ឡុង លីម បារមី​កាន់​ចេះ​មើល​ជំងឺ ទាយ​ឃើញ​អនាគត ល្បី​ដល់​អាមេរិក

  • 2016-12-20 04:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី​ ឡុង លីម អ្នក​ថែរក្សា​ "ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ" តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥ ខេត្ត​កំពង់​ឆ្នាំង ក្រោយ​ពី​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ជា​សះស្បើយ​ពី​ជំងឺ​​ឡើង​វិញ ស្រាប់​តែ​ក្លាយ​ជា​អ្នក​ចេះ​ទស្សន៍ទាយ​អនាគត មើល​ជំងឺ ព្រោះ​តែ​មាន​បារមី​កាន់​​ និង​អ្នក​​តាម​ថែរក្សា​ផ្លូវ​ក្នុង​ ហើយ​ជំនឿ​នេះ​បាន​ល្បី​តៗ​គ្នា​រហូត​ដល់​អាមេរិក​​ក៏​មក​ទាយ​ផង​ដែរ។​

*ផ្ទះ​របស់​អ្នក​ស្រី ឡុង លីម ក្បែរ​​ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥ ចន្លោះ​ផ្លូវ​រវាង​ខេត្ត​កំពង់​ឆ្នាំង និង ខេត្តពោធិ៍សាត់*

ស្ត្រី​វ័យ ៥០ឆ្នាំ​ជាង មាន​កូន​ពីរ​នាក់ រស់​នៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង បាន​អះអាង​ថា កាល​ពី​ ១០​ឆ្នាំ​មុន អ្នក​ស្រី​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​រសាប់រសល់ គេង​មិន​លក់​ អស់​រយៈពេល​ ១ខែ​ពេញ។ "ខ្ញុំ​ចេះ​តែ​ងើប​វិល​មុខៗ ហើយ​គេ​ងអត់​លក់​ទេ រួច​ប្ដី​ខ្ញុំ​នាំ​ទៅ​ពេទ្យ​ស្រុក​ ប៉ុន្ដែ​មុន​ទៅ​ពេទ្យ​មាន​អ្នក​ជិត​ខាង​ប្រាប់​ថា ជំងឺ​ហ្នឹង​គួរ​តែ​ទៅ​រក​គ្រូ​ខ្មែរ​មើល​ទៅ​ល្អ​ជាង អីចឹង​ខ្ញុំ​ក៏​ប្រាប់​ប្ដី​ឲ្យ​ឈាង​ចូល​មើល​គ្រូខ្មែរ​សិន​ទៅ។ ពេល​ជួប​គ្រូ​ខ្មែរ​ គ្រូ​ដែល​ចេះ​ទាយ​ចេះ​មើល​នោះ​ប្រាប់​ថា អ្នក​មីង​រក​ពេទ្យ​មើល​មិន​ជា​ទេ ព្រោះ​មាន​បារមី​កាន់"។

*អ្នកស្រី ឡុង លីម កំពុង​ធ្វើ​ពិធី​បួងសួង​ឲ្យបារមី​ចូល​សន្ថិត​ខ្លួន ដើម្បី​ទស្សន៍ទាយ​ និង​ព្យាបាល​ជំងឺ*

គ្រាន់តែ​គ្រូ​ខ្មែរ​និយាយ​ដូច​ការ​រៀបរាប់​ខាង​លើ ប្ដី​អ្នកស្រី ឡុង លីម បាន​ឆ្លើយ​តប​វិញ​ថា "មនុស្ស​ឈឺ​ពឹង​ពេទ្យ​ បើ​មើល​មិន​ជា​មាន​តែ​ងាប់។ តែ​គ្រូ​ខ្មែរ​ក៏​បាន​ប្រាប់​វិញ​ថា បើ​មិន​ជឿ​ចង់​ឈ្នះ លក់​ផ្ទះ​ លក់​គោ​អស់ ក៏​មើល​មិន​ជា​ដែរ"។ មិន​ប្រតិកម្ម​នឹង​គ្រូ​ខ្មែរ ប្ដី​អ្នកស្រី ឡុង លីម ក៏​បាន​យល់ព្រម ហើយ​ពោល​ថា បើ​អញ្ចឹង​ធ្វើ​ម៉េច​ក៏​បាន​ឲ្យ​តែ​ប្រពន្ធ​ខ្ញុំ​ជា​ខ្ញុំ​ព្រម​ធ្វើ​តាម។

