តិចនិក រើស​​​ឪឡឹក​​​​បាន​ទុំ​ សាច់​​ល្អ​

  • 2016-12-07 06:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ទិញ​ឪឡឹក ប្រាកដ​ជា​ចង់​បាន​ សាច់​ក្រហម​ទុំ​ ណែន​ល្អ ប៉ុន្តែ​​​​​​​មិន​ទាន់​ចេះ​រើស​​។ ទៅ​ស្ដាប់​បុរស​អ្នក​​​លក់​​ឪឡឹក​មក​ពី​ខេត្ត​ព្រៃ​វែង​ម្នាក់ គឺ​លោក សឿន​ សាយ​​បាន​​ប្រាប់​ពី​វិធី​រើស​​​ឪឡឹក​ទុំ សាច់​ក្រហម​ឆ្ងាញ់​​ដូច​ខាង​ក្រោម៖

១. ទង​តូច​៖

បើ​សិន​ជា​ទង​ឪឡឹក​តូច​ ស្ងួត​​នោះ​មាន​ន័យ​ថា​ វា​ទុំ​ល្អ។ ប៉ុន្តែ​បើ​​​ទង​​​​​​របស់​វា​ត្រង់​ទៅ​​លើ​ និង​នៅ​​មាន​រោម នោះ​ឪឡឹក​​មិន​ទាន់​ទុំ​ល្អ​ឡើយ​​ បើ​ចិត​ទៅ​គឺ​នៅ​ពណ៌​ផ្កាឈូក។

២. ទម្ងន់៖

ឪឡឹក​ពេល​លើក​ទៅ​ធ្ងន់​​​នោះ​ វា​មាន​សាច់​ណែន​ល្អ គឺ​​មិន​ផុស​​នោះ​ទេ។ ផ្ទុយ​​ទៅ​វិញ​​​បើ​​​​​​​​ឪឡឹក​ស្រាល នោះ​សាច់​របស់​វា​ ផុស​​ៗ​មិន​ឆ្ងាញ់​។

នេះ​ជា​ការ​លើក​ឡើង​របស់​ លោក សាយ​ មក​ពី​ខេត្ត​ព្រៃវែង។ ដោយ​ឡែក​បើ​តាម​ឯកសារ​បរទេស​ មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​អាច​សម្គាល់​​ ផ្លែ​ឪឡឹក​សាច់​​ក្រហម​ទុំ​ល្អ​ដូច​ជា៖

៣. មើល​ទៅ​ចំណុច​ពណ៌​លឿង​៖

កន្លែង​ដែល​មាន​ស្នាម​ពណ៌​លឿង​នៅ​លើ​ឪឡឹក​គឺ​ជា​ផ្នែក​ខាង​ក្រោម​ដែល​ប៉ះ​នឹង​ដី។ មើល​ទៅ​លើ​ចំណុច​នេះ​បើ​វា​ឡើង​ពណ៌​លឿង​ខ្លាំង ឬ​ពណ៌​ទឹក​ក្រូច​បាន​ន័យ​ថា​វា​ទុំ។

៤.រើស​មើល​ឪឡឹក​ដែល​មាន​សំណាញ់​ច្រើន ៖

ឃើញ​ក្រឡា​សំណាញ់​ពណ៌​ត្នោត​នៅ​លើ​សំបក​ឪឡឹក​ច្រើន​គឺ​មក​ពី​មាន​ឃ្មុំ​ក្រេប​លំអង​ផ្កា​របស់​វា​ច្រើន​ដង។ ដូច្នេះ​បើ​សិន​ជា​មាន​ក្រឡា​សំណាញ់​កាន់​តែ​ច្រើន ឪឡឹក​កាន់​ផ្អែម។

៥.មើល​ឪឡឹក "ញី" ឬ​ក៏ "ឈ្មោល" ៖

មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​អ្នក​ដាំ​ឪឡឹក​បែក​ចែក​ឪឡឹក​ជា​ពីរ​ប្រភេទ "ញី" និង "ឈ្មោល"។ ឪឡឹក​ឈ្មោល​រាង​ធំ​ហើយ​វែង​បន្តិច និង​មាន​ទឹក​ច្រើន។ ចំណែក​ឯ​ឪឡឹក​ញី​វិញ មាន​រាង​មូល ហើយ​មាន​រសជាតិ​ផ្អែម។

៦. មើល​ទៅ​លើ​ទំហំ ៖

មិន​គួរ​រើស​យក​ឪឡឹក​ធំ​ពេក​ឬ​តូច​ពេក​ទេ គួរ​រើស​យក​ទំហំ​ល្មម​ហើយ​ស៊ី​នឹង​ទម្ងន់​របស់​វា។

​សម្រាប់​ឪឡឹក​​​របស់​ អ្នក​ខេត្ត​ព្រៃ​វែង​ខាង​លើ​ គឺ​យក​មក​ពី​​ឧត្តុង្គ​ ខេត្ត​កំពង់​ស្ពឺ ហើយ​លោក​យក​មក​លក់​ក្នុង​១​​ផ្លែ​ថ្លៃ​ ១៥០០​រៀល។ ១​ថ្ងៃ លោក សាយ​​អាច​លក់​បាន​ពី​ ៣០០​ទៅ ៤០០​ផ្លែ។

ចំពោះ​ដំណាំ​ឪឡឹក​ អ្នក​ខេត្ត​ព្រៃ​វែង​រូប​នោះ​ ប្រាប់​ថា រដូវ​វស្សា​គេ​អាច​ដាំ​វា​​​បាន​ផល​​​រហូត​ នៅ​តាម​តំបន់​ព្រៃ​ភ្នំ នៅ​រដូវ​ប្រាំង​ចាប់​ពី​ខែ​​ មករា​ទៅ គេ​អាច​​ដាំ​វា​តាម​វាល​ស្រែ ក្បែរ​ៗ​ប្រភព​ទឹក​។

អត្ថបទ៖ មាន រតនា

អត្ថបទថ្មី