ស្រា​ស​រមាសហែក​ល្បី​ខ្លាំង​ដុត​ឆេះ ជាតិ​អាល់កុល​លើស​ស្រាបៀ​ជាង ១០​ដង

  • 2016-12-14 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រុក​រមាសហែក ជា​កន្លែង​ដែល​ល្បី​ថា​បិត​ស្រា​ស​ឆ្ងាញ់ និង​ខ្លាំង​រហូត​អាច​ដុត​ឆេះ ព្រោះ​មាន​ជាតិ​អាល់កុល​ដល់​ទៅ ៥៥% លើស​ស្រាបៀ​ធម្មតា​ជាង ១០​ដង ដែល​មាន​​កម្រិត​ជាតិ​អាល់កុល​ជា​មធ្យម ៤.៥%។ ដោយសារ​បែប​នេះ​ហើយ ទើប​មាន​អ្នក​ទៅ​ទិញ​ហូរហែ​ទាំង​ភ្នំពេញ បាវិត ធ្លាយ​ដល់​ប្រទេស​វៀតណាម​ផង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី ឡឹក រិះ ជា​អ្នក​បិត​ស្រា​នៅ​ភូមិ​សំរោង ឃុំ​អង្គ​ព្រះស្រែ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។

អ្នក​ស្រី ឡឹក រិះ បាន​ប្រាប់​ក្រុម​ការងារ ផ្លូវ​ទៅ​ស្រុក ថា ស្រា​ដែល​កំពុង​បិត​រាល់​ថ្ងៃ​មាន ៣​ប្រភេទ គឺ​តម្លៃ ២​ពាន់​រៀល ៣​ពាន់​រៀល និង ៥​ពាន់​រៀល។ ចំពោះ​បរិមាណ​ដែល​បិត​បាន​ពី​អង្ករ​មួយ​តៅ គឺ ១៨​លីត្រ​សម្រាប់​តម្លៃ ២ពាន់​រៀល ១៣​លីត្រ​សម្រាប់​តម្លៃ ៣​ពាន់​រៀល និង​បាន​ត្រឹម ៨លីត្រ​ប៉ុណ្ណោះ​សម្រាប់​តម្លៃ ៥​ពាន់​រៀល។

អ្នក​បិត​ស្រា​នៅ​ស្រុក​រមាស​ហែក​រូប​នេះ បាន​និយាយ​ថា ចំពោះ​ស្រា​ដែល​មាន​កម្រិត​ជាតិ​អាល់កុល​ចាប់​ពី ៥០​% ឡើង​ទៅ គឺ​អាច​ដុត​ឆេះ​ហើយ ប៉ុន្តែ​ស្រា​ដែល​អ្នក​ស្រី​បិត​ខ្លាំង​បំផុត មាន​ជាតិ​អាល់កុល​ដល់​ទៅ ៥៥%។ ចំពោះ​ស្រា​លំដាប់​ទី២ តម្លៃ ៣ពាន់​រៀល មាន​ជាតិ​អាល់កុល ៤៥% និង​លំដាប់​ទី៣ តម្លៃ ២​ពាន់​រៀល មាន​ជាតិ​អាល់កុល ៣៨%។ ​​​​​

អ្នក​ស្រី​បាន​បន្ត​ថា រយៈ​ពេល​បិត​គឺ ៥​ថ្ងៃ ដោយ​ក្នុង​នោះ​ត្រូវ​ដាំ​បាយ ផ្អាប់​ទុក ៤​យប់ ទើប​ដាក់​ឆ្នាំង​បិត​ចេញ​ជា​ស្រា។ រាល់​ថ្ងៃ ស្រា​ដែល​លក់​ដាច់​ខ្លាំង មាន​តែ​ប្រភេទ​តម្លៃ ២​ពាន់​រៀល​ប៉ុណ្ណោះ ព្រោះ​ស្រា​ដែល​បិត​ខ្លាំង មិន​សូវ​មាន​អ្នក​អាច​ផឹក​បាន លុះ​ត្រា​តែ​ទិញ​យក​ទៅ​ត្រាំ​លាយ​ជា​មួយ​ថ្នាំ ឬ​ផ្លែឈើ​ជា​ដើម៕

ទស្សនា​វីដេអូ៖

អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី