ស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ អនុភាព ១០ មេហ្គាវ៉ាត់ បានបើកសម្ពោធនៅខេត្តពោធិ៍សាត់

  • 2025-08-11 08:39:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនកម្ពុជា និងជប៉ុន បានសហការគ្នាលើគម្រោងវិនិយោគស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យ អនុភាព ១០ មេហ្គាវ៉ាត់ និងប្រព័ន្ធស្ដុកថាមពលទំហំ ៣ មេហ្គាវ៉ាត់ ស្ថិតនៅខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់អោយដំណើរការ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាមួយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។

ស្ថានីយ៍ថាមពលដំណើរដោយពន្លឺព្រះអាទិត្យនេះ ត្រូវបានសហការវិនិយោគសាងសង់ដោយក្រុមហ៊ុន Chugoku Electric Power របស់ជប៉ុន ជាមួយក្រុមហ៊ុន SchneiTec របស់កម្ពុជា ដែលមានអនុភាព ១០ មេហ្គាវ៉ាត់ និងរំពឹងថាអាចកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិក ទៅក្នុងបរិយាកាសបានប្រមាណ ៨ ពាន់តោនក្នុងមួយឆ្នាំ។

ឯកឧត្តម កែវ រតនៈ ក៏បានបញ្ជាក់ថា ស្ថានីយ៍អគ្គិសនីពន្លឺព្រះអាទិត្យ និងអាគុយអមនេះ គឺជាចំណែកតូចមួយ នៃគម្រោងអភិវឌ្ឍន៍ថាមពលស្អាតជាង ៥០០០ មេហ្គាវ៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងបញ្ចូលអគ្គិសនីទៅបណ្ដាញជាតិ ជាបន្ដបន្ទាប់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីកម្ពុជា។

ការវិនិយោគនេះ ក៏ឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជំរុញការវិនិយោគលើគ្រប់វិស័យពីជប៉ុន មកកម្ពុជា និងគាំទ្រដល់ទស្សនវិស័យរបស់សហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (Asia Zero Emission Community - AZEC) សម្រាប់កិច្ចសហប្រតិបត្តិការថាមពលស្អាត នៅក្នុងតំបន់ផងដែរ។

អត្ថបទ៖ Khong Phearum