ប្រាសាទចុងស្រុកខេត្តព្រៃវែង បង្កប់រឿងរ៉ាវចម្លែកច្រើន តែមិនសូវមានអ្នកស្គាល់
- 2016-12-08 09:13:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទចុងស្រុកខេត្តព្រៃវែង បង្កប់រឿងរ៉ាវចម្លែកច្រើន តែមិនសូវមានអ្នកស្គាល់
ចន្លោះមិនឃើញ
ប្រាសាទចុងស្រុក (អ្នកស្រុកហៅព្រៃដើមស្រុក ឬប្រធាតុ) ស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ប្រាសាទដ៏ចំណាស់មួយនេះ ធ្លាប់មានរឿងរ៉ាវចម្លែកជាច្រើនកើតឡើង ប៉ុន្តែមិនសូវមានអ្នកបានដឹង បានស្គាល់ឡើយ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងសភាពស្ងាត់ជ្រងំនៅថ្ងៃធម្មតា និងមានមនុស្សមួយចំនួនតូចបានទៅលេងនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ។
ប្រាសាទចុងស្រុក មានចម្ងាយប្រហែល ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។ ប្រាសាទនេះមានសភាពទ្រុឌទ្រោម បាក់បែក ធ្វើពីឥដ្ឋ និង ថ្មភក់ កសាងឡើងនៅសតវត្យរ៍ទី៧។ មានសមិទ្ធផលមួយចំនួន បានកសាងឡើងនៅទីនេះ ក្រោមការគ្រប់គ្រងរបស់ក្រសួងពាក់ព័ន្ធ និងមានបុរសចំណាស់ម្នាក់នៅមើលការខុសត្រូវ។
បុរសចំណាស់ឈ្មោះ ធី ដែលនៅមើលថែប្រាសាទចុងស្រុក បាននិយាយថា ដំបូងឡើយគ្មានអ្នកស្គាល់ប្រាសាទនេះទេ ហើយអ្នកបានឃើញតួប្រាសាទបែរនាំគ្នាគិតថាជាចេតិយទៅវិញ។ មនុស្សជាច្រើនបាននាំគ្នាយកសាកសព ទៅកប់ជុំវិញប្រាសាទ ព្រោះគិតថាជាកន្លែងកប់ខ្មោច។ នៅអំឡុងទសវត្សឆ្នាំ៩០ ប្អូនប្រុសរបស់លោក ដែលជឿជាក់លើតំបន់នេះថាស័ក្ដិសិទ្ធិ បានហៅលោកឲ្យមើលថែ រួចចាប់ផ្ដើមកសាងសមិទ្ធផលនានា និងហាមឃាត់លែងឲ្យគេកប់ខ្មោចតទៅទៀត។
បុរសចំណាស់បានបន្តថា ធ្លាប់មានរឿងរ៉ាវចម្លែកជាច្រើនបានកើតឡើងនៅប្រាសាទចុងស្រុកនេះ។ កាលអំឡុងឆ្នាំ២០០១ ពេលដែលកសាងសមិទ្ធផលបានមួយចំនួន លោកបានរៀបចំពិធីបុណ្យធំមួយ ដោយមានអ្នកស្រុកចូលរួមយ៉ាងច្រើន។ ពេលនោះ មានអភូតហេតុចម្លែកកើតឡើង គឺម៉ាស៊ីនដែលកំពុងកំពុងឆេះស្រួល បែរជារកកល់ចង់រលត់ ឯមេឃប្រែជាខ្មៅខ្លាំង។
អ្នកស្រុកគ្រប់គ្នា បានមើលឃើញដងទង់ជាច្រើនមានពន្លឺហោះមកជិតស្រះទឹក។ មួយសន្ទុះធំទើបប្រែមកជាធម្មតាវិញ។ ដោយសារលោកគិតថាមានព្រលឹងនៅវិលវល់ ទើបសម្រេចចិត្តកសាងរូបសំពៅមួយ នៅទល់មុខប្រាសាទ ដើម្បីចម្លងព្រលឹងទាំងនោះ។ សព្វថ្ងៃ រូបសំពៅនោះ បានក្លាយជាកន្លែងបន់ស្រន់របស់អ្នកស្រុកផងដែរ។
លោក ធី បានរៀបរាប់ទៀតថា ប្រាសាទចុងស្រុកហាក់ដូចជាបារមីថែរក្សា ព្រោះល្បីថា កាលសម័យសង្គ្រាម មានគេចង់កម្ទេចប្រាសាទនេះចោល។ ពេលនោះ គេបានព្យាយាមកាត់ដើមឈើធំមួយ ឲ្យរលំទៅលើប្រាសាទ ប៉ុន្តែរៀបនឹងរលំ បែរជាមានប្រចៀវមួយហ្វូងធំ ហើរជុំវិញដើមឈើ ៣ជុំ ធ្វើឲ្យដើមឈើនោះ ប្ដូរទិសរលំខុសប្រាង្គប្រាសាទវិញ។
សមិទ្ធផលទាំងអស់នៅប្រាសាទចុងស្រុក បានមកពីការជួយឧបត្ថម្ភរបស់អ្នកមានជំនឿ និងអ្នកមានចិត្តបុណ្យជួយ។ លោក ធី បានប្រាប់ថា កាលពីប៉ុន្មានឆ្នាំមុន មានអ្នកបួសម្នាក់បានដើរតាំងពីភ្នំឧត្តុង្គទៅសុំសម្រាកនៅប្រាសាទចុងស្រុក។ ពេលនោះ លោកបាននិយាយប្រាប់ថា ចង់ស្ដារស្រះទឹក២ មុខប្រាសាទ ហើយអ្នកបួសនោះក៏មិនបានឆ្លើយតបអ្វីដែរ។ ក្រោយពេលលាចាកសិក្ខាបទ អ្នកបួសនោះបានទៅជួយស្ដារស្រះទឹកទាំង២ ធ្វើឲ្យលោកនឹងស្មានមិនដល់ថាគេជាអ្នកមានយ៉ាងនេះឡើយ៕