កុមារា​ ហ៊ិន ដើរ​ទូក​តាំង​ពី​តូច​រក​ប្រាក់​ជួយ​ម្ដាយ

  • 2016-12-05 02:52:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារា ហ៊ិន វ័យ​១១​ឆ្នាំ កើត​នៅ​ក្នុង​ខេត្ត​កោះកុង ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា។ ហ៊ិន ចាប់​ផ្ដើម​ធំ​ដឹង​ក្ដី ស្គាល់​តែ​ទឹក​សមុទ្រ និង កោះ ព្រោះ​កុមារា​រូប​នេះ​ បាន​ដើរ​ទូក​រក​គ្រឿងសមុទ្រ និង ទូក​ដឹក​ភ្ញៀវ​ទេសចរ​ពី​ត្រើយ​កោះកុង ទៅ​កោះស្ដេច ពី​កោះស្ដេច​ទៅ​កោះស្មាច់ ជាដើម ដើម្បី​រក​ប្រាក់​ជួយ​ម្ដាយ​ដែល​មាន​ជីវភាព​ខ្វះខាត តាំង​ពី​ខ្លួន​នៅ​តូចៗ​មក​ម៉្លេះ។

“ក្នុង​១ថ្ងៃ​ខ្ញុំ​អាច​រក​បាន​ ១ម៉ឺនរៀល ឬ​២ម៉ឺន​រៀល​តាម​ភ្ញៀវ​គេ​ឲ្យ"។ និយាយ​មួយៗ កុមារា ហ៊ិន បាន​រៀបរាប់​ទៀត​ថា "ខ្ញុំ​ដើរ​ទូក​​តាំង​ពី​នៅ​តូចៗ ជាមួយ​ក្រុមគ្រួសារ និង អ្នក​ជិត​ខាង។ ជួន​កាល​ប៉ា​ខ្ញុំ​ទៅ​នេសាទ​ខ្ញុំ​ទៅ​ជាមួយ តែ​បើ​មាន​ភ្ញៀវ​ទេសចរ​មក​លេង​ខ្ញុំ​មក​ជាមួយ​ពូ តែ​មក​ជាមួយ​គាត់​អត់​បាន​លុយ​ទេ គឺ​អាស្រ័យ​លើ​ភ្ញៀវ​ឲ្យ​ ពេល​ខ្ញុំ​ជួយ​លើក​ឥវ៉ាន់​ឲ្យ​ពួកគាត់"។

នៅ​ពេល​សួរ​ថា តើ​ប្អូន​រក​ប្រាក់​បាន​តើ​យក​ទៅ​ធ្វើ​អ្វី? និយាយ​មិន​បង្អង់ ហ៊ិន បាន​និយាយ​ថា ប្រាក់​ដែល​រក​បាន​យក​ទៅ​ឲ្យ​ម្ដាយ និង​ប្អូន​ៗ​បាន​រៀនសូត្រ។

ហ៊ិន បាន​ចំណាយ​ពេល​ដើរ​ទូក​នេសាទ និង ទេសចរណ៍​ខាង​លើ គឺ​នៅ​ពេល​ទំនេរ​ពី​ការ​សិក្សា​​ថ្នាក់​ទី ២ នៅ​សាលបឋមសិក្សា​កោះស្ដេច ស្ថិត​នៅ​ក្នុង​ស្រុក​គីរីសាគរ ខេត្តកោះកុង។ ហ៊ិន មាន​បងប្អូន​ចំនួន ៣នាក់ ប្រុស២ និង​ស្រី ១ ហើយ​ហ៊ិន​គឺជា​កូន​ច្បង​នៅ​គ្រួសារ៕

ចុចទស្សនា​វីដេអូ ស្ដាប់​ការ​រៀបរាប់​របស់​ ហ៊ិន ខាងក្រោម​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា