​គីរីវង់​​តាំង​ចិត្ត​​លើក​ពាន​លីគ​ទី​២ ​ក្រោយ​ឈរ​កំពូល​តារាង​គិត​ត្រឹម​សប្ដាហ៍​ទី​៥

  • 2016-11-30 03:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ​បាន​តាំង​ចិត្ត​ថា នឹង​​​​​លើក​ពាន​លីគ​លំដាប់​​ទី​២​របស់​កម្ពុជា​ឲ្យ​បាន​ បន្ទាប់​ពី​ឆ្លង​កាត់​ ៥​សប្ដាហ៍​កន្លង​ទៅ​ពួក​គេ​ឈរ​កំពូល​តារាង​មាន​១២​ពិន្ទុ​។

ក្រុមគីរីវង់​សុខ​សែន​ជ័យ​

​លោក ឌុក វាសនា ​អគ្គ​លេខាធិការ​ក្លឹប​គីរីវង់​សុខ​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា គោល​ដៅ​របស់​ក្លឹប​ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច​ក្នុង​ការ​លើក​ពាន​លីគ​ទី​២ ដើម្បី​បាន​ឡើង​ទៅ​លេង​លីគ​​លំដាប់​កំពូល​វិញ។ បន្ទាប់​ពី​បាន​ឡើង​ទៅ​លេង​លីគ​កំពូល​​វិញ​​ក្លឹប​របស់​លោក​ត្រូវ​ការ​រៀប​ចំ​ឲ្យ​បាន​ល្អ​​ខ្ពស់​បំផុត​ ​ទើប​អាច​ប្រជែង​យក​តំណែង​ល្អ​មួយ​នៅ​​ក្របខ័ណ្ឌ​ដែល​មាន​សុទ្ធតែ​ក្រុម​ខ្លាំង​បាន។

​​លោក​បន្ថែម​ថា គ្រប់​ការ​ចូល​រួម​របស់​ក្លឹប​ត្រូវ​កំណត់​គោល​ដៅ​ទុក​ជា​មុន​ ​ដើម្បី​អាច​ត្រៀម​ខ្លួន​​ឲ្យ​បាន​ល្អ​ និង​ទទួល​បាន​លទ្ធផល​ល្អ​។ ​មួយ​ទៀត​ក្លឹប​មិន​ទាន់​កំណត់​ថា ក្រោយ​ពេល​បាន​ឡើង​ទៅ​លេង​លីគ​កំពូល​វិញ​​ឈាន​ទៅ​រក​ការ​លើក​ពាន​នោះ​ទេ ព្រោះ​ហួស​​​​សមត្ថភាព​​កីឡាករ។​​​​​​​

ប្រកួត​ចុង​ក្រោយ​របស់​ក្លឹប​គីរីវង់​សុខ​សែន​ជ័យ​គឺ​លត់​ក្រុម​​​ខេត្ត​កំពង់​ស្ពឺ​ ៣-០​ នៅ​ទឹក​ដី​ខេត្ត​កំពង់​​ស្ពឺ។ គិត​ត្រឹម​ពេល​នេះ​ក្រុម​មួយ​នេះ​​មាន​ ១២​ពិន្ទុ​នៅ​លើ​គេ​ក្នុង​តារាង​ ខណៈ​ក្រុម​អគ្គិសនី​កម្ពុជា​ស្ថិត​នៅ​លេខ​​ពីរ​តាម​ពី​ក្រោយ​មាន​ ១០​ពិន្ទុ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​