Ducati បង្ហាញម៉ូតូថ្មី ៥ ម៉ូដែលតម្លៃមិនក្រោមម៉ឺនដុល្លារ ក្នុងគម្រប់ខួប ១ ឆ្នាំ
- 2016-12-11 04:09:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ducati បង្ហាញម៉ូតូថ្មី ៥ ម៉ូដែលតម្លៃមិនក្រោមម៉ឺនដុល្លារ ក្នុងគម្រប់ខួប ១ ឆ្នាំ
ចន្លោះមិនឃើញ
ក្នុងគម្រប់ខួបមួយឆ្នាំ ម៉ូតូប្រេនលំដាប់កំពូលរបស់អ៊ីតាលី Ducati បានបង្ហាញម៉ូតូស៊េរីថ្មី ៥ ម៉ូដែលទៀត ជាការបន្ថែមសម្រាប់អតិថិជនកម្ពុជាដែលគាំទ្រម៉ូតូស៊ីម៉ាករបស់អ៊ីតាលីនេះ។
ម៉ូដែលដំបូងគឺ Scrambler Ducati Full Throttle។ ម៉ូដែលនេះ បានរចនាសន្ទះកង់ខ្លីជាងមុន និងដៃចង្កូតងាយស្រួលសម្រាប់បើកបរលើផ្លូវប្រណាំង។ នៅលើធុងសាំងរំលេចពណ៌ខ្មៅគ្រិបបង្កប់នូវភាពទាក់ទាញ រួមទាំងកែបអង្គុយយ៉ាងផាសុកភាពសម្រាប់អ្នកបើកបរ។
វាក៏ត្រូវបានបំពាក់ជាមួយប្រព័ន្ធស៊ីម៉ាំង Termignoni រួមទាំងរបាំងការពារភក់ខាងមុខដែលជាលក្ខណៈពិសេសរបស់ Scrambler Ducati Full Throttle។ Scrambler Ducati Full Throttle តម្លៃ ១៦ ៣៨៨ ដុល្លារ។
ចំណែកម៉ូដែលថ្មីមួយទៀតគឺ Ducati Hypermotard 939។ វាដំណើរការជាមួយម៉ាស៊ីន Testastretta ១១៣ សេសេ និងមានបំពាក់បច្ចេកវិទ្យា Riding Mode, Power Modes។ ក្រៅពីនេះក៏មានបំពាក់ប្រព័ន្ធហ្រ្វាំង ABS និង Traction Control ដែលផ្តល់សុវត្ថិភាពសម្រាប់ការធ្វេីដំណេីរ។
តម្លៃរបស់ Ducati Hypermotard 939 ២០ ១៨៨ ដុល្លារ។
រីឯ Ducati Superbike 959 Panigale ក៏ជាម៉ូដែលថ្មីសន្លាងមួយទៀតរបស់ Ducati។ Ducati Superbike 959 Panigale ការផលិតផ្តោតសំខាន់លើម៉ាស៊ីននិងការឌីហ្សាញរូបរាង។ វាបានកែប្រែការរចនាលើសាក់ស៊ី និងឈ្នាន់ថ្មី រួមទាំងការអភិវឌ្ឍលើម៉ាស៊ីនរហូតដល់ ៩៥៩ សេសេ។ តួត្រូវបានកែលម្អបញ្ចូលជាមួយស៊ុម monocoque រួមជាមួយបូមម៉ូតូដែលអាចសារ៉េបាន។ ក្រៅពីនោះផ្នែកខាងមុខក៏មានឌីហ្សាញមានភាពទាក់ទាញបើធៀបម៉ូដែលដទៃទៀត។
Ducati Superbike 959 Panigale តម្លៃ ២៥ ៩៨៨ ដុល្លារ។
Ducati Xdiavel S ក៏ជាម៉ូតូស៊េរីថ្មីមួយទៀតដែល Ducati យកទៅបង្ហាញកាលពីរសៀលម្សិលមិញនេះ។ Ducati Xdiavel S ប្រើប្រាស់ខ្សែពានសម្រាប់ដំណើរការ។ វាបានបង្កើតកម្លាំងម៉ាស៊ីនដល់ ១២០០ សេស និងកម្លាំងរង្វិលជុំ 5000 RPM។ ឈ្នាន់ជើងរបស់វាអាចផ្លាស់ប្ដូរបាន ៤ ទីតាំង និងកៅអីអ្នកបើកបរក៏អាចផ្លាស់ប្ដូរបាន ៥ ទីតាំង រួមដៃចង្កូតអាចសឺរ៉េបាន ៣ ដង ដែលការផ្សំបញ្ចូលគ្នាអាចផ្លាស់ប្ដូររហូតដល់ ៦០ ទម្រង់។
លក្ខណៈពិសេសរបស់ម៉ូតូនេះអាចជ្រេរហូតមុំ ៤០ ដឺក្រេដែលជាចំណុចទាក់ទាញការចាប់អារម្មណ៍អតិថិជន។
Xdiavel S ត្រូវបានគេហៅថាជាស្តេចម៉ូតូរបស់ Ducati។ តម្លៃរបស់ Xdiavel S ៣៨ ២៨៨ ដុល្លារ។
ចំណែកម៉ូដែលចុងក្រោយគឺ Ducati Multistrada 1200 Enduro។ វាជាម៉ូតូសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងឆ្លងទ្វីប។ វាអាចជិះធ្វើដំណើរបានឆ្ងាយជាង ៥០០ គីឡូម៉ែត្រជាមួយចំណុះធុងសាំង ៣០ លីត្រ។ ម៉ូតូនេះប្រើប្រាស់យ៉ាន់កង់មុខទំហំ ១៩ អ៊ីង និងកាំរាយនិងជុំកង់ប្រវែង ២០០ មីលីម៉ែត្រ បើទោះបីធ្វើចម្ងាយឆ្ងាយយ៉ាងណាក៏គ្មានការបារម្ភ។
Ducati Multistrada 1200 Enduro តម្លៃ ៣៤ ៩៨៨ ដុល្លារ៕