អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ជំរុញ​ការ​​អភិវឌ្ឍ​សេវា​ស្នាក់នៅ​បន្ថែម ត្រៀម​ទទួល​កំណើន​ភ្ញៀវ​ទេសចរ

  • 2016-12-01 07:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​កើន​ឡើង​​យ៉ាង​គំហុក​ចំនួន​​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​​​​​​ ​បាន​ធ្វើ​ឲ្យ​​អាជ្ញាធរ​​ខេត្ត​ព្រះសីហនុ​​កំពុង​ស្វែង​រក​ការ​អភិវឌ្ឍ​​​​ទី​កន្លែង​ស្នាក់នៅ​​​បន្ថែម​ ដើម្បី​ឆ្លើយតប​កំណើន​ភ្ញៀវ​​​ទេសចរ​។

លោក តាំង សុចិត្រគ្រីស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​​ខេត្ត​ព្រះសីហនុ​មាន​​ការ​កើន​ឡើង​​ខ្លាំងមួយ​រយៈ​ចុងក្រោយ​នេះ ជាពិសេស​លំហូរ​​ភ្ញៀវ​ទេសចរ​ចិន​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​ការ​បារម្ភ​ពី​ការ​​ផ្គត់ផ្គង់​ទី​កន្លែង​ស្នាក់នៅ ដែល​មិន​អាច​ឆ្លើយតប​ទៅ​កំណើន​ភ្ញៀវ​ទេសចរ​។

លោក​ថា អាជ្ញាធរ​កំពុង​ជំរុញ​ដល់​ក្រុមហ៊ុន​ឯកជន ក្នុង​ការ​អភិវឌ្ឍ​ទី​កន្លែង​ស្នាក់នៅ​បន្ថែម​​​ដូចជា​ផ្ទះ​សំណាក់ និង​សណ្ឋាគារ ដើម្បី​សម្រួល​​ដល់​ការ​​មក​ដល់របស់ភ្ញៀវ​ទេសចរ​​មក​​ខេត្ត​​ព្រះ​សីហនុ​។

ខេត្ត​ព្រះសីហនុ​មាន​ភាព​ទាក់ទាញ​ដោយសារ​មាន​ឆ្នេរ​ស្រស់​ស្អាត រួម​ទាំង​មាន​កោះ​​ដ៏​ទាក់ទាញ​​ជា​ច្រើន​ដែល​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។

ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​​ថា ការ​ត​ភ្ជាប់​សេវាកម្ម​ហោះហើរ​​​មក​ខេត្ត​ព្រះសីហនុ​ បានជួយ​​ជំរុញ​កំណើន​​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​មក​កម្សាន្ត​ខេត្ត​​ឆ្នេរ​សមុទ្រ​មួយ​នេះ​។

លោក​ថា ភ្ញៀវ​​ទេសចរ​ចិន​បាន​សម្រុក​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​​ច្រើន​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ដោយសារ​មាន​ការ​ហោះហើរ​ត្រង់​​ពី​​ប្រទេស​ចិន​មក​​ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​​ ដែល​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​​ភ្ញៀវ​ដែល​ចង់​មក​កម្សាន្ត​ខេត្ត​​ដែល​មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​បំផុត​​នេះ​​។

បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ចំនួន ៩៣ កន្លែង និង​ផ្ទះ​សំណាក់ ២៩១ កន្លែង ដែល​ចំនួន​នេះ​មិន​ទាន់​អាច​បំពេញ​តាម​តម្រូវការ​គ្រប់គ្រាន់​លំហូរ​​​ភ្ញៀវ​ទេសចរ​​ ដែល​រំពឹង​ថា​នឹង​មាន​កើន​ឡើង​ខ្លាំង​នៅ​ពេល​ខាង​មុខ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា