ចំណុច​​​ពិសេស ៣ របស់​​ល្បែង​ទាញ​ព្រ័ត្រ​​ផ្ដៅ​នៅ​សង្ក្រាន្ត​ភូមិ​ខ្ញុំ

  • 2016-12-02 12:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ល្បែង​ទាញ​​ព្រ័ត្រ​" ត្រូវ​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​វប្បធម៌ អ​រូបិយ នៃ​មនុស្ស​ជាតិ របស់​អង្គការ​យូណេស្កូ​ កាល​ពី​ថ្ងៃ​ទី ២ ធ្នូ ឆ្នាំ ២០១៥ កន្លង​ទៅ ដូច្នេះ ថ្ងៃ​នេះ​គឺជា​ខួប​១ឆ្នាំ នៃ​ការ​បញ្ចូល​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ​ខាង​លើ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ មិន​និយាយ​អំពី​ការ​ប្រារព្ធ​ខួប តែ​ Sabay សូម​រំលឹក​អំពី​ល្បែង​ទាញព្រ័ត្រ​មួយ​នៅ​ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​រៀបចំ​ពិធី​ "សង្ក្រាន្ត​ភូមិ​ខ្ញុំ" កាល​ពី​អំឡុង​ចូលឆ្នាំ​កន្លង​ទៅ​នេះ។

ល្បែង​ទាញព្រ័ត្រ​នៅ​ក្នុង​កម្មវិធី​បុណ្យ​ចូលឆ្នាំមួយ ដែល​ប្រជាជន​បាន​ដាក់​ឈ្មោះថា "សង្ក្រាន្តភូមិខ្ញុំ" ស្ថិត​នៅ​ភូមិ​ត្របែក​ពក​ព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល បាន​ក្លាយ​ចំណាប់​អារម្មណ៍​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​រហូត​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់​ទី​នោះ​ផ្ទាល់ និង​ចង​ក្រង​ជា​ឯកសារ​ទុក។ សង្ក្រាន្ត​ភូមិ​ខ្ញុំ គឺ​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​រួមគ្នា​របស់​អ្នកភូមិ ដែល​តែង​ប្រារព្ធ​ធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ប៉ុន្តែ​ឈ្មោះ សង្ក្រាន្ត​ភូមិខ្ញុំ អ្នក​ស្រុក​ទើប​តែ​ដាក់​ កាលពី​រដូវ​ចូល​ឆ្នាំ​ខ្មែរ ២០១៦ នេះ​ទេ ។

ចំណុច​ពិសេស ៣ របស់​ល្បែង​ទាញ​ព្រ័ត្រ​នៅ​បុណ្យ​សង្ក្រាន្ត​ភូមិ​មាន​ដូចជា ៖

១.ព្រ័ត្រ​ធ្វើអំពី​ដើម​ផ្ដៅ

ផ្ដៅ​ជា​រុក្ខជាតិ​វល្លិ​មួយ​ប្រភេទ​ ដែល​នៅ​សង្ក្រាន្ត​ភូមិ​ខ្ញុំ​ចាត់​ទុក​ផ្ដៅ​ជាវ​ត្ថុធាតុ​ដើម​ចម្បង​មួយ​ ដោយ​យក​វា​ទៅ​ធ្វើ​ព្រ័ត្រ​ទាញ​លេង​ជា​រៀង​រាល់​ឆ្នាំ។ ដើម្បី​ធ្វើ​បាន​ព្រ័ត្រ​មួយ​ត្រូវ​ប្រើ​ផ្ដៅ​មិន​តិច​ជាង ១០០ ដើម​ទេ ឬ​ប្រហែល ៥ ទៅ ៦​ចន្ទាស ក្នុង​មួយ​ចន្ទាស​ផ្ដៅ​ស្មើ​ចំនួន ២០ ដើម​ផ្ដៅ ។

លោក ជា វ៉ាត ជា​អ្នក​ធានារ៉ាប់រង​ក្នុង​ការ​បោច​ផ្ដៅ បាន​ប្រាប់​ថា ដើម្បី​ធ្វើ​បាន​ព្រ័ត្រ​ផ្ដៅ​នេះ​មួយ ត្រូវ​ចំណាយ​ពេលវេលា​យ៉ាងតិច ១៥ថ្ងៃ ឬ​កន្លះ​ខែ។ ដំបូង​គឺ​គាត់​ទៅ​បោច​ផ្ដៅ​ពី​ព្រៃ​រនាម ដែល​មាន​ចម្ងាយ ១ គីឡូម៉ែត្រ​ពី​ភូមិ ហើយ​ត្រូវ​ប្រើ​ពេល​ប្រហែល​មួយ​អាទិត្យ ដើម្បី​បោច​ឲ្យ​បាន​ដើម​ផ្ដៅ​គ្រប់​ចំនួន និង​ប្រើ​រយៈ​ពេល​មួយ​អាទិត្យ​ទៀត ដើម្បី​ហាល​ដើម​ផ្ដៅ​ទាំងនោះ ឲ្យ​ស្ងួត​ស្វិត​ជាប់​បាន​ល្អ ។

បន្ទាប់​មក​អ្នក​ភូមិ​គាត់​នាំ​គ្នា​ជួយ​អូស​ជញ្ជូន​ដើម​ផ្ដៅ​ទាំង​នោះ​មក​ទី​តាំង​បុណ្យ​សង្ក្រាន្ត​ភូមិ​ខ្ញុំ ។ គាត់​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ធ្វើ​ព្រ័ត្រ​ផ្ដៅ​នេះ​មាន​ក្បួន​ខ្នាត​ច្បាស់​លាស់ ត្រូវ​ការ​មនុស្ស​ចំនួន​ ៧ ​ទៅ ១០នាក់ ដើម្បី​វេញ​ផ្ដៅ​បញ្ចូល​ឲ្យ​ត្រូវ​តាម​ធ្លុង​របស់​វា ។ ផ្ដៅ​១​ដើម​ប្រវែង​ពី ១០​ទៅ ២០ម៉ែត្រ ដោយ​យក​ផ្ដៅ ២ ឬ ៣​ដើម​មក​ចង​ស្រាក់​ត​គ្នា​បាន​វែង ដើម្បី​វេញ​បញ្ចូល​ធ្លុង​តែ​មួយ​​។ ពួក​គាត់​ប្រើ​កាំបិត​បន្ទោះ​បិត​ដើម​ផ្ដៅ​ជា​សរសៃ​ខ្សែ​តូច​ៗ យក​មក​ចង​ធ្លុង​ព្រ័ត្រ​កុំ​ឲ្យ​រលា​ចេញ​ពី​គ្នា ។

ព្រ័ត្រ​ផ្ដៅ​ដែល​សង្ក្រាន្ត​ភូមិ​ខ្ញុំ​ប្រើ​សម្រាប់​ទាញ​លេង​​កាល​ពី​ចូល​ឆ្នាំ​ខ្មែរ ២០១៦ ទំហំ​ប៉ុន​កំភួន​ដៃ​មនុស្ស​ចាស់ មាន​ប្រវែង ៤១​ម៉ែត្រ​កន្លះ អាច​ដាក់​ចំណុះ​មនុស្ស​ទាញ​បាន​ខ្ទង់​ជាង ៣០០​នាក់​។ ព្រ័ត្រ​ផ្ដៅ​មាន​ទំហំ​ធំ ទាញ​មិនសូវ​ឈឺ​ដៃ ដូច​ព្រ័ត្រ​ខ្សែ​ពួរ​តូច​ៗ ឡើយ និង​មិន​ងាយ​ដាច់​ផ្តេស​ផ្ដាស​ទេ ។

២.ល្បែង​ទាញ​ព្រ័ត្រផ្ដៅ​នេះ មាន​អាយុ​កាល​មិន​តិច​ជាង​ ១០០​ឆ្នាំ រយៈ​ពេល​ជាង​មួយ​សតវត្ស​ទៅ​ហើយ​ដែល អ្នក​ភូមិ​ត្របែក​ពក ភូមិ​ព្រែក​ឬស្សី បាន​នាំ​គ្នា​លេង​ទាញ​ព្រ័ត្រ​ផ្ដៅ​នេះ​បន្ត​មក​ហូរ​ហែ​មិន​ដែល​ខាន​មួយ​ឆ្នាំ​ណា​ឡើយ លើក​លែង​តែ​សម័យ​សង្គ្រាម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។

តាម​សាក្សី​យាយ​តា​ចាស់​ ៗ ដែល​មាន​អាយុ​ច្រើន​នៅ​ក្នុង​ភូមិ​នោះ ពួក​គាត់​ថា ពេល​រស់​រាន​ដឹង​ក្ដី​មក​ពួក​គាត់​ឃើញ​តែ​នាំ​គ្នា​លេង​អ៊ីចឹង​ មិន​ដឹង​ថា ការ​លេង​ទាញ​ព្រ័ត្រ​ផ្ដៅ​ហ្នឹង ចាប់​កកើត​តាំង ពី​ឆ្នាំ​ណា​ដំបូង​មក​ប្រាកដ​ទេ​ ។ ការ​លេង​ទាញ​ព្រ័ត្រ​ផ្ដៅ​នេះ គឺ​លេង​តាំង​អំពី​ជំនាន់​ឪពុក​ម្ដាយ និង​ជីដូន​ជីតា​របស់​គាត់​មក​ម្ល៉េះ​ មិន​តិច​ជាង​៣​ទៅ​៤ ជំនាន់​មនុស្ស​ឡើយ ។ ហេតុ​ដូច្នេះ​ទើប​សន្និដ្ឋាន​ថា ល្បែង​ទាញ​ព្រ័ត្រ​ផ្ដៅ​នៅ​សង្ក្រាន្ត​ភូមិ​ខ្ញុំ មាន​អាយុ​កាល​ខ្ទង់​រយ​ឆ្នាំ​មក​ហើយ រហូត​វា​ក្លាយ​ទំនៀម​ទម្លាប់​ប្រពៃណី​ដ៏​ល្អ​មួយ​នៅ​ក្នុង​ភូមិ​របស់​ពួក​គាត់​។

៣.ល្បែង​ទាញ​ព្រ័ត្រ​ផ្ដៅ​នេះ​ជា​កិច្ច​ពិធី​អបិយ​ជំនឿ​របស់​អ្នក​ភូមិ ដោយ​មាន​បង្កប់​អត្ថន័យ​ជា​ច្រើន

បុណ្យ​សង្ក្រាន្ត​ភូមិ​ខ្ញុំ ឬ​បុណ្យ​អ្នក​តា​ដើម​សំរោង​ស្ថិត​នៅ​ត្រង់​ព្រំ​ប្រទល់​ភូមិ​ព្រែក​ឫស្សី និង​ភូមិ​ត្របែក​ពក ។ អ្នក​ភូមិ​ទាំង​ពីរ​នេះ​តែង​តែ​សាមគ្គី​គ្នា​រៀប​ចំ​ពិធី​បុណ្យ​នៅ​រោង​អ្នក​តា​នោះ​អម​នឹង​ការ​លេង​ទាញ​ព្រ័ត្រ​ផ្ដៅ​ជា​រៀង​រាល់​ឆ្នាំ ។

លោក​ជុំ សុខ ជា​ប្រធាន​គណៈកម្មការ​បុណ្យ​នោះ​បាន​បញ្ជាក់​ថា ភ្នំ​ខ្សាច់​ដែល​បាន​ពូន និង​បំបួស​ត្រូវ​ផ្សឹក​វិញ​ជា​ដាច់​ខាត ចំណែក​ឯ​ព្រ័ត្រ​ដាច់​ខាត​ក៏​ត្រូវ​ទាញ​ផ្ដាច់​ចោល​ដែរ​។ បើ​ពុំ​ដូច្នោះ​ទេ នឹង​មិន​បាន​លាភ​ជ័យ​សេចក្ដី​សុខ​មក​ដល់​ភូមិ​ស្រុក​ឡើយ ហើយ​ប្រៀប​ដូច​ជា​មិន​បាន​ផ្ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី​អញ្ចឹង​ដែរ ។ មជ្ឈមណ្ឌល​ស្រាវជា្រវ​វប្បធម៌ វិទ្យាសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​បាន​បញ្ជាក់​ថា ទាញ​ព្រ័ត្រ​ដែល​ខ្មែរ​នាំ​គ្នា​លេង​មាន​ន័យ​សំខាន់​ពីរ​យ៉ាង៖

ទី១ លេង​ជា​ល្បែង​កម្សាន្ត និង​ទី​២ គេ​លេង​ដើម្បី​ជា​កិច្ច​ជំនឿ​អ្វី​មួយ គឺ​ក្នុង​ន័យ​ទាំង​ពីរ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អង្គការ​យូណេស្កូ​ពិចារណា និង​សម្រេច​ចុះ​បញ្ជី​ល្បែង​ទាញ​ព្រ័ត្រ​ខ្មែរ​ក្នុង​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នៃ​មនុស្ស​ជាតិ​កាល​ពី​ថ្ងៃ​ទី ២ ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​ប្រទេស Namibia៕

អត្ថបទ ៖ ថន ស៊ុយទ្រី រូបភាព

រូបថត៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

អត្ថបទថ្មី