បារមីបារាយណ៍អណ្ដែត ធ្លាប់បន្លំជាអ្នកចែវទូក ប្ដូរច្រវាមាសឲ្យអ្នកនេសាទ
- 2016-12-02 02:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារមីបារាយណ៍អណ្ដែត ធ្លាប់បន្លំជាអ្នកចែវទូក ប្ដូរច្រវាមាសឲ្យអ្នកនេសាទ
ចន្លោះមិនឃើញ
អ្នកខេត្តព្រៃវែង ប្រាកដជាបានដឹងច្បាស់ថាមានទួលបារាយណ៍អណ្ដែតមួយ ដែលល្បីស័ក្ដិសិទ្ធិតគ្នាយូរមកហើយ ប៉ុន្តែប្រហែលមិនធ្លាប់ដឹងទេថាមានរឿងអ្វីខ្លះកើតឡើងនៅទីនោះ។ រឿងរ៉ាវមួយដែលមានប្រវត្តិធ្វើឲ្យទួលបារាយណ៍អណ្ដែតល្បីឈ្មោះមកដល់បច្ចុប្បន្ន គឺមានបារមីនៅថែរក្សា និងធ្លាប់បន្លំជាអ្នកចែវទូក មកប្ដូរច្រវាមាសឲ្យអ្នកនេសាទ ២នាក់ប្ដីប្រពន្ធ រហូតតវង្សត្រកូលជាគ្រួសារធូរធារដល់សព្វថ្ងៃ។
អ្នករស់នៅខេត្តព្រៃវែង សុទ្ធតែបានឮពីតំណាលរឿងនៃការប្ដូរច្រវាមាសនេះ ដែលកើតឡើងច្រើនជំនាន់មកហើយ។ ចំណែកលោក ចន ស៊ា ជាមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង និងជាអ្នកគ្រប់គ្រងនៅទួលបារាយណ៍អណ្ដែត ក៏បានលើកឡើងដែរថា រឿងប្ដូរច្រវាមាសនេះជារឿងដែលកើតមានពិតប្រាកដ។
ក្រោយមក ក្រុមការងារ Sabay បានទៅជួបលោក ទឹម ទេពវង្សា អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង ហើយលោកក៏បានលើកឡើងពីរឿងរ៉ាវនេះដូចគ្នា។ ដើម្បីបញ្ជាក់ការពិត ក្រុមការងារ Sabay បានទៅស្វែងរកលោក P មានឈ្មោះពេញថា ហាស់ ថុល ជាអ្នកជំនាន់ក្រោយនៃវង្សត្រកូលតាយាយដែលទទួលបានច្រវាមាសនោះ។
លោក ហាស់ ថុល បាននិយាយថា តាមពិតដំណាលរឿងនេះ បានកើតឡើងយូរមកហើយ ដោយលោកមិនច្បាស់ថា នៅក្នុងជំនាន់ណា ត្រូវជាតាលួត ឬមុននេះក៏មិនដឹង។ ពេលនោះ តាយាយពីរនាក់ប្ដីប្រពន្ធ ដែលជាអ្នកនេសាទបាននាំគ្នាទៅរាយសន្ទូចនៅខាងលិចទួលបារាយណ៍អណ្ដែត។ ខណៈពេលកំពុងរាយសន្ទូចនោះ ស្រាប់តែច្រវាបាក់ ប៉ុន្តែបែរជាមានតាចាស់ម្នាក់ អុំទូកមកជិត និងសុំដូរច្រវា ដោយនិយាយថា៖ "នេះ! យកច្រវានេះទៅប្រើទៅ ឲ្យច្រវានោះខ្ញុំប្រើវិញ"។ ព្រឹកឡើង ស្រាប់តែច្រវានោះ ក្លាយជាមាស ធ្វើឲ្យតាយាយភ្ញាក់ផ្អើលយ៉ាងខ្លាំង និងគិតថាជាបារមីបារាយណ៍អណ្ដែតជាអ្នកជួយ។
ក្រោយមកទៀត លោកនៅចាំតាមជីតាលោកប្រាប់ថា ជីតាលួតរបស់លោក ក៏មានកិត្តិយសបានរាប់អានជាមួយសែស្រឡាយរាជវង្ស ដោយសន្យាថាបើបានគ្រងរាជ្យ នឹងយកជីតាលួតរបស់លោកធ្វើជាមេទ័ព។ បន្ទាប់មក ជីតាលួតរបស់លោក ក៏បានក្លាយជាមេទ័ពពិតប្រាកដ ដោយមានឈ្មោះថា លោកឧកញ៉ា ជយោសង្គ្រាម។
ចំណែកតាទួតរបស់លោក ក៏បានរៀនសូត្រច្រើនរហូតក្លាយជាចៅហ្វាយខេត្តព្រៃវែងនាជំនាន់ក្រោមអាណានិគមបារាំង ដោយមានឈ្មោះថា លោកឧកញ៉ា ហាស្ស យារ្យ៍។ សព្វថ្ងៃរូបសំណាកញាតិសន្ដានជំនាន់មុនរបស់លោក ហាស់ ថុល មានក្នុងព្រះវិហារវត្តសំសមី នៅក្រុងព្រៃវែងផ្ទាល់។ ចំណែកច្រវាមាសនោះ លោកមិនដឹងថាទៅដល់ទីណាទេ ព្រោះរំលងផុតរាប់រយឆ្នាំមកហើយ។
លោក ហាស់ ថុល បាននិយាយថា តាមតំណាលរឿងនោះ ក្រោយមកគ្រួសារវង្សត្រកូលរបស់លោកក៏បានក្លាយជាអ្នកធូរធារច្រើន។ ក្រៅពីអ្នកធ្វើជំនួញដូចលោក នៅមានមន្ត្រីធំជាច្រើនទៀត ក៏កើតចេញពីត្រកូលតាយាយដែលទទួលបានច្រវាមាសដែរ រាប់ទាំងមន្ត្រីយោធាផ្កាយ៤ ម្នាក់ជាបងប្អូនជាទួតមួយរបស់លោកផង៕