ចេតិយ​​ព្រះ​នាង​ក្រពុំ​ឈូក​ ​ល្បី​ស័ក្ដិសិទ្ធិ​ សម្តេច​សីហនុ​ ​ធ្លាប់​បន់​ស្រន់​ទទួល​បាន​ឯករាជ្យ

  • 2016-12-10 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​រាជ​ចេតិយ​ ​ព្រះ​នាង​វរភ័ក្ត្រ​ ​ឬ ព្រះ​នាង​​ក្រពុំ​ឈូក​ ​ដែល​​ស្ថិត​នៅ​ក្នុង​វត្ត​សសរ​១០០​ ​នា​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ ​ក្នុង​ឃុំ​សំបូរ ស្រុក​សំបូរ ​ខេត្ត​ក្រចេះ​ ​ល្បី​ល្បាញ​ថា ​​ពូកែ​ស័ក្ដិសិទ្ធិ​ណាស់​ សូម្បី​​អតីត​ព្រះ​មហា​វីរក្សត្រ ⁣ព្រះ​បរម​រតន​កោដ្ឋ⁣⁣⁣⁣ ព្រះ​ករុណា​ព្រះ​បាទ⁣ សម្ដេច​ព្រះ​នរោត្តម សីហនុ ក៏​ធ្លាប់​​យាង​ទៅ​​បន់​ស្រន់​ទី​នោះ​​ ​សុំ​ឲ្យ​កម្ពុជា​ ទទួល​បាន​ឯករាជ្យ​ពី​បារាំង បាន​សម្រេច​នៅ​ឆ្នាំ​​១៩៥៣​ផង​ដែរ។

ព្រះ​រាជ​ចេតិយ​ ​ព្រះ​នាង​វរភ័ក្ត្រ​ ​ឬ ព្រះ​នាង​​ក្រពុំ​ឈូក

លោក​តា​អាចារ្យ ​អ៊ុយ គីមហូន​​ នៅ​វត្ត​សសរ​១០០​ ​​បាន​ប្រាប់​ក្រុម​ការងារ​​ «ផ្លូវ​ទៅ​ស្រុក» ​ថា ក្នុង​សម័យ​កាល​អា​ណា​ព្យាបាល​បារាំង ចន្លោះ​ឆ្នាំ​១៨៦៣​ ដល់​ឆ្នាំ​១៩៥៣ សម្ដេច​ព្រះ នរោត្តម សីហនុ ធ្លាប់​​យាង​​ទៅ​បន់​ស្រន់​នៅ​ព្រះ​រាជ​​ចេតិយ​​នេះ​ ដើម្បី​សុំ​ឲ្យ​​ប្រទេស​កម្ពុជា​ រួច​ផុត​ពី​អាណានិគម​បារាំង​ ​ហើយ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ​ក្រោម​ព្រះ​រាជ​បូជនីយកិច្ច​ ទាមទារ​ឯករាជ្យ​​របស់​ព្រះ​អង្គ​ ពិត​ជា​ទទួល​បាន​ជោគជ័យ​ដ៏​ធំ​ធេង ជា​ប្រវត្តិសាស្ត្រ​​មែន។

“ក្រោយ​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​ហើយ​ សម្ដេច​សីហនុ ​ក៏​​មិន​​ភ្លេច​​មក​លា​បំណន់​​ចេតិយ​នេះ​ដែរ។ ព្រះ​អង្គ​បាន​មក​ជួយ​ស្ថាបនា​ចេតិយ​នេះ​ជា​ថ្មី ​និង​សម្ពោធ​នៅ​ឆ្នាំ​១៩៥៦។ ​បន្ទាប់​ពី​​​​​របប​ ប៉ុល ពត​ ព្រះ​វិហារ​សសរ​១០០ និង​ចេតិយ​ព្រះ​នាង​ក្រពុំ​ឈូក​ ​បាន​ខូច​ខាត​យ៉ាង​ខ្លាំង ហើយ​ក្រោយ​មក​ទើប​​ព្រះ​គ្រូ​ចៅ​អធិការ ​ពុទ្ធ​បរិស័ទ ​​ព្រម​ទាំង​ការ​ជួយ​​ជ្រោមជ្រែង​ពី​រាជ​រដ្ឋាភិបាល ​បាន​កសាង​ជា​ថ្មី​ទៀត​ ​និង​ដាក់​សម្ពោធ​​​បញ្ចុះ​សីមា នៅ​​ឆ្នាំ​១៩៩៧”។ ​​តា​អាចារ្យ​ វ័យ​៧១​​ឆ្នាំ បាន​បញ្ជាក់។

ចេតិយ​ព្រះ​នាង​ក្រពុំ​ឈូក​ ​​ត្រូវ​បាន​ព្រះ​បាទ​អង្គ​ចន្ទ​​រាជា (បិតា​របស់​ព្រះ​នាង) ​កសាង​ឡើង​នៅ​ឆ្នាំ​១៥២៩ ​ហើយ​ព្រះ​រាជ​ចេតិយ​នេះ​​ក្រោយ​មក ក៏​មាន​បញ្ចុះ​​ព្រះ​រាជ​អដ្ឋិធាតុ​ព្រះ​សត្ថា​ទី​១ ព្រះ​ជ័យ​ជេដ្ឋា​ទី​១ ​ព្រះ​រាជ​សំភារ​ចៅ​ព​ញាតូ ព្រះ​នាង​ព្រះ​ម៉ែ​យួ​បុប្ភាវតី និង​ព្រះ​ធាតុ​ ព្រះ​រាជ​​វង្សានុវង្ស​ជា​ច្រើន​អង្គ​ទៀត៕

ព្រះវិហារវត្តសសរ​១០០​

អត្ថបទ៖ វិន ជីវ័ន្ត​