អ្នកជំនាញបង្ហើបពីរូបមន្តពិសេសធ្វើឲ្យសាច់ក្រកឆ្ងាញ់
- 2016-11-28 06:54:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញបង្ហើបពីរូបមន្តពិសេសធ្វើឲ្យសាច់ក្រកឆ្ងាញ់
ចន្លោះមិនឃើញ
ភ្ញៀវទេសចរក្នុងស្រុកដែលបានទៅដល់ខេត្តសៀមរាប គឺមិនសូវរំលងទិញសាច់ក្រកផ្ញើក្រុមគ្រួសារពេលត្រឡប់មកពីតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះនោះទេ។ ហេតុអ្វីបានជាគេនិយមទិញសាច់ក្រកផ្ញើអ្នកផ្ទះដូច្នេះ? ចម្លើយយ៉ាងខ្លីសាច់ក្រកសៀមរាបឆ្ងាញ់ជាងសាច់ក្រកខេត្តណាៗទាំងអស់។ តើមានរូបមន្តអ្វីដើម្បីធ្វើឲ្យសាច់ក្រកនេះឆ្ងាញ់ ដែលញុំាទៅហើយមិនអាចបំភ្លេចរសជាតិសាច់ក្រកខេត្តសៀមរាប?
ឆ្លើយតបនឹងសំណួរនេះ ម្ចាស់ហាងសាច់ក្រកឆ្ងាញ់សៀមរាបយីហោ "លី ធាងសេង" បានប្រាប់ក្រុមការងារផ្លូវទៅស្រុកថា សាច់ក្រកឆ្ងាញ់គឺត្រូវលាយគ្រឿងឲ្យសមល្មមតាមក្បួនខ្នាត ហើយអ្វីដែលជាពិសេសជាងគេនោះ គឺការជ្រើសរើសសាច់ជ្រូកស្រស់ទើបធ្វើសាច់ក្រកឆ្ងាញ់។ "សាច់ជ្រូកត្រូវយកផ្លូវ ហើយត្រូវងើបពីព្រឹកទិញទើបសាច់ស្រស់ល្អ យើងអត់អាចយកសាច់ក្លាសេបានទេ ត្រូវតែសាច់ថ្មីៗទើបធ្វើទៅសាច់ក្រកឆ្ងាញ់"។
លោក លី ធាងសេង ម្ចាស់ហាងសាច់ក្រកនៅភូមិវិហារចិន ឃុំស្វាយដង្គំ ក្រុងសៀមរាប បានរៀបរាប់ទៀតថា ហេតុផលសំខាន់មួយដែលភ្ញៀវមកលេងខេត្តសៀមរាប ហើយមិនសូវរំលងទិញសាច់ក្រកដើម្បីផ្ញើទៅក្រុមគ្រួសារនោះ ដោយសារតែសាច់ក្រកក្នុងខេត្តនេះឆ្ងាញ់។ "តាំងពីដូនតាមកយើងមានរូបមន្តច្បាស់លាស់ត្រូវលាយអំបិលប៉ុន្មាន ស្ករប៉ុន្មាន ហើយសាច់ត្រូវតែជ្រើសរើសអាល្អ (ស្រស់) ពេលនោះសាច់ក្រកឆ្ងាញ់គេចេះតែមកទិញជាបន្ត"។ លោក សេង និយាយ។
ម្ចាស់ហាងសាច់ក្រកដែលមានទីតាំងនៅតាមរង្វង់មូលផ្សារចាស់បត់ចុះទៅផ្សារក្រោមរូបនេះបានបញ្ជាក់ទៀតថា ការធ្វើសាច់ក្រកនេះគឺចេះតាំងពីជីតាមក រហូតមកដល់លោក ទើបសាច់ក្រកដែលមានយីហោ លី ធាងសេង នេះទទួលបានការគាំទ្រពីអតិថិជន។ "សាច់ក្រកហាងខ្ញុំ គឺបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងហើយមានយីហោដែលមានវាយបាកូដលើផលិត ដូច្នេះផលិតផលមួយនេះមានការត្រួតពិនិត្យត្រឹម ដែលជាការទុកចិត្តដល់អតិថិជន"។
តើត្រូវធ្វើម៉េចដឹងថា សាច់ក្រកល្អ និងឆ្ងាញ់? ងាយស្រួលណាស់ គឺសាច់ក្រកល្អ ត្រូវមើលលើពណ៌ស្រស់ថ្លា មានន័យថា សាច់ក្រកថ្មីៗ ហើយបើសាច់ធ្លាក់គុណភាពឡើងពណ៌ខ្មៅ។ លោក សេង និយាយ។
ចំពោះសាច់ក្រកដែលចង់ទុកបានយូរ គឺត្រូវទុកនៅក្នុងទូទឹកកកអាចរក្សាបានយ៉ាងតិច ១ឆ្នាំ ហើយបើមិនទុកក្នុងទូទឹកកក អាចរក្សាបានត្រឹមតែ ៣ខែ នឹងធ្វើឲ្យប្រែពណ៌ខ្មៅមិនខាន ដូច្នេះសាច់ក្រកនឹងធ្លាក់គុណភាព ញុំាទៅមិនសូវឆ្ងាញ់ដូចសាច់ក្រកស្រស់នោះទេ។ នេះជាការណែនាំបន្ថែមពីលោក លី ធាងសេង៕
សូមទស្សនាវីដេអូ នៃបទសម្ភាសន៍ខាងក្រោមនេះ