នៅ​ពេល​មក​ដល់​ផ្ទះ​វិញ អ្នកស្រី ឡុង លីម បាន​អុច​ធូប​ ៥សរសៃ​ បួង​សួង ហើយ​បាន​និយាយ​ថា ប្រសិន​បើ​តួអង្គ​ខ្លាំង មាន​បារមី​ដែល​ខ្ញុំ​មិន​ឲ្យ​កាន់​ពី​មុន ឥឡូវ​ខ្ញុំ​ព្រម​ឲ្យ​កាន់​ហើយ​ ឲ្យ​តែ​ខ្ញុំ​ជា​ទៅ ខ្ញុំ​សច្ចា​អស់​១ធូប​ បើ​១ធូប​ហ្នឹង​អស់​ខ្ញុំ​ជា ខ្ញុំ​មាន​កម្លាំង​ ខ្ញុំ​ដេក​លក់​ នោះ​ខ្ញុំ​ជឿ​ ខ្ញុំ​នឹង​រៀប​ចំ​ថ្វាយ​ជូន។ ស្រាប់​តែ​អស់​មួយ​ធូប​ភ្លាម រោគសញ្ញា​ល្ហិតល្ហៃ​ ឧស្សាហ៍​វិលមុខ និង អាការៈ​ដេក​មិន​លក់​ចាប់​ផ្ដើម​ធូរ​ស្បើយ​ ហើយ​ពេញ​មួយ​យប់​ អ្នកស្រី ឡុង លីម​ បាន​សម្រាក​លង់លក់​ក្នុង​ដំណេក។

ស្អែក​ឡើង​អ្នកស្រី ឡុង លីម មាន​កម្លាំង អាការៈ​ធូរ​ស្បើយ ហើយ​អាច​ទៅ​ដក​ស្ទូង​បាន​ ចាប់​ពី​ពេល​នោះ​មក​អ្នកស្រី ឡុង លីម បាន​ជឿ​លើ​ការ​បួងសួង​ដោយ​ខ្លួន​ឯង។

ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក​ អ្នកស្រី ឡុង លីម និង ស្វាមី​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ដោយ​ឡាន​បើក​បុក​បាក់​ត្រកៀក ហើយ​ត្រូវ​ដេក​ជាច្រើន​ខែ និង បាន​ទៅ​ព្យាបាល​គ្រូ​ខ្មែរ​ល្បី​ៗ​ក៏​មិន​ជា​ដែរ។ ដូច្នេះ​ហើយ​ក្រុម​គ្រួសារ​ បាន​សម្រេច​គ្រោង​នាំ​យក​ទៅ​ព្យាបាល​នៅ​ពេទ្យ​បាត់​ដំបង។

“ខ្ញុំ​ខ្លាច​ពេទ្យ​ណាស់​ក្មួយ​អើយ! មក​ដល់​អាយុ​ជាង ៥០​សិប​ហើយ​ ខ្ញុំ​មិន​ដែល​ស្គាល់​ម្ជុល​ផង ខ្ញុំ​ខ្លាច​ម្ជុល ខ្ញុំ​ភ័យ​ញ័រ​អស់​ខ្លួន​ព្រោះ​ខ្លាច​ពេទ្យ ប៉ុន្ដែ​ខ្ញុំ​នឹក​រលឹក​ដល់​ការ​បួង​សួង​​ថា គុណ​មាតា បិតា ឋាន​លើ​ជួយ​ទូល​ព្រះ​បង្គំ​ខ្ញុំ​ផង សូម​ព្រះ​អយ្យកោ អយ្យកា ជួយ​ខ្ញុំ​ម្ចាស់ ព្រោះ​ខ្ញុំ​គ្មាន​អ្នក​ថែ សូម​ឲ្យ​ខ្ញុំ​ជា​ពី​ជំងឺ​នេះ​ផង។ ស្រាប់​តែ​នៅ​ម៉ោង ១២ យប់​ មាន​គេ​មក​ជួយ​ខ្ញុំ​ភ្លាម ធ្វើ​ជា​តួអង្គ​ស្វាស។ មុន​ឃើញ​ស្វា​ស ខ្ញុំ​ឃើញ​ភ្លើង​រង្សី​ធំ​ណាស់​ហោះ​ចូល​ផ្ទះ​ខ្ញុំ ខ្ញុំ​ស្រែក​ហៅ​ប្ដី​ តែ​មិន​ឮ។ ដំបូង​ខ្ញុំ​ខ្លាច តែ​ក្រោយ​មក​បារមី​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​លែង​ខ្លាច ខ្ញុំ​ក៏​បួងសួង​ថា បើ​សិន​អស់​លោក​មក​ជួយ​ខ្ញុំ​ ឲ្យ​ខ្ញុំ​ជា​ទៅ​។ ដល់​ពេល​ភ្លឺ​ឡើង​ ខ្ញុំ​ប្រែ​ខ្លួន​រួច​​ខ្លួន​ឯង។ នៅ​យប់ថ្ងៃ​​ទី ២ ស្វាស នោះ​ បាន​មក​ប្រាប់​ខ្ញុំ​ទៀត​ថា ឈឺ​ប៉ុណ្ណឹង​កុំ​ភ័យ ម្ចាស់​បង ត្រឹមតែ ៧ថ្ងៃ​ជា​ហើយ។ មួយ​ថ្ងៃ​ខ្ញុំ​ជា​បន្តិច​ ៗ រហូត​ដល់ ៧ថ្ងៃ​​ខ្ញុំ​ជា​មែនទែន ខ្ញុំ​ក៏​ធ្វើ​អាសនៈ​ឲ្យ​ទៅ។

ស្ដាប់​ការរៀបរាប់​ពី​អ្នកស្រី ឡុង លីម ពី​ដើម​ហេតុ​បារមី​ចូលសន្ថិត​ខ្លួន និង​ចេះ​ទស្សន៍ទាយ

ស្ត្រី​ដែល​មាន​ផ្ទះ​ក្បែរ​ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ ខេត្ត​កំពង់​ឆ្នាំង បាន​បញ្ជាក់​ទៀត​ថា "ខ្ញុំ​ឃើញ​ស្វា​ស​ធំ​ គេ​មក​ជួយ​យើង គេ​មក​ជួយ​គក់ច្របាច់​កន្លែង​ខ្ញុំ​ឈឺ​ តែ​អ្នក​ផ្សេង​មើល​មិន​ឃើញ​ទេ តែ​ខ្ញុំ​មើល​ឃើញ គឺ​ឃើញ​ហ្នឹង​ភ្នែក​ស្រស់ មិនមែន​ជា​សុបិន រហូត​ខ្ញុំ​ជា​ពី​ជំងឺ និង ក្លាយ​ទៅ​ជា​អ្នក​មើល​ជំងឺ​ និង ចេះ​ទស្សន៍ទាយ។

ចាប់​តាំង​ពី​រៀប​ចំ​ជា​អាសនៈ​មាន​បាយសី ត្រឹមត្រូវ​មក​ អ្នកស្រី ឡុង លីម​ បាន​ក្លាយ​ទៅ​ជា​គ្រូ​ទស្សន៍ទាយ​ប្រចាំ​ភូមិ ហើយ​ចេះ​ព្យាបាល​ជំងឺ​តាម​រយៈ​ការ​សូត្រ​បាលី រហូត​ដល់​ល្បី​ពេញ​ភូមិ និង​មាន​គេ​ចេះ​តែ​មក​មើល​តៗ​គ្នា មាន​ទាំង​ខ្មែរ រហូត​ដល់​អ្នក​អាមេរិក​ក៏​មាន។

“ខ្ញុំ​ពេល​អត់​អុច​ធូប​បួងសួង ឲ្យ​បារមី​មក​ចូល​សន្ថិត​ បាលី​មួយ​ពាក្យ​ខ្ញុំ​ក៏​អត់​ចេះ​ដែរ តែ​ពេល​ខ្ញុំ​បួងសួង​ហើយ​ខ្ញុំ​ស្ងាប​បី​ដង នោះ​បារមី​ចូល​ហើយ ដូច្នេះ​អ្នក​ចង់​មើល​ពី​អនាគត និង​ព្យាបាល​ជំងឺ​និយាយ​ជាមួយ​បារមី​នោះ​ទៅ ពេល​នោះ​មិនមែន​ជា​ខ្ញុំ​ទៀត​ទេ ពេល​គេ​ចេញ​ទៅ​វិញ ខ្ញុំ​ក៏​អត់​ដឹង​អ្វី​ដែរ។" អ្នក​ស្រី ឡុង លីម និ​យាយា​បន្ថែម៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម