តម្បាញ​កន្ទេល​ក្រហម​អ្នក​ភូមិ​កោះទាវ នៅតែ​ធ្វើ ទោះ​បាន​កម្រៃ​តិច​

  • 2016-12-17 04:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្បាញ​កន្ទេល​ក្រហម​ជា​របរ​ប្រពៃណី​មួយ​របស់​ភូមិ​កោះទាវ ឃុំ​សំពៅ​ពូន​ដែល​ស្ថិត​នៅ​ជាយ​ដែន​ស្រុកកោះធំ ខេត្ដ​កណ្ដាល​ជិត​ព្រំប្រទល់​វៀតណាម ។

លោកតា គក យន់ អាយុ៧៩ឆ្នាំ នៅតែ​ប្រកប​ការងារ​តម្បាញ​នេះ​ជាមួយ​ប្រពន្ធ​គាត់​គឺ​អ៊ុំស្រី លីវ យី ក្រោម​ផ្ទះ​ចំណាស់​មួយ ។ ស្រ្តី​វ័យ ៦៦ឆ្នាំ ឈ្មោះ លីវ យី បាន​ប្រាប់ថា គាត់​ត្បាញ​កន្ទេល​ក្រហម​នៅ​ភូមិកោះទាវ​នេះ តាំងពីអាយុ ១៥ឆ្នាំមកម្លេះ ។

អ៊ុំស្រី យី បាន​រៀបរាប់​ថា តម្បាញ​កន្ទេល​ក្រហម​មាន​ដំណាក់​ច្រើន​ហើយ​ប្រើ​រយៈពេល​យូរ មិន​ចាញ់​តម្បាញ​ហូល​ឡើយ ។

ដំបូង​គេ​យក​កូន​កក់​មូល​ទៅ​ស្ទូង​នៅ​ក្នុង​ដីស្រែ​ដែលធ្លាប់​លិចទឹក ឬ​ដី​ទំនាប​អូរ​ដូចជា​ស្ទូង​ស្រូវ​អញ្ចឹង​ដែរ។ រយៈពេល ៣ ខែក្រោយ​ទើប​សន្ទូង​ដើម​កក់មូល​នោះ​លូតលាស់​បាន​ប្រវែង​ ១​ម៉ែត​កន្លះ ទៅ ១.៦ ម៉ែត្រ​ទើប​គេ​កាប់​យក​មក​ឆូត​ហាល ។ ដើម​កក់​មូល​មួយ​ដើម​អាច​ឆូត​បាន ៣ទៅ៤សសៃ ។ ​គេ​ហាល​សសៃ​កក់ឲ្យ​ស្ងួត រួច​យកវា​ទៅ​ជ្រលក់​ពណ៌ ដែល​មាន​ដូចជា ខៀវ លឿង បៃតង និង​ក្រហម​ជាដើម ។ ពួកគាត់​ត្រូវ​ដាំដើម​ក្រចៅ​នៅជិតដើម​កក់​មូល​នោះ​ទៀត ដើម្បី​យក​វា​ធ្វើជា​ខ្សែ​កន្ទេល ។

ងាក​មក​ការ​ត្បាញ​វិញ អ៊ុំស្រី បាន​និយាយ​ប្រាប់​ទៀត​ថា តម្បាញ​កន្ទេល​ក្រហម​មាន​ច្រើន​គោម​ដូចជា គោមហូល គោមផ្កាយ គោមផ្លិត គោមអក្សរ ជាដើម។​ប៉ុន្តែ​ភាគ​ច្រើន​អ្នក​ភូមិកោះទាវ​ត្បាញតែ​គោមផ្លិត ព្រោះ​វា​ងាយ​ស្រួល​លើក​គោម ។

