ពាក្យស្រែៗ ឬស្រែង៉ោង ចាត់ទុកជាពាក្យមើលងាយអ្នកស្រែ គួរតែឈប់ប្រើ?
- 2016-12-23 08:19:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យស្រែៗ ឬស្រែង៉ោង ចាត់ទុកជាពាក្យមើលងាយអ្នកស្រែ គួរតែឈប់ប្រើ?
ចន្លោះមិនឃើញ
ពាក្យស្រែៗឬស្រែង៉ោង តែងឮចេញពីមាត់មនុស្សមួយចំនួនតែងនិយាយចំអន់គ្នា ឬបង្អាប់គ្នា ដូចជា"ធ្វើខ្លួនឡើងស្រែ អីក៏ស្រែម្ល៉េះ ងាប់ហើយឡើងស្រែង៉ោង" និងនៅមានពាក្យជាច្រើនទៀតដែលចង់បញ្ជាក់ថាមិនទាន់សម័យ មិនឡូយឆាយ មិនទំនើប តែងយកពាក្យស្រែៗ ឬឡើងស្រែនេះមកជំនួស។ តើហេតុអ្វីបានជាមនុស្សមួយចំនួនមិនរកពាក្យអ្វីមកជំនួសឱ្យពាក្យស្រែៗនេះមកនិយាយ ហើយការនិយាយពាក្យទាំងនេះចេញមកចាត់ទុកជាការមើលងាយដល់អ្នកស្រែទេ?
ឈន ប៊ុនឈឿន និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជាបានលើកឡើងថា "តាមពិតទៅអ្នកខ្លះពេលគេនិយាយចឹង គេមិនមានចិត្តមើលងាយអ្នកស្រែអីទេ គ្រាន់តែគេចង់និយាយថាឱ្យខ្លួនឯងមិនដឹងរឿងហ្នឹង តាមមិនទាន់ចំណេះដឹងហ្នឹង មិនទាន់យល់បច្ចេកវិទ្យាហ្នឹងអីជាដើម ដោយយកពាក្យស្រែៗនេះមកបង្អាប់ខ្លួនឯង ឬមិត្តភក្ដិ"។
ប៊ុនឈឿន និយាយទៀតថា "ខ្វះអីអ្នកខេត្តនិយាយពាក្យហ្នឹងដាក់ខ្លួនឯងតាហ្មង ការពិតទៅយើងគ្មានគំនិតស្អប់អីទេពេលនិយាយហ្នឹងគិតថាពាក្យវាខ្លីមិនចាំបាច់និយាយវែង ហើយវាមានលក្ខណ:បង្អាប់លេងសើចគ្នាឯង មិត្តភក្តិតែប៉ុណ្ណោះ "។ ប៊ុនឈឿន បញ្ជាក់ទៀតថា ពាក្យនេះមិនមែនជាការមើលងាយអ្នកស្រែអ្វីឡើយ។
ដោយឡែកសម្រាប់កញ្ញា ព្រំ វត្តី ជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយបានលើកឡើងផ្ទុយពីយុវជនខាងលើ កញ្ញានិយាយ "ចំពោះខ្ញុំពាក្យនេះគួរឈប់ប្រើតែម្ដងព្រោះជាពាក្យមើលងាយអ្នកស្រែខ្លាំង"។ "ហេតុអីពេលបង្អាប់គ្នា ឬចំអន់គ្នាតែងនិយាយថា ឡើងស្រែ អីក៏ស្រែម្ល៉េះ? និងពាក្យផ្សេងទៀតដែលគេយកមកបង្អាប់គ្នា ចឹងមានន័យថាអ្នកនឹងអន់ មិនទំនើប ធ្វើខ្លួនយ៉ាប់ មិនស្អាតដូចអ្នកក្រុងមែនទេ? ទើបយកពាក្យនេះមកនិយាយ"។
វត្តីបន្តទៀតថា មានពាក្យជាច្រើនទៀតជំនួសឱ្យពាក្យនេះ ដូចជា មិនស្អាតទេ មិនល្អទេ ឬពាក្យក្រៅពីនេះទៀត លើកលែងពាក្យស្រែៗនេះសូមកុំប្រើ។ ព្រោះអ្នកស្រែអ្នកក្រុងការរស់នៅម្យ៉ាងម្នាក់ មនុស្សដូចគ្នា រស់លើផែនដីតែមួយហេតុអ្វីយកពាក្យនេះមកប្រើ ក្នុងន័យប្រៀបធៀបរវាងអ្នកស្រែ និងអ្នកក្រុងធ្វើអី? ដូច្នេះគួររួមគ្នាឈប់ប្រើពាក្យនេះតទៅទៀតទៅ។
បន្ថែមលើចំណុចនេះទៀត អ្នកស្រី ឡោ គឹមស្រុន អ្នកលក់ដូរនៅផ្សារបឹងព្រលិត បានលើកឡើងស្រដៀង កញ្ញាវត្តី ដែរ អ្នកស្រីនិយាយថា "សម្រាប់ខ្ញុំពាក្យនេះមិនគួរប្រើទេ ហើយខ្ញុំមិនចូលចិត្តអ្នកនិយាយពាក្យនេះសោះ ព្រោះអ្នករាល់គ្នាសព្វថ្ងៃនេះបានអង្ករឯណាញ៉ាំ បើគ្មានអ្នកស្រែ"។ អ្នកស្រី បន្តទៀតថា "ឱ្យតែអ្នកណាមិនសូវស្អាត មិនសូវទាន់សម័យ មិនសូវដឹងរឿងច្រើន គេនិយាយថា អីក៏ស្រែម្ល៉េះ ចឹងមានន័យថាអ្នកស្រែនឹងអន់មែន? អ្នកស្រែហ្នឹងល្ងង់មែន? បាននាំគ្នាយកទៅប្រៀបធៀបជាមួយអ្នកស្រែ"។
អ្នកលក់ត្រីផ្សារបឹងព្រលិតរូបនេះ បន្តទៀតថា "យើងគ្រប់គ្នា ជាពិសេសអ្នកតែងនិយាយពាក្យនេះ គួរឈប់ប្រើទៅ មិនខ្វះពាក្យបង្អាប់ឬចំអន់គ្នាទេ ហើយមួយវិញទៀតអ្នកចូលចិត្តបង្អាប់អ្នកស្រែ ក៏គួរតែឈប់ទៅ ព្រោះអ្នកស្រែគ្មានខុសអី គ្មានអ្វីត្រូវស្អប់ខ្ពើមទេ មានតែការគោរពនិងដឹងគុណចំពោះពួកគាត់ដែលខំធ្វើស្រែបានស្រូវផ្គត់ផ្គង់មនុស្សគ្រប់គ្នាបានបរិភោគ"។
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរចំពោះពាក្យនេះ តើគួរឈប់ប្រើទេ?