ព្រះ​អង្គ​ធំ​វត្ត​ព្រែក​អំបិល ល្បី​ថា​នៅ​បាត​ទន្លេ​ប៉ុន្តែ​ស្រង់​មិន​បាន

  • 2016-12-21 23:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​ល្បី​តៗ​គ្នា​ថា ព្រះ​អង្គ​ធំ​នៅ​វិហារ​ចាស់ ក្នុង​វត្ត​ព្រែក​អំបិល ត្រូវ​បាន​ខ្មែរ​ក្រហម​ច្រាន​ទម្លាក់​ទឹក ដោយ​សារ​មាន​ឫទ្ធិ​អំណាច​រហូត​វាយ​បំផ្លាញ​មិន​បាន។ សព្វ​ថ្ងៃ​មាន​តែ​ចាស់​ៗ​ប៉ុណ្ណោះ ដែល​ដឹង​រឿង​នេះ ហើយ​ក៏​ធ្លាប់​ធ្វើ​ពិធី​ស្រង់​ដែរ តែ​ព្រះ​អង្គ​មិន​បង្ហាញ​ឲ្យ​ឃើញ។

វិហារ​ចាស់​ក្នុង​វត្ត​ព្រែក​អំបិល

លោក ឡៅ ឡូ ជា​អាចារ្យ​ម្នាក់​នៅ​វត្ត​ព្រែក​អំបិល បាន​និយាយ​ថា រឿង​ល្បី​ត​គ្នា​ព្រះ​អង្គ​ធំ​ស្ថិត​នៅ​បាត​ទន្លេ​ជា​រឿង​ពិត។ លោក​ថា ព្រះ​អង្គ​ធំ​នៅ​វិហារ​ចាស់​ក្នុង​វត្ត​ព្រែក​អំបិល ត្រូវ​ខ្មែរក្រហម​ច្រាន​ទម្លាក់​ទឹក ព្រោះ​មិន​អាច​វាយ​បំផ្លាញ​ឲ្យ​បែក​ជា​បំណែក​បាន។ ផុត​សម័យ​ខ្មែរ​ក្រហម ទូក​ចាម​បាន​ជួយ​រាវរក​ដែរ ប៉ុន្តែ​មិន​ឃើញ ហើយ​ក្រោយ​មក​ក៏​មាន​ការ​បន់​ស្រន់ ៣​យប់ ៣​ថ្ងៃ​ដើម្បី​ស្រង់ ក៏​នៅ​តែ​មិន​ប្រទះ។ រឿងរ៉ាវ​នេះ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ ហើយ​ក៏​គ្មាន​អ្នក​រវល់​រក​ត​ទៅ​ទៀត ព្រោះ​គិត​ថា​រក​មិន​ឃើញ។

លោក ឡៅ ឡូ

ចំណែក​លោក​តា ពុយ នៅ ជា​ចាស់​ព្រឹទ្ធាចារ្យ​ម្នាក់​នៅ​ឃុំ​ព្រែក​អំបិល បាន​អះអាង​ថា ធ្លាប់​ប៉ះ​ចំ​ខ្នង​ព្រះ​អង្គ​ធំ​នៅ​ពេល​ងូត​ទឹក​ក្នុង​ទន្លេ ប៉ុន្តែ​មិន​ចាំ​ច្បាស់​នៅ​ឆ្នាំ​ណា​ឡើយ។ លោក​ថា រូប​សំណាក​ព្រះ​អង្គ​ធំ​នេះ​មាន​អំណាច​ណាស់ ទើប​ធ្វើ​ឲ្យ​ទាហាន​ខ្មែរ​ក្រហម​វាយ​មិន​បែក ហើយ​ច្រាន​ទម្លាក់​ទឹក។ យ៉ាង​ណា​ក្ដៅ លោក​តា ពុយ នៅ បាន​បញ្ជាក់​ថា​ធ្លាប់​ប៉ះ​រូប​សំណាក​នោះ​តែ​ម្ដង​គត់។

លោក​តា ពុយ នៅ

ព្រះ​អង្គ មាស សំណាង ចៅ​អធិការ​វត្ត​ព្រែក​អំបិល បាន​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​ធំ​នៅ​វត្ត​នេះ ពិត​ជា​ត្រូវ​ខ្មែរ​ក្រហម​ច្រាន​ទម្លាក់​ទឹក​មែន ព្រោះ​វាយ​បំបែក​មិន​បែក។ ប៉ុន្តែ​ចំពោះ​ទំហំ​ប៉ុណ្ណា ហើយ​រឿង​រ៉ាវ​យ៉ាង​ណា​នោះ ព្រះ​អង្គ​ក៏​មិន​ហ៊ាន​អះ​អាង​ច្បាស់​ដែរ ព្រោះ​កើត​មិន​ទាន់៕

ព្រះ​អង្គ មាស សំណាង
វិហារ​ថ្មី​ក្នុង​វត្ត​ព្រែក​អំបិល

អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី