T OM Cambodia ហាងសម្លៀកបំពាក់ TOMBOY ដំបូងគេបង្អស់នៅកម្ពុជា
- 2016-11-28 05:21:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
T OM Cambodia ហាងសម្លៀកបំពាក់ TOMBOY ដំបូងគេបង្អស់នៅកម្ពុជា
ចន្លោះមិនឃើញ
ហាងលក់សម្លៀកបំពាក់ T OM Cambodia ទើបបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១២ វិច្ឆិកា២០១៦ ថ្មីៗនេះ។ មិនត្រឹមតែជាហាងសម្លៀកបំពាក់បុរស និងនារីប៉ុណ្ណោះទេ ប៉ុន្តែ T OM Cambodia ជាហាងលក់សម្លៀកបំពាក់ដំបូងគេសម្រាប់ Tomboy ដែលពីមុនមកធ្លាប់មានបញ្ហារាល់ពេលចេញទៅទិញខោអាវ។ សម្លៀកបំពាក់របស់ T OM Cambodia ត្រូវបានច្នៃម៉ូដឡើងដោយអ្នកច្នៃម៉ូដខ្មែរដែលបានឆ្លងកាត់ការសិក្សាផ្នែក Design ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។
កញ្ញា ភា បុទុមស្រីពង្ស និង កញ្ញាសុក សុកន្និដ្ឋា ម្ចាស់ហាង និងជាអ្នកផ្ដួចផ្ដើមបង្កើតហាងនេះបានឱ្យដឹងថា ផលិតផលដំបូងរបស់ T OM Cambodia មានដូចជា អាវកាក់សម្រាប់ Tomboy ដែលធ្វើឱ្យដើមទ្រូងរាបស្មើ និងខោក្នុងសម្រាប់ Tomboy ដែលជាប្រភេទខោក្នុងម៉ូដមនុស្សប្រុស តែមិនមានថ្នក់នៅខាងមុខ ដូចខោក្នុងរបស់មនុស្សប្រុសទេ។
T OM Cambodia និង FACTSUPPLY បានសហការគ្នាបង្កើតខោក្នុងនោះឡើងសម្រាប់ Tomboy ហើយបានសម្រេចដាក់ឈ្មោះឱ្យផលិតផលដំបូងនេះថា “All Black” បង្កើតជាពិសេសសម្រាប់អ្នកចូលចិត្តពណ៌ខ្មៅ ព្រោះវាមានពណ៌ខ្មៅសុទ្ធ។
T OM Cambodia ក៏មានម៉ូដអាវជាច្រើនម៉ូដទៀតសម្រាប់ពាក់ចូលរួមកម្មវិធី ដែលឆ្លងកាត់ការ Design ម៉ូដដោយកញ្ញា Sereyroth Orkchan ដែលជា Designer វ័យក្មេងមួយរូបក្នុងប្រទេសកម្ពុជា។ រីឯតម្លៃវិញក៏សមរម្យ គឺចាប់ពី9$ ដល់ 20$ ។ កញ្ញាសុក សុកន្និដ្ឋា បានបញ្ជាក់ថា សម្រាប់តម្លៃគឺរៀបចំឡើងសម្រាប់ Tomboy នៅកម្ពុជាអាចទិញយកទៅប្រើប្រាស់ទាំងអស់គ្នា។
ពង្សបានបន្ថែមថា “T OM Cambodia មិនមែនត្រឹមតែជាហាងលក់សម្លៀកបំពាក់តែប៉ុណ្ណោះទេ តែជាចំណែកមួយនៃការចូលរួម LGBT ។ ពួកខ្ញុំទាំងពីរនាក់បង្កើតវាឡើងដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់ ដោយពួកគាត់មិនចាំបាច់ប្រើប្រាស់សម្លៀកបំពាក់មនុស្សប្រុសដែលមិនត្រូវទំហំ ហើយក៏មិនចាំបាច់ទៅហាងលក់សម្លៀកបំពាក់ជួបប្រុសៗ ធ្វើឱ្យពួកគាត់មានអារម្មណ៍ខ្មាសអៀនទៀតដែរ។ នៅក្នុងហាង T OM Cambodia បុគ្គលិកសុទ្ធតែជា Tomboy ដូច្នេះ Tomboy នឹងមានទំនុកចិត្តក្នុងការជ្រើសរើសសម្លៀកបំពាក់របស់ខ្លួន។"
ពង្សបានឱ្យដឹងទៀតថា "នេះជាបំណងរបស់ខ្ញុំដែលចង់បង្កើតអ្វីថ្មីសម្រាប់ Tomboy ដើម្បីផ្តល់ភាពងាយស្រួល និងបញ្ឈប់ការរើសអើងចំពោះពួកគាត់ ព្រោះពួកគាត់មានសិទ្ធិក្នុងការស្លៀកពាក់របស់ខ្លួន។ ប្រាក់ចំណេញមួយចំនូន ពួកខ្ញុំនឹងយកទៅប្រើប្រាស់ដើម្បីសហការជាមួយ Poung Studio បង្កើតសាច់រឿងអប់រំទាក់ទងនឹងការស្រលាញ់ភេទដូចគ្នា។"
កន្លងមក Poung Studio បានបង្កើតសាច់រឿងអប់រំខ្លីចំណងជើង “វណ្ណា” ដែលជារឿងទាក់ទងនឹងស្រីស្រលាញ់ស្រី។ ដោយឡែកនៅខែធ្នូនេះ T OM Cambodia នឹងសហការជាមួយ Poung Studio ធ្វើជាម្ចាស់ Sponsor ធំក្នុងការផលិត Music Video បទ “ស្រីបេះដូងប្រុស” ច្រៀងដោយ ខាត់វណ្ណា (Boy) ហើយជាបទចម្រៀងដែលទទួលបានការគាំទ្រយ៉ាងច្រើនពី Tomboy។
T OM Cambodia នៅតែសង្ឃឹមថា Tomboy នឹងគាំទ្រផលិតផលរបស់ខ្លួន ក៏ដូចជាគាំទ្រ T OM Cambodia បន្តទៀត៕