កសិករនៅវិហារសួគ៌នាំគ្នាប្ដូរមកដាំឈូក ល្បីថានាំចេញទៅចិន
- 2016-12-19 08:32:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កសិករនៅវិហារសួគ៌នាំគ្នាប្ដូរមកដាំឈូក ល្បីថានាំចេញទៅចិន
ចន្លោះមិនឃើញ
កសិករជាច្រើនគ្រួសារនៅឃុំវិហារសួគ៌ ខេត្តកណ្ដាល បាននាំគ្នាប្ដូរដីស្រែមកដាំឈូកជំនួសស្រូវនៅឆ្នាំ២០១៦ នេះ ដោយសារទិន្នផលស្រូវលក់មិនបានថ្លៃ គ្មានកម្រៃគ្រប់គ្រាន់ផ្គត់ផ្គង់ឆ្នាំងបាយ។ ចំពោះដំណាំឈូកនេះ ល្បីថានាំចេញទៅដល់ប្រទេសចិនតាមរយៈឈ្មួញវៀតណាម។
លោក ហៃ ឆៃហ៊ាង ជាកសិករនៅភូមិព្រៃលាក់ម្ចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឲ្យដឹងថា កាលពីឆ្នាំមុនដីស្រែនៅអមសងខាងផ្លូវសុទ្ធតែដំណាំស្រូវ ប៉ុន្តែឆ្នាំនេះ កសិករជាច្រើនគ្រួសារបានងាកមកដាំឈូកវិញ ព្រោះអាចបានកម្រៃខ្ពស់ ចំណេញច្រើន។
លោក ហ៊ាង បានបញ្ជាក់ថា ឈូកនេះមិនមែនដាំលក់ទាំងខ្ចីឡើយ គឺរង់ចាំដល់ទុំ ហាលឲ្យស្ងួតទើបលក់ចេញក្នុងតម្លៃ ១គីឡូក្រាមពី ៦៥០០ ទៅ ៨០០០រៀលតាមទីផ្សារឡើងចុះ។ កសិកររូបនេះ អះអាងថាមានឈ្មួញមកទិញដល់កន្លែង រួចលក់បន្តទៅឲ្យឈ្មួញវៀតណាមដឹកចេញតាមទូក។ បន្ទាប់មក ឈ្មួញវៀតណាមទាំងនោះ ធ្លាប់ប្រាប់លោកថា ពួកគេលក់ចេញបន្តទៅដល់ប្រទេសចិន ដែលគេអាចយកទៅធ្វើជាអាហារសម្រន់ ម្សៅ ឬថ្នាំផ្សេងផ្សេង។
បើទោះបីជាចំណេញច្រើន ប៉ុន្តែការដាំឈូកនេះ ប្រឈមហានិភ័យខ្ពស់ជាងការដាំស្រូវរាប់សិបដង។ លោក ហ៊ាង បានបញ្ជាក់ថា ប្រសិនបើមានជំងឺ ឬមានសត្វស៊ី នោះការខាតបង់អាចមានរហូតដល់ ២ពាន់ដុល្លារក្នុងមួយហិកតារ។ ប៉ុន្តែបើថែរក្សាបានល្អ បូករួមទាំងដីមានជីវជាតិល្អ ទិន្នផលឈូកក្នុងមួយហិកតារអាចបានចាប់ពី ២តោនឡើងត្រឹមរយៈពេល ៤ខែប៉ុណ្ណោះ ហើយអាចចំណេញបានប្រហែល ២ពាន់ដុល្លារជាមធ្យម៕