កន្ទេល​ក្រហម​មាន​ធ្មេញ​ឈើ​ចាប់ពី ៩តឹក ទៅ ១ម៉ែត្រកន្លះ ហើយ​មាន​ប្រវែង ២ម៉ែត្រ ។ នៅ​ក្រោម​ផ្ទះ​ចំណាស់​នោះ ពួកគាត់​ត្បាញ​យ៉ាង​ញាប់​ដៃ​ ដោយ​អ៊ុំស្រី​ជាអ្នក​ចាក់​សសៃកក់​ឲ្យ​ត្រូវ​តាម​ពណ៌​តាម​គោម ឯស្វាមី ជា​អ្នក​គោះ​ធ្មេញ​ឈើ ។ បើ​ពួកគាត់​អង្គុយ​ត្បាញ​ជាប់ រយៈពេល ២ម៉ោងកន្លះ អាច​ត្បាញ​ហើយ​បាន​កន្ទេល​មួយ ។

អ៊ុំស្រី លីវ យី​ បានបញ្ជាក់ថា​ពួកគាត់​យក​សសៃ​កក់​ពី​ម្ចាស់​ឃ្លាំង​កន្ទេល​មក​ត្បាញ​ដោយ​បាន​តម្លៃប្រាក់​ឈ្នួល ១ម៉ឺនរៀល​ក្នុង​មួយកី ឬ​កន្ទេល ២ តែ​បើ​ពី​មុនពួកគាត់​ដាំកក់ និង​ឆូត​ហើយ​ជ្រលក់​ពណ៌​ដោយ​ខ្លួនឯង កន្ទេល​១​អាច​លក់​បាន​ក្នុង​តម្លៃ ២ម៉ឺន៥ពាន់  ទៅ ៣ម៉ឺនរៀល ។ បច្ចុប្បន្ន​ក្នុង ១ថ្ងៃ​ពួក​ត្បាញ​បាន​តែ​កន្ទេល ២ ពោល​គឺ​អាច​ទទួល​បាន​កម្រៃ ១ម៉ឺនរៀលក្នុង១ថ្ងៃ ដែល​អាច​ជួយ​ដោះស្រាយ​ជីវភាព​ពួកគាត់​បាន​ទោះបី​ជាកូនៗ​របស់​ពួកគាត់​នៅ​ឆ្ងាយ​ក៏ដោយ ។

លោក កុសល ជាម្ចាស់​ឃ្លាំង​កន្ទេល ដែល​ស្ថិត​នៅ​មុខ​វិទ្យាល័យ​ហ៊ុនសែន​សំពៅ​ពូន​បាន​ប្រាប់ថា លោក​ទទួល​ទិញ​សសៃ​កក់​ហាល​ស្ងួត​ពី​ប្រជាជន ដែលដាំនៅ​ក្នុងស្រុក ថ្លឹង​គិត​ជា​គីឡូក្រាម ។ លោក​ទិញ​យក​មកជ្រលក់​ពណ៌​ទុក​ឲ្យ​កូន​ឈ្នួល​របស់​គាត់​នៅ​ក្នុង​ភូមិ​យក​ទៅ​ត្បាញ​បន្ត ។ ត្បាញ​បាន​ហើយ​យក​ត្រលប់​មក​វិញ​ឲ្យ​គាត់​កាត់​ព្រុយ និង​ដេរ​ជាយ​ចេញ​ជាផលិតផល​សម្រេច ។

លោក កុសល​បាន​បន្តថា ​កន្ទេល​ក្រហម​កោះទាវ និង​កន្ទេល​ក្រហម​នៅ​ព្រែកតាមាក់​គុណភាព​ម៉្យាងម្នាក់។ ថ្វីត្បិត​របរនេះ​ចំណេញ​តិចមែន ប៉ុន្តែ​លោក​នៅតែ​ប្រកប ព្រោះខ្លាច​បាត់បង់​​ទោះបី​ជា​សម័យ​ទំនើប​មាន​ម៉ាស៊ីន​ត្បាញ​ស្វ័យ​ប្រវត្តិ​ក៏ដោយ ៕

អត្ថបទ ៖ ថន ស៊ុយទ្រី 

អត្ថបទថ្មី