះ​មិនទាន់​កំណត់​ថ្ងៃ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នៅឡើយ​ទេ ប្រហែល​ត្រូវ​រង់ចាំ​សម្ពោធ​ព្រមគ្នា​ជាមួយ​នឹង​ស្ពាន​ឆ្លង​​ជ្រៃធំ ដែល​ស្ថិត​ក្នុង​ស្រុក​កោះធំ​ជិត​ព្រំដែន​ប្រទេស​វៀតណាម។

ខ្សែ​ទន្លេ​បាសាក់​ពុះ​ចែក​ទឹកដី​ស្រុក​កោះធំ​សឹង​តែ​ពីរ​ចំណែក​ស្មើគ្នា ។ ចំនួន​ប្រជាជន​ត្រើយ​លិច និង​ត្រើយ​ខាង​កើត​លើស​ខ្វះ​គ្នា​បន្តួច​តែ​​ប៉ុណ្ណោះ តែ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ជួប​ការ​ពិបាក កាល​ពី​មិនទាន់​មាន​ស្ពាន។ សិស្ស​សាលា​ទៅ​រៀន​មិន​ទាន់​​ម៉ោង​ ឈ្មួញ​​ដឹក​ទំនិញ​ខាត​សោហ៊ុយ​ច្រើន​ព្រោះ​រឿង​ឆ្លង​ទូក​ដរ បើ​ចំ​ខែ​មាន​ព្យុះភ្លៀង ឬ​ខែ​កំប្លោក​កក​ពេញ​ទន្លេ​ជាដើម។ អ្វី​លំបាក​ជាង​ហ្នឹង​ទៀត ចំពោះ​អ្នក​ជំងឺ​ត្រូវការ​សង្គ្រោះ​បន្ទាន់​ និង​ស្ដ្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​សម្រាល​ ចាំបាច់​ត្រូវ​ឆ្លង​ទូកដ​ទៅ​ត្រើយ​ខាងលិច​រក​មន្ទីរពេទ្យ​ស្រុក​ពេល​យប់​ បើ​មិនទាន់​ពេល​វេលា​អាច​នឹង​ប៉ះពាល់​ដល់​អាយុជីវិត។

យោង​តាម​គេហទំព័រ និង​ទំព័រ​ហ្វេសប៊ុក​សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី ០៨ ខែ​សីហា ២០១៦ នៅ​ពេល​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ដើម្បី​ចាក់​បេតុង​ភ្ជាប់​មុខ​តំណរ​ស្ពាន​បាន​បញ្ជាក់ថា​ ស្ពាន​បេតុង​កោះធំ​មាន​ប្រវែង ៤១៥ ម៉ែត្រ ទទឹង ១៣.៥ ម៉ែត្រ។ បើ​បូក​ទាំង​ផ្លូវ​ទៀត ស្ពាន​នេះ​មាន​ប្រវែង​សរុប ៨២៤ ម៉ែត្រ ដែល​ត​ភ្ជាប់​កំណាត់​ផ្លូវ​ជាតិ​លេខ ២១ ត្រង់​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែកថ្មី ស្រុក​កោះធំ ត្រើយ​ខាង​លិច ទៅ​ត្រើយ​ខាង​កើត​លើ​កំណាត់​ផ្លូវជាតិ​លេខ ១១០ ត្រង់​ភូមិ​ព្រែកថ្មី ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្ត​កណ្ដាល។

ស្ពាន​កោះ​ធំ​សាងសង់​ដោយ​ក្រុមហ៊ុន China Road & Bridge Corporation។ អ្វី​ដែល​ប្លែក​គឺ​ការ​រចនា​ម៉ូត​បង្កាន់​ស្ពាន ងាយស្រួល​ដល់​ច្រត់​ផ្អែក​ខ្លួន សម្លឹង​មើល​ទេសភាព​ដងទន្លេ ផ្ទៃ​កោះ ចំការ​ច្បារ​ចំណាំ​អ្នក​ស្រុក ស្រប​ស្រុក​កោះធំ​ខ្សត់​តំបន់​ទេសចរណ៍​ផង ដែល​ធ្វើ​ឲ្យ​ស្ពាន​កោះធំ​ក្លាយ​ទី​កន្លែង​ពេញនិយម សម្រាប់​ពលរដ្ឋ​មក​លំហែ​កាយ ស្រូប​យក​ខ្សល់​អាកាស​ជំនោរ​ទន្លេ​នាពេល​លា្ងច​រហូត​ដល់​ពេល​រាត្រី។

ស្ពាន​មិត្តភាព​កម្ពុជា ចិន កោះធំ ត្រូវ​បាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ដោយ​ចំណាយ​ថវិកា​សាងសង់​សរុប ១៩.៣៩ លាន​ដុល្លារ​អាមេរិក ដែល​ជា​ថវិកា​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ចិន។

អត្ថបទ៖ ថន ស៊ុយទ្រី

រូបថត៖ ថន ស៊ុយទ្រី

អត្ថបទថ្